អូស្ត្រាលី​និង​ចិ​ន​មាន​ជម្លោះ​លើ​​តៃវ៉ាន់

រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីបានរិះគន់ប្រទេសចិនចំពោះអស្ថិរភាពនៃសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ ខណៈដែលទីក្រុងប៉េកាំងបានចោទប្រកាន់លោកស្រីពីបទរំខានដល់ទំនាក់ទំនងទ្វេរភាគី។រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong កាលពីចុងសប្តាហ៍កន្លងទៅ បានរិះគន់ចិនចំពោះការបាញ់មីស៊ីលផ្លោងជាបន្តបន្ទាប់ អំឡុងពេលធ្វើសមយុទ្ធជុំវិញកោះតៃវ៉ាន់។ លោកស្រីក៏បានចេញសេចក្តីថ្លែងការណ៍រួមជាមួយសហរដ្ឋអាមេរិក និងជប៉ុនកាលពីថ្ងៃទី០៦ ខែសីហា ដោយថ្កោលទោសទីក្រុងប៉េកាំងចំពោះការបាញ់មីស៊ីលចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ទីក្រុងតូក្យូ។លោកស្រី Wong ក៏​បាន​ចោទ​ចិន​ពី​ការ​បង្កើន​ភាព​តានតឹង​ព្រម​ទាំង​អស្ថិរភាព​ក្នុង​តំបន់។ស្ថានទូតចិនប្រចាំប្រទេសអូស្ត្រាលី ក្រោយមកបានរិះគន់សេចក្តីថ្លែងការណ៍រួម ដោយហៅវាថាជា “ល្បែងស្តីបន្ទោស” សំដៅលើសកម្មភាពរបស់ទីក្រុងប៉េកាំង។ទីភ្នាក់ងារនេះបានចោទប្រកាន់អូស្ត្រាលីថាធ្វើតាមសហរដ្ឋអាមេរិក ដែលចិនពណ៌នាថាជា “ភាគីអស្ថិរភាពដ៏ធំបំផុតចំពោះសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់”។លោកបាននិយាយថា “យើងសង្ឃឹមថាភាគីអូស្ត្រាលីអាចដោះស្រាយបញ្ហាតៃវ៉ាន់ដោយប្រយ័ត្នប្រយែង ដោយមិនធ្វើតាមយុទ្ធសាស្ត្ររបស់ប្រទេសមួយចំនួនដើម្បីទប់ស្កាត់ប្រទេសចិននិងមិនបង្កើតបញ្ហា និងការរំខានថ្មីក្នុងទំនាក់ទំនងចិន-អូស្ត្រាលី”។ ស្ថានទូតចិនបានចេញសេចក្តីថ្លែងការណ៍មួយ។បន្ទាប់ពីការរិះគន់ពីប្រទេសចិន រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃនេះ បានបញ្ជាក់ថា អូស្ត្រាលីនឹងបន្តជំរុញឱ្យភាគីទាំងអស់អនុវត្តការអត់ធ្មត់ និងកាត់បន្ថយស្ថានការណ៍នៅច្រកសមុទ្រតៃវ៉ាន់។ លោកស្រីWong បាននិយាយថា “អ្វីដែលសំខាន់បំផុតនៅពេលនេះ គឺការស្តារភាពស្ងប់ស្ងាត់ឡើងវិញ ចំពេលមានភាពតានតឹងឆ្លងកាត់ច្រកសមុទ្រ”។នៅពេលត្រូវបានសួរឱ្យធ្វើអត្ថាធិប្បាយលើការរិះគន់របស់ប្រទេសចិនដែលថាអូស្ត្រាលី “ធ្វើតាម” សហរដ្ឋអាមេរិក លោកស្រី Wong បាននិយាយថាទីក្រុងកង់បេរ៉ា “តែងតែត្រូវបានដឹកនាំដោយផលប្រយោជន៍ជាតិ” ។ទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងកង់បេរ៉ា មានភាពតានតឹងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពីការចោទប្រកាន់ថាប្រទេសចិនបានជ្រៀតជ្រែកក្នុងនយោបាយផ្ទៃក្នុងរបស់ប្រទេសអូស្ត្រាលី រហូតដល់ការស៊ើបអង្កេតលើប្រភពដើមនៃជំងឺរាតត្បាត Covid-19 ។ប្រទេសទាំង២ក៏បានបង្កើនការប្រកួតប្រជែងផ្នែកភូមិសាស្ត្ររបស់ពួកគេនៅក្នុងបណ្តាប្រទេសកោះប៉ាស៊ីហ្វិក ដែលជាធម្មតាត្រូវបានគេមើលឃើញថាជាតំបន់ឥទ្ធិពលរបស់អូស្ត្រាលី។ ប្រទេស​ចិន​កាលពី​ខែកក្កដា​បាន​លើក​សំណើ​ចំនួន​៤ដើម្បី​កែលម្អ​ទំនាក់ទំនង​ទ្វេរភាគី​ដែល​អូស្ត្រាលី​បាន​ច្រានចោល។ភាពតានតឹងនៅក្នុងច្រកសមុទ្រតៃវ៉ាន់បានកើនឡើងបន្ទាប់ពីលោកស្រី Pelosi កាលពីថ្ងៃទី០២ខែសីហា បានទៅទស្សនាកោះនេះ បើទោះបីជាមានការព្រមានពីទីក្រុងប៉េកាំងក៏ដោយ។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​កម្រិត​ខ្ពស់​បំផុត​របស់​អាមេរិក​ទៅកាន់​កោះ​តៃវ៉ាន់​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍។បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ប្រទេសចិនបានចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល៤ថ្ងៃនៅក្នុងតំបន់ចំនួន៦ជុំវិញកោះតៃវ៉ាន់។ ទីក្រុងប៉េកាំងក៏បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងប្រធានសភាតំណាងរាស្រ្តអាមេរិកផងដែរ ចំពោះការចោទប្រកាន់លោកស្រីពីសកម្មភាព “បង្កហេតុ”៕យោងតាមAP


រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី Penny Wong នៅទីក្រុង Putrajaya ប្រទេសម៉ាឡេស៊ី ថ្ងៃទី២៨ខែមិថុនា។ រូបថត៖ Reuters។