នាយ​ករដ្ឋមន្រ្តីអប​អ​រសាទរខួបអនុស្សាវរីយ៍​លើ​កទី៥៥​នៃការបង្កើតទំនាក់ទំនង​ការ​ទូតរវាងព្រះរា​ជាណាច​ក្រកម្ពុជា​និ​ងសាធារ​ណរដ្ឋសង្គម​និ​យមវៀត​ណាម

សម្ដេចហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានសម្ដែង​នូវ​ការអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាង ព្រះរាជា​ណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម និងឆ្នាំមិត្តភាពកម្ពុជា វៀតណាម​២០២២។ ​ក្នុងលិខិតចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ ផ្ញើជូនឯកឧត្ដម ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្ដេច​តេជោនាយករដ្ឋមន្ត្រី​គូស​បញ្ជាក់ថា «តាមនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្ដែងនូវអំណរ​សាទរ​យ៉ាងកក់ក្តៅបំផុត និងសូមប្រសិទ្ធពរបវរមហាប្រសើរជូនចំពោះឯកឧត្តម និងប្រជាជន​វៀតណាមជាទីរាប់អាន ក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបអនុស្សាវរីយ៍លើកទី៥៥ នៃការ​បង្កើត​ទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គម​និយម​វៀតណាម និងឆ្នាំមិត្តភាពកម្ពុជា វៀតណាម២០២២។ សម្ដេចតេជោបន្តថា នេះពិតជា​ពេលវេលាដ៏ប្រសើរ ដើម្បីជំរុញឱ្យកាន់តែខ្លាំងក្លានូវមិត្តភាពដ៏ជិតស្និទ្ធ និងកិច្ចសហ​ប្រតិ​បត្តិការដ៏រឹងមាំរវាងប្រទេសយើងទាំងពីរ ដែលបានផ្សារភ្ជាប់គ្នាអស់រយៈពេល​ជាច្រើនរយ​ឆ្នាំ​មកហើយ មុនពេលដែលយើងបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការក្នុងឆ្នាំ១៩៦៧។ ជាមួយគ្នានេះ សម្ដេចតេជោក៏មានការរីករាយដោយបានសង្កេតឃើញថា ចំណងទាក់​ទងមិត្តភាពជាបងប្អូនដ៏ល្អ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធកំពុងបន្តរីកចម្រើន និងត្រូវ​បាន​ពង្រឹងក្នុងរយៈពេលជាច្រើនទសវត្សរ៍មក នេះក្រោមស្មារតីភាពជាអ្នកជិតខាងល្អ សាមគ្គី​ភាព ជំនឿជឿជាក់ និងការយោគយល់គ្នាទៅវិញទៅមក ក៏ដូចជាកិច្ចសហប្រតិ​បត្តិការឈ្នះ-ឈ្នះ។ សម្ដេចតេជោគូសបញ្ជាក់បន្ថែមថា ក្នុងដំណើរឆ្លងកាត់ការលំបាកជាច្រើន​សម្រាប់​ពេលវេលាដ៏យូរ ក្នុងបុព្វហេតុរំដោះ ការបង្រួបបង្រួមឯករាជ្យ និងការអភិវឌ្ឍជាតិ “ខ្ញុំជឿជាក់យ៉ាងមុតមាំថា កម្ពុជា និងវៀតណាម និងបន្តជំរុញឱ្យកាន់តែស៊ីជម្រៅថែម​ទៀត​សម្រាប់ចំណងមិត្តភាពជាប្រពៃណី ទំនាក់ទំនងយូរអង្វែង និងកិច្ចសហប្រតិបត្តិ​ការគ្រប់​ជ្រុង​ជ្រោយរបស់យើង ក្នុងវិស័យជាច្រើន ទាំងទ្វេភាគី តំបន់ និងវេទិកាអន្តរជាតិ​ក្នុងឆ្នាំបន្ត​បន្ទាប់ ដែលវានឹងរួមចំណែកយ៉ាងសំខាន់ដល់ការរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកប​ដោយចីរភាព នៃសហគមន៍អាស៊ាន និងពិភពលោក”។ សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានសម្ដែងការអបអរសាទរអស់ពីដួងចិត្តជូនប្រជាជន និងរដ្ឋាភិបាលវៀតណាម ដែល​បន្ត​ទទួលបានជោគជ័យក្នុងការសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ក៏ដូចជា លើក​ក​ម្ពស់តួនាទីយ៉ាងសកម្មរបស់ខ្លួន ទាំងនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ៕AKP