ហុងគ្រីចង់ជំនួ​សរុស្ស៊ី​ដើម្បីបង់ថ្លៃឱ្យ​អ៊ុ​យក្រែន​ដើម្បីបើក​សន្ទះប្រេង(RT,Reut​ers)

ក្រុមហ៊ុនហុងគ្រី MOLកំពុងចរចាដើម្បីបង់ថ្លៃដឹកជញ្ជូនរបស់អ៊ុយក្រែនក្នុងនាមរុស្ស៊ីដើម្បីបន្តលំហូរប្រេងទៅកាន់អឺរ៉ុប។ក្រុមហ៊ុនប្រេងនិងឧស្ម័នហុងគ្រី MOL និងប្រតិបត្តិករបំពង់បង្ហូរប្រេងស្លូវ៉ាគី Transpetrol បានបញ្ជាក់នៅថ្ងៃទី០៩ខែសីហាថាការផ្គត់ផ្គង់ប្រេងរុស្ស៊ីឆ្លងកាត់អ៊ុយក្រែនត្រូវបានបញ្ឈប់ពីរបីថ្ងៃមុន។ក្រុមហ៊ុន Transneft ដែលជាក្រុមហ៊ុនទទួលបន្ទុកផ្គត់ផ្គង់ប្រេងរុស្ស៊ីដល់សហភាពអឺរ៉ុប (EU) ធ្លាប់បានប្រកាសថាអ៊ុយក្រែនឈប់ផ្ទេរប្រេងពីរុស្ស៊ីទៅកាន់ប្រទេសហុងគ្រីស្លូវ៉ាគីនិងសាធារណរដ្ឋឆេក តាមរយៈបំពង់បង្ហូរប្រេង Druzhba ព្រោះវាមិនទទួលបានថ្លៃសេវាប្រចាំខែ។ក្រុមហ៊ុន Transneft បាននិយាយថា ការប៉ុនប៉ងបង់ថ្លៃដឹកជញ្ជូនដល់ប្រតិបត្តិករបំពង់បង្ហូរប្រេងអ៊ុយក្រែនមិនបានជោគជ័យទេ ដោយសារតែការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបលើប្រទេសរុស្ស៊ី។ យោងតាមគេហទំព័រព័ត៌មាន Origo MOL បានស្នើឱ្យបង់ថ្លៃសេវាក្នុងនាមក្រុមហ៊ុន Transneft។ប៉ុន្តែមិនបានទទួលការឆ្លើយតបពីអ៊ុយក្រែនទេ។MOL បាននិយាយថា “យើងមានទុនបម្រុងប្រេងគ្រប់គ្រាន់សម្រាប់រយៈពេលជាច្រើនសប្តាហ៍ ហើយកំពុងស្វែងរកដំណោះស្រាយ។ ក្រុមហ៊ុនបានចាប់ផ្តើមការចរចាដើម្បីទទួលយកកាតព្វកិច្ចបង់ថ្លៃសេវា” ។Transneft បានប្រកាសថាខ្លួនកំពុងសិក្សាជម្រើសផ្សេងទៀតសម្រាប់ការផ្ទេរប្រាក់ទៅអ៊ុយក្រែន។ សាធារណរដ្ឋឆេករំពឹងថាបំពង់បង្ហូរប្រេង Druzhba នឹងដំណើរការឡើងវិញក្នុងរយៈពេលពីរបីថ្ងៃ។Druzhba មានប្រវែងប្រហែល៤,០០០គីឡូម៉ែត្រ ដែលជាបណ្តាញបំពង់បង្ហូរប្រេងដ៏វែងបំផុតមួយក្នុងពិភពលោក ដឹកជញ្ជូនប្រេងឆៅពីប្រទេសរុស្ស៊ីទៅកាន់រោងចក្រចម្រាញ់ប្រេងនៅសាធារណរដ្ឋឆេក អាល្លឺម៉ង់ ហុងគ្រី ប៉ូឡូញ និងស្លូវ៉ាគី តាមរយៈសាខាភាគខាងជើងនិងភាគខាងត្បូង។ជាធម្មតាប្រទេសរុស្ស៊ីផ្គត់ផ្គង់ប្រេងប្រហែល២៥០,០០០ បារ៉ែលក្នុងមួយថ្ងៃតាមរយៈសាខាភាគខាងត្បូងនៃបំពង់បង្ហូរ Druzhba ទៅកាន់ប្រទេសហុងគ្រី ស្លូវ៉ាគី និងសាធារណរដ្ឋឆេក។ ក្រុមហ៊ុន Transneft បាននិយាយថា ការផ្គត់ផ្គង់ប្រេងទៅកាន់ប្រទេសប៉ូឡូញនិងអាឡឺម៉ង់តាមរយៈសាខាភាគខាងជើង តាមរយៈបេឡារុស្ស នៅតែមានលក្ខណៈធម្មតា។ចាប់តាំងពីរុស្ស៊ីចាប់ផ្តើមយុទ្ធនាការយោធារបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មដែលមិនធ្លាប់មានពីមុនមកប្រឆាំងនឹងរុស្ស៊ី រួមទាំងការបិទទីក្រុងម៉ូស្គូពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ។ សហភាពអឺរ៉ុបក៏បានព្យាយាមកាត់បន្ថយការពឹងផ្អែកលើប្រភពថាមពលរបស់រុស្ស៊ី និងបានយល់ព្រមហាមឃាត់ការនាំចូលប្រេងច្រើនជាងពីរភាគបីពីទីក្រុងម៉ូស្គូ។ហុងគ្រី ជា​ប្រទេស​មួយ​ដែល​ពឹង​ផ្អែក​ជាង​គេ​លើ​ប្រេង​រុស្ស៊ី។ រដ្ឋាភិបាលបាននិងកំពុងព្យាយាមដើម្បីទទួលបានការលើកលែងពីការហាមឃាត់ប្រេងរបស់សហភាពអឺរ៉ុបលើទីក្រុងម៉ូស្គូ។ បន្ថែមពីលើប្រេងរុស្ស៊ី ហុងគ្រីអាចនាំចូលប្រេងតាមបំពង់ Adria ដែលតភ្ជាប់ប្រទេសក្រូអាតទៅប្រទេសនេះ។ ប៉ុន្តែជាមួយនឹងសមត្ថភាពមានកំណត់ ការចំណាយគឺថ្លៃជាងតាមរយៈ Druzhba៕


បំពង់បង្ហូរប្រេង Druzhba នៅរោងចក្រចម្រាញ់ប្រេង Danube របស់ MOL ក្នុងទីក្រុង Szazhalombatta ប្រទេសហុងគ្រី ថ្ងៃទី១៨ឧសភា។ រូបថត៖Reuters។