កូរ៉េ​ខាង​​ជើង​និយាយ​ថា​ដំណើរ​​ទស្សនកិច្ច​រប​ស់​លោកស្រីPelosi​ទៅ​តៃវ៉ាន់​ជា​​រឿង​បង្ក​ហេតុ

គណបក្សពលករកូរ៉េបានផ្ញើ “លិខិតសាមគ្គីភាព”ទៅកាន់បក្សកុម្មុយនីស្តចិនដោយហៅដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ទៅកាន់កោះតៃវ៉ាន់ថា “បង្កហេតុ”។គណៈកម្មាធិការមជ្ឈិមនៃគណបក្សពលករកូរ៉េបានបញ្ជាក់នៅក្នុងលិខិតថាដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់របស់មន្ត្រីជាន់ខ្ពស់អាមេរិកបច្ចុប្បន្ន ទោះបីជាមានការជំទាស់យ៉ាងខ្លាំងពីប្រទេសចិននិងសហគមន៍អន្តរជាតិក៏ដោយគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសចិន។ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ KCNA ថ្ងៃនេះបានដកស្រង់ខ្លឹមសារនៃសំបុត្រដែលក្រុងព្យុងយ៉ាងផ្ញើទៅកាន់បក្សកុម្មុយនីស្តចិន ដើម្បី “បង្ហាញពីសាមគ្គីភាព” ។ក្នុង​លិខិត​នោះ គណបក្ស​ពលករ​កូរ៉េ​បាន​ហៅ​ដំណើរ​ទស្សនកិច្ច​ទៅ​កោះ​តៃវ៉ាន់​របស់​ប្រធាន​សភា​អាមេរិក Nancy Pelosi ថា​ជា​ការ​ញុះញង់​នយោបាយ​ដែល​មិន​អាច​លើកលែង​បាន​។ទីក្រុងព្យុងយ៉ាងបានសម្តែងនូវ “ការគាំទ្រយ៉ាងពេញទំហឹង” របស់ខ្លួនចំពោះទីក្រុងប៉េកាំងក្នុងចំណាត់ការ “សមហេតុផលនិងស្របច្បាប់” ដើម្បី “ប្រឆាំងដាច់ខាតនូវសកម្មភាពបំពានរបស់សហរដ្ឋអាមេរិក” ។កូរ៉េ​ខាង​ជើង​ក៏​បាន​សន្យា​បន្ត​គាំទ្រ​ចិន​ពេញ​លេញ​ក្នុង​បញ្ហា​តៃវ៉ាន់។កូរ៉េ​ខាង​ជើង​ក៏​បាន​បរិហារ​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​របស់​ក្រុង​វ៉ាស៊ីនតោន​ថា​ជា​ផែនការ​«​ផ្តាច់​ខ្លួន​និង​ច្របាច់ក​»​ក្រុង​ប៉េកាំង​និង​ក្រុង​ព្យុងយ៉ាង។អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង កាលពីថ្ងៃទី០៣ ខែសីហា បានហៅដំណើរទស្សនកិច្ចរបស់លោកប្រធានសភា Pelosi ទៅកាន់កោះតៃវ៉ាន់ ថាជាការជ្រៀតជ្រែកទាំងស្រុងដោយសហរដ្ឋអាមេរិកនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។អ្នកនាំពាក្យរូបនេះបានបន្ថែមថា “តៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចបំបែកបាននៃប្រទេសចិនហើយបញ្ហាតៃវ៉ាន់គឺទាក់ទងទៅនឹងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន” ដោយបន្ថែមថា “ថ្កោលទោសយ៉ាងខ្លាំងចំពោះរាល់ការជ្រៀតជ្រែកពីមហាអំណាចបរទេស” ។ភាពតានតឹងនៅក្នុងច្រកសមុទ្រតៃវ៉ាន់បានកើនឡើងបន្ទាប់ពីលោកស្រី Pelosi កាលពីថ្ងៃទី០២ខែសីហា បានទៅទស្សនាកោះនេះ បើទោះបីជាមានការព្រមានពីទីក្រុងប៉េកាំងក៏ដោយ។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​កម្រិត​ខ្ពស់​បំផុត​របស់​អាមេរិក​ទៅកាន់​កោះ​តៃវ៉ាន់​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍។បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ប្រទេសចិនបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតជាច្រើនថ្ងៃជុំវិញកោះតៃវ៉ាន់។ ទីក្រុងប៉េកាំងក៏បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងប្រធានសភាតំណាងរាស្រ្តអាមេរិកផងដែរ ចំពោះការចោទប្រកាន់លោកស្រីពីសកម្មភាព “បង្កហេតុ”៕យោងតាមYonhap


ប្រធានសភាតំណាងរាស្រ្តអាមេរិក Nancy Pelosi (អាវពណ៌ផ្កាឈូក) នៅអាកាសយានដ្ឋាន Taipei Songshan នៅល្ងាចថ្ងៃទី០២ខែសីហា។