
មន្ទីរបញ្ចកោណព្រួយបារម្ភអំពីឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិន
របាយការណ៍មន្ទីរបញ្ចកោណថ្មីមួយនិយាយថាឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិនកំពុងពង្រីកលឿនជាងមន្ត្រីយោធាអាមេរិកបានព្យាករណ៍កាលពីមួយឆ្នាំមុន។យោងតាមរបាយការណ៍ដែលចេញផ្សាយដោយមន្ទីរបញ្ចកោណកាលពីថ្ងៃទី៣ខែវិច្ឆិកា ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិនអាចពង្រីកយ៉ាងឆាប់រហ័សដល់៧០០ក្បាលគ្រាប់នុយក្លេអ៊ែរនៅឆ្នាំ២០២៧ និងក្បាលគ្រាប់នុយក្លេអ៊ែរ១,០០០នៅឆ្នាំ២០៣០។ការកើនឡើងគួរឱ្យកត់សម្គាល់ពីការព្យាករណ៍របស់មន្ទីរបញ្ចកោណកាលពីឆ្នាំមុនសម្រាប់អំណាចយោធារបស់ចិន។យោងតាមរបាយការណ៍សភាឆ្នាំ២០២០មន្ទីរបញ្ចកោណបានប៉ាន់ប្រមាណថាប្រទេសចិនមានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល២០០។ របាយការណ៍នេះក៏និយាយផងដែរថាក្នុងទស្សវត្សរ៍ក្រោយ ឃ្លាំងផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែររបស់ចិនទំនងជាកើនឡើងទ្វេរដងនៅពេលដែលចិនពង្រីក និងធ្វើទំនើបកម្មកម្លាំងនុយក្លេអ៊ែររបស់ខ្លួន។កាលពីខែមុនក្រសួងការបរទេសអាមេរិកបានបង្ហាញថា ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេសនេះបានធ្លាក់ចុះមកត្រឹម៣,៧៥០ក្បាលគ្រាប់ក្នុងខែកញ្ញា ឆ្នាំ២០២០ពោលគឺធ្លាក់ចុះពីក្បាលគ្រាប់ជាង២០,០០០នៅចុងបញ្ចប់នៃសង្គ្រាមត្រជាក់។ដោយមិនគិតពីចំនួនអតិបរមានៃអាវុធនុយក្លេអ៊ែរដែលខ្លួនផលិតចិនទំនងជានឹងបន្តអះអាងថាខ្លួន ដូចជាមហាអំណាចនុយក្លេអ៊ែរដទៃទៀតដែររក្សាចំនួនអាវុធនុយក្លេអ៊ែរអប្បបរមា។ ដើម្បីការពារផលប្រយោជន៍សន្តិសុខរបស់ខ្លួន”។របាយការណ៍របស់មន្ទីរបញ្ចកោណបាននិយាយ។មន្ទីរបញ្ចកោណក៏បានព្រមានផងដែរថាចិនកំពុងសាងសង់មូលដ្ឋានមីស៊ីលយ៉ាងហោចណាស់៣កន្លែង ដែលបាញ់បង្ហោះរាប់រយកន្លែងនឹងផ្ទុកមីស៊ីលផ្លោងអន្តរទ្វីបរបស់ទីក្រុងប៉េកាំង។របាយការណ៍របស់អ្នកជំនាញនៅសហភាពអ្នកវិទ្យាសាស្ត្រអាមេរិក(FAS)នៅសប្តាហ៍នេះ បាននិយាយថា ប្រទេសចិនមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការសាងសង់នូវអ្វីដែលគេសង្ស័យថាជាការបាញ់បង្ហោះរ៉ុក្កែតបានយ៉ាងល្អនៅតំបន់ភាគខាងលិចនៃប្រទេសនេះ។ យោងតាមរបាយការណ៍នេះ កម្លាំងមីស៊ីលផ្លោងអន្តរទ្វីបរបស់ចិនអាចវ៉ាដាច់សហរដ្ឋអាមេរិកនិងរុស្ស៊ីក្នុងពេលដ៏ខ្លីខាងមុខនេះ។អាមេរិកបានអំពាវនាវម្តងហើយម្តងទៀតឲ្យចិនចូលក្នុងការចរចាត្រីភាគីជាមួយអាមេរិកនិងរុស្ស៊ីដើម្បីឈានដល់សន្ធិសញ្ញាគ្រប់គ្រងអាវុធថ្មី។ទោះជាយ៉ាងណាក៏ដោយទីក្រុងប៉េកាំងបានច្រានចោលការផ្តល់ជូននេះ ក្រោមហេតុផលថាឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិនមានទំហំតូចពេកបើធៀបនឹងរុស្ស៊ីនិងអាមេរិក ។ប៉ុន្តែបានត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចសន្ទនាទ្វេរភាគីស្តីពីសន្តិសុខជាយុទ្ធសាស្ត្រ ដោយឈរលើមូលដ្ឋានសមភាពនិងការគោរពគ្នាទៅវិញទៅមក។របាយការណ៍របស់មន្ទីរបញ្ចកោណកើតឡើងបន្ទាប់ពីប្រធានអគ្គសេនាធិការចម្រុះអាមេរិកលោកMarkMilleyបានព្រមានអំពីល្បឿនដែលអំណាចយោធារបស់ចិនកំពុងកើនឡើង។ មន្ត្រីការពារជាតិជាន់ខ្ពស់អាមេរិកម្នាក់ក៏បានធ្វើអត្ថាធិប្បាយស្រដៀងគ្នានេះដែរដោយនិយាយថា ការពង្រីកសមត្ថភាពនុយក្លេអ៊ែររបស់ចិនគឺជាវិធានការដ៏គួរឱ្យព្រួយបារម្ភសម្រាប់សហរដ្ឋអាមេរិក។”វាជារឿងមួយដែលត្រូវតាមដានលើអ្វីដែលពួកគេកំពុងធ្វើ។ប៉ុន្តែពួកគេពិតជាមិនបានពន្យល់ពីមូលហេតុដែលពួកគេកំពុងធ្វើវានោះទេ។ពួកគេកំពុងធ្វើដំណើរក្នុងទិសដៅមួយដែលលើសពីអ្វីដែលពួកគេធ្លាប់មានពីមុនមកទាក់ទងនឹងចំនួននិងសមត្ថភាព។ នេះបើតាមមន្ត្រីអាមេរិក។របាយការណ៍របស់មន្ទីរបញ្ចកោណក៏បានគូសបញ្ជាក់អំពីគោលដៅរបស់ទីក្រុងប៉េកាំងសម្រាប់ការអភិវឌ្ឍន៍និងទំនើបកម្មនៃកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន។ ប្រសិនបើចិនសម្រេចបានគោលដៅទំនើបភាវូបនីយកម្មរបស់ខ្លួនត្រឹមឆ្នាំ២០២៧ទីក្រុងប៉េកាំងនឹងមាន “ជម្រើសផ្សេងៗជាច្រើន”ទាក់ទងនឹងតៃវ៉ាន់។ ទន្ទឹមនឹងនេះចិនក៏អាចទប់ស្កាត់ការជ្រៀតជ្រែកពីបរទេសក្នុងបញ្ហាដែលក្រុងប៉េកាំងចាត់ទុកបញ្ហាផ្ទៃក្នុងផងដែរ។ចិនបានអះអាងថាចំនួនអាវុធនុយក្លេអ៊ែរដែលខ្លួនមានគឺមានតែមួយចំណែកប៉ុណ្ណោះនៃរុស្ស៊ីនិងអាមេរិក។ ទីក្រុងប៉េកាំងក៏បានបញ្ជាក់ផងដែរថា កម្លាំងនុយក្លេអ៊ែររបស់ខ្លួនគឺសម្រាប់តែគោលបំណងការពារប៉ុណ្ណោះនិងមិនបង្កការគំរាមកំហែងដល់ភាគីណាមួយឡើយ៕យោងតាមSCMP
កាំជ្រួចរបស់ចិនបានចូលរួមនៅក្នុងក្បួនព្យុហយាត្រាយោធាឆ្នាំ២០១៩(រូបថត៖National Interest)។