លោកXi Ji​npingអំពា​វ​នាវឱ្យមាន​កិច្ចសហប្រតិប​ត្តិ​ការជាមួ​យសហ​រដ្ឋអា​មេរិកចំ​ពេលមា​នភាព​តា​នតឹង

ប្រធានាធិបតីចិនលោក Xi Jinping បានបង្ហាញពីបំណងចង់សហការជាមួយសហរដ្ឋអាមេរិក មុនពេលកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណែតជាមួយប្រធានាធិបតីJoeBidenដែលគ្រោងនឹងធ្វើឡើងនៅសប្តាហ៍ក្រោយ។ក្នុងលិខិតឯកអគ្គរដ្ឋទូតចិនប្រចាំនៅអាមេរិកQin Gangកាលពីថ្ងៃទី៩ខែវិច្ឆិកា នៅគណៈកម្មាធិការជាតិទទួលបន្ទុកអាហារពេលល្ងាចទំនាក់ទំនងអាមេរិក-ចិននៅទីក្រុងវ៉ាស៊ីនតោន ប្រធានាធិបតីចិនXiJinpingបាននិយាយថាទីក្រុងប៉េកាំងមានឆន្ទៈសហការជាមួយទីក្រុងវ៉ាស៊ីនតោនក្នុងកិច្ចការតំបន់និងពិភពលោក។លោក Xi Jinpingបានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការនៅក្នុងលិខិតនោះ ដោយបញ្ជាក់ថាប្រទេសចិនមានឆន្ទៈធ្វើការជាមួយសហរដ្ឋអាមេរិកដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមជាសាកលដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមកការរួមរស់ដោយសន្តិភាពនិងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។លោកXiបាននិយាយថាគោលបំណងនៃកិច្ចសហប្រតិបត្តិការគឺដើម្បីធ្វើឱ្យទំនាក់ទំនងចិន-អាមេរិកដែលជា “ទំនាក់ទំនងទ្វេរភាគីដ៏សំខាន់បំផុតមួយរបស់ពិភពលោក” ឱ្យត្រឡប់មករកផ្លូវវិញ។លោក Xi បាននិយាយថា “ទំនាក់ទំនងចិន-អាមេរិកគឺស្ថិតនៅក្នុងចំណុចប្រសព្វជាប្រវត្តិសាស្ត្រដ៏សំខាន់មួយ។ ប្រទេសទាំង២នឹងទទួលបានអត្ថប្រយោជន៍ពីកិច្ចសហប្រតិបត្តិការនិងទទួលរងការខាតបង់ពីការប្រឈមមុខគ្នា។ កិច្ចសហប្រតិបត្តិការគឺជាជម្រើសដ៏ត្រឹមត្រូវតែមួយគត់” លោក Xiបាននិយាយ។លោក Xi បាននិយាយថាប្រទេសចិននឹងធ្វើការជាមួយសហរដ្ឋអាមេរិកដើម្បីដោះស្រាយការខ្វែងគំនិតគ្នារវាងប្រទេសទាំង២ឱ្យបានត្រឹមត្រូវ ហើយដាក់ទំនាក់ទំនងទ្វេរភាគីឱ្យដើរលើផ្លូវត្រូវ។សម្រាប់ប្រធានាធិបតី Joe Biden បាននិយាយថា”ពីការឆ្លើយតបទៅនឹងជំងឺរាតត្បាតCovid-19 ដល់ការដោះស្រាយការគំរាមកំហែងដែលមានស្រាប់នៃវិបត្តិអាកាសធាតុទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនមានសារសំខាន់ជាសកល” ។លោក Bidenបានសង្កត់ធ្ងន់ថា”ការដោះស្រាយបញ្ហាប្រឈមទាំងនេះ និងចាប់យកឱកាសទាំងនេះទាមទារឱ្យសហគមន៍អន្តរជាតិធ្វើការរួមគ្នានៅពេលដែលយើងម្នាក់ៗធ្វើផ្នែករបស់យើង ដើម្បីកសាងអនាគតប្រកបដោយសុវត្ថិភាព សន្តិភាព និងនិរន្តរភាព” ។យោងតាមឯកអគ្គរដ្ឋទូត Qin Gang គោលនយោបាយរបស់ចិនចំពោះអាមេរិកគឺ”ខ្ពស់” ជាប់លាប់និងស្ថិរភាពហើយបានបញ្ជាក់ថា ភាគីចិនតែងតែយកចិត្តទុកដាក់ចំពោះផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជននៃប្រទេសទាំង២និងពិភពលោកទាំងមូល។ តាមទស្សនៈយុទ្ធសាស្ត្ររយៈពេលវែងភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិនបានបន្តកើនឡើងនៅលើមុខជាច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ជាពិសេសក្នុងបញ្ហាដូចជាតៃវ៉ាន់ សមុទ្រខាងកើត ស៊ីនជាំង ពាណិជ្ជកម្ម និងបច្ចេកវិទ្យា។មេដឹកនាំទាំង២បាននិយាយតាមទូរស័ព្ទ២ដងចាប់តាំងពីលោក Biden ចូលកាន់តំណែងក្នុងខែមករា។ ភាគីទាំង២បានយល់ព្រមរៀបចំកិច្ចប្រជុំកំពូលតាមអ៊ីនធឺណិតជាលើកដំបូងរបស់ពួកគេនៅចុងឆ្នាំនេះ។ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃទី៩ខែវិច្ឆិកាថា ជំនួបកំពូលនិម្មិតរបស់ប្រធានាធិបតី Joe Biden និងប្រធានាធិបតី Xi Jinping អាចនឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយបើទោះបីជាអាមេរិកនិងចិនមិនបានបញ្ជាក់ពីពេលវេលាពិតប្រាកដក៏ដោយ។អ្នកនាំពាក្យរងរបស់សេតវិមាន Karine Jean-Pierre កាលពីថ្ងៃទី៨ ខែវិច្ឆិកាបានរំលឹកឡើងវិញថាទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំងបានឈានដល់ “កិច្ចព្រមព្រៀងជាគោលការណ៍” ដើម្បីរៀបចំកិច្ចប្រជុំកំពូលតាមអ៊ីនធឺណិតមុនដំណាច់ឆ្នាំនេះ។Karine បាននិយាយថា”នេះគឺជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងបន្តរបស់យើងដើម្បីគ្រប់គ្រងការប្រកួតប្រជែងប្រកបដោយការទទួលខុសត្រូវរវាងប្រទេសទាំង២របស់យើង”។នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់លោកនៅថ្ងៃទី១០ខែវិច្ឆិកានៅទីក្រុងប៉េកាំងអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានផ្តល់ព័ត៌មានតិចតួចអំពីកិច្ចប្រជុំកំពូលនេះ។អ្នកនាំពាក្យរូបនេះបាននិយាយថា”បច្ចុប្បន្ននេះប្រទេសចិននិងសហរដ្ឋអាមេរិកកំពុងរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធលើការរៀបចំជាក់លាក់សម្រាប់កិច្ចប្រជុំរបស់ប្រមុខរដ្ឋទាំង២”៕យោងតាមReuters, China Daily

ប្រធានាធិបតីអាមេរិកJoeBiden(ធ្វេង)និងប្រធានាធិបតីចិនលោក Xi Jinping