
អាជ្ញាធរចាប់មេឃុំភ្លើងទៀនពាក់ព័ន្ធករណីប្លន់
នគរបាលខេត្តកំពង់ធំកាលពីម្សិលមិញបានចាប់ខ្លួនមេឃុំភ្លើងទៀនដែលជាប់ឆ្នោតដោយចោទប្រកាន់ថាបានប្រព្រឹត្ត “ប្លន់” ក្នុងឆ្នាំ ២០០២ ហើយបានរត់ចេញពីកន្លែងកើតហេតុនៃឧក្រិដ្ឋកម្ម ប៉ុន្តែមនុស្សមួយចំនួនអះអាងថាការចាប់ខ្លួននេះគឺមានហេតុផលនយោបាយ។
លោកឧត្តមសេនីយ៍ទោ ទិត្យ សំណាល់ ស្នងការរងនគរបាលខេត្តកំពង់ធំបានមានប្រសាសន៍ថា ជនសង្ស័យមានឈ្មោះ ញឹម សារ៉ុម អាយុ៥២ឆ្នាំ ជាមេឃុំចំណារលើ ជាប់ឆ្នោត។លោកបាននិយាយថា សារ៉ុមត្រូវបានចាប់ខ្លួននៅម៉ោងប្រហែល១រសៀលនៅផ្ទះរបស់លោក ក្នុងភូមិត្រពាំងជោរ ឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ។ លោកបន្តថា ក្រោយការចាប់ខ្លួន លោក សារ៉ុមកំពុងត្រូវឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរ។
លោកបន្តថា៖ « លោកត្រូវបានចាប់ខ្លួនតាមដីកាចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ធំ»។
លោកត្រូវបានព្រះរាជអាជ្ញារងសាលាដំបូងខេត្តកំពង់ធំ ចោទប្រកាន់កំបាំងមុខក្នុងឆ្នាំ ២០០៧ ពីបទប្លន់ (លួចមានស្ថានទម្ងន់ទោស)។ ចៅក្រមស៊ើបសួរបានចេញដីកាចាប់ខ្លួន ប៉ុន្តែលោក សារ៉ុម បានរត់គេចខ្លួន។លោកបានកត់សម្គាល់ថា៖ «សារ៉ុមនឹងត្រូវបញ្ជូនទៅតុលាការនៅថ្ងៃពុធ»។
លោកកត់សម្គាល់ថា នៅយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០០២ សារ៉ុម និងបក្ខពួក៥នាក់ទៀតបានចូលលួចចូលផ្ទះអាជីវករនៅភូមិត្រពាំងជោ ហើយលួចម៉ាស៊ីនភ្លើង និងទ្រព្យសម្បត្តិមួយចំនួនទៀត រួចរត់គេចខ្លួនបាត់។លោកបន្តថា ក្នុងពេលប្លន់នោះ ជនសង្ស័យទាំង៦នាក់បានចាប់ម្ចាស់ផ្ទះ និងវាយគាត់ ។
លោកថា៖ «ឥឡូវនេះយើងកំពុងស្រាវជ្រាវរកជនសង្ស័យ៥នាក់ផ្សេងទៀត ដែលកំពុងស្ថិតក្នុងសំណុំរឿងនេះ»។លោកបានបន្ថែមថា លោក សារ៉ុម និងជនសង្ស័យផ្សេងទៀតត្រូវបានកាត់ទោសកំបាំងមុខឲ្យជាប់ពន្ធនាគារម្នាក់ៗ ៥ ឆ្នាំក្នុងឆ្នាំ ២០១៣ ពីបទ «លួចមានស្ថានទម្ងន់ទោស»។តុលាការក៏បានបញ្ជាឲ្យចាប់ខ្លួនពួកគេដែរ។អនុប្រធានបក្សភ្លើងទៀន លោក ជេត គឹមអ៊ាង មានប្រសាសន៍ថា ការចាប់ខ្លួនលោក សារ៉ុម ជារឿងនយោបាយ មិនមែនទាក់ទងនឹងការអនុវត្តច្បាប់នោះទេ។លោកបានមានប្រសាសន៍ថា “ខ្ញុំឆ្ងល់ថារឿងក្តីលោក សារ៉ុម បានកើតឡើងក្នុងឆ្នាំ ២០០២ ប៉ុន្តែចាប់តាំងពីពេលនោះមក ទាំងប៉ូលិស និងតុលាការមិនបានចាប់ខ្លួនគាត់ទេ ពួកគេរង់ចាំរហូតដល់គាត់ជាប់ឆ្នោតជាមេឃុំនៅឆ្នាំនេះ»៕ប៊ុត រស្មីគង្គា / Khmer Times
នគរបាលបានចាប់ខ្លួនលោក ញឹម សារ៉ុម មេឃុំភ្លើងទៀនជាប់ឆ្នោតនៅឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ។ ហ្វេសប៊ុក,Khmer Time