
ចិនជំរុញឱ្យប្រជាជនស្តុកទុករបស់ចាំបាច់
រដ្ឋាភិបាលចិនបានស្នើឱ្យគ្រួសារស្តុកទុកសម្ភារៈសំខាន់ៗក្នុងករណីមានអាសន្នចំពេលតម្លៃទំនិញកើនឡើង និងមានការភ័យខ្លាចនៃកង្វះការផ្គត់ផ្គង់។យោងតាមសារព័ត៌មានReutersនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃទី១ខែវិច្ឆិកាក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិនបានជំរុញឱ្យរដ្ឋាភិបាលក្នុងតំបន់ធ្វើការងារល្អក្នុងការធានាការផ្គត់ផ្គង់និងស្ថិរភាពតម្លៃទំនិញហើយផ្តល់ការព្រមានជាមុនប្រសិនបើមានបញ្ហាណាមួយពីខ្សែសង្វាក់ផ្គត់ផ្គង់។ក្រសួងពាណិជ្ជកម្មបានសង្កត់ធ្ងន់ថារដ្ឋាភិបាលមូលដ្ឋានគួរតែស្តុកទុកបន្លែផ្លែឈើនិងពង្រឹងបណ្តាញដឹកជញ្ជូនបន្ទាន់ដើម្បីធានាបាននូវបណ្តាញចែកចាយប្រកបដោយប្រសិទ្ធភាពនិងរលូន។ជាងនេះទៅទៀតទីភ្នាក់ងារនេះក៏បានស្នើដល់អាជ្ញាធរមូលដ្ឋានធ្វើបច្ចុប្បន្នភាពព័ត៌មានភ្លាមៗ ទាក់ទងនឹងតម្លៃការផ្គត់ផ្គង់-តម្រូវការទំនិញ។រដ្ឋាភិបាលកណ្តាលរបស់ប្រទេសចិនតែងធ្វើចលនាដើម្បីបង្កើនការផ្គត់ផ្គង់បន្លែផ្លែឈើនិងសាច់ជ្រូកមុនថ្ងៃចូលឆ្នាំនីមួយៗ។ ទោះជាយ៉ាងណាក៏ដោយឆ្នាំនេះ កិច្ចខិតខំប្រឹងប្រែងទាំងនេះកាន់តែមានភាពបន្ទាន់ដោយសារអាកាសធាតុនៅដើមខែតុលាបានបំផ្លាញផ្ទៃដីដ៏ធំនៃដំណាំនៅក្នុងខេត្តShandong ដែលជាអ្នកផលិតបន្លែធំជាងគេរបស់ប្រទេសចិន។កាលពីសប្តាហ៍មុនតម្លៃអាហារជាច្រើនបានកើនឡើងច្រើនជាង២ដងធៀបនឹងដើមខែតុលា។តម្លៃបន្លែកើនឡើងយ៉ាងខ្លាំងបានធ្វើឱ្យប្រជាជនជាច្រើននៅក្នុងប្រទេសចិនត្អូញត្អែរថាពួកគេមិនមានលទ្ធភាពបរិភោគបន្លែដោយសារតែបន្លែបៃតងឥឡូវនេះមានតម្លៃថ្លៃជាងសាច់ជ្រូក។រដ្ឋាភិបាលរបស់ប្រទេសចិនត្រូវបានគេរំពឹងថានឹងបើកឃ្លាំងស្តុកបន្លែនិងផ្លែឈើ “នៅពេលត្រឹមត្រូវ” ដើម្បីធ្វើឱ្យតម្លៃមានស្ថិរភាព។នេះបើយោងតាមរបាយការណ៍កាលពីយប់ថ្ងៃទី១ខែវិច្ឆិកានៃទូរទស្សន៍ជាតិរបស់ប្រទេសចិន។ ទោះជាយ៉ាងណាគេមិនច្បាស់ថាតើបន្លែ មើម និងផ្លែឈើប្រភេទណាដែលចិនមានក្នុងស្តុក និងទំហំបម្រុង។ទោះបីជាតម្លៃម្ហូបអាហារមានទំនោរធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះក៏ដោយ ។ប៉ុន្តែអ្នកសេដ្ឋកិច្ចព្យាករណ៍ថាសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ក្នុងខែតុលានឹងកើនឡើងយ៉ាងខ្លាំងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលជាការកើនឡើងលើកដំបូងក្នុងរយៈពេល៣ខែចុងក្រោយនេះ។លោក He Xiaoshu អ្នកវិភាគនៅក្រុមហ៊ុន GF Securities បាននិយាយថាអាកាសធាតុLa Nina ត្រូវបានគេរំពឹងថានឹងកើតឡើងនៅរដូវរងានេះ។ នៅពេលនោះ រដូវរងាឆ្នាំនេះអាចត្រជាក់ជាងធម្មតានៅអឌ្ឍគោលខាងជើងដែលជះឥទ្ធិពលអវិជ្ជមានដល់ការផលិត និងដឹកជញ្ជូនផ្លែឈើនិងបន្លែ។ ទន្ទឹមនឹងនោះ តម្រូវការអ្នកប្រើប្រាស់មាននិន្នាការកើនឡើង ដោយសារឧស្សាហកម្មសេវាកម្មស្ទើរតែបានស្ទុះងើបឡើងវិញទៅនឹងការរីករាលដាលមុនCovid-19 ។អាកាសធាតុខ្លាំងនិងការរាតត្បាត Covid-19 បានធ្វើឱ្យសន្តិសុខស្បៀងកាន់តែមានការព្រួយបារម្ភសម្រាប់ប្រទេសចិន។ រដ្ឋាភិបាលកំពុងធ្វើសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខស្បៀងក៏ដូចជាកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់កាកសំណល់អាហារ។ រដ្ឋាភិបាលចិនក៏បានអំពាវនាវឱ្យមានការដាំបន្លែឡើងវិញឱ្យបានទាន់ពេលវេលាដោយជំរុញឱ្យអាជ្ញាធរមូលដ្ឋានជួយឧបត្ថម្ភ។ យោងតាមក្រសួងកសិកម្មនៃប្រទេសចិនបច្ចុប្បន្ននេះប្រទេសនេះមានផ្ទៃដីបន្លែ មើម និងផ្លែឈើប្រហែល៧លានហិកតា៕យោងតាមReuters
តម្លៃអាហារនៅក្នុងប្រទេសចិនបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលថ្មីៗនេះ បន្លែមួយចំនួនមានតម្លៃថ្លៃជាងសាច់ជ្រូក ដោយសារតែភ្លៀងធ្លាក់ខ្លាំង ដែលបំផ្លាញដំណាំធំៗ (រូបភាព៖ Reuters)។