សម្តេចហ៊ុនសែនអបអរសាទរជ័យលា​ភីអ្នកចា​ក់វ៉ាក់សាំ​ងលេខ​រៀងទី១​​០លានអ៊ំស្រីឈ្មោះសុខ​ផាត់

សម្ដេចហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានសម្ដែងនូវការអបអរសាទរចំពោះជ័យលាភីអ្នកចាក់វ៉ាក់សាំង លេខរៀងទី១០លានគឺបានទៅលើអ៊ំស្រីឈ្មោះ សុខ ផាត់អាយុ៨៩ឆ្នាំរស់នៅភូមិទ្រាំងសង្កាត់ស្លក្រាម ក្រុងសៀមរាបខេត្តសៀមរាប។សម្ដេចហ៊ុនសែននៅលើផេកផ្លូវការនាយប់ថ្ងៃទី៣១ខែតុលាឆ្នាំ២០២១ បានសរសេរថានៅថ្ងៃនេះកម្ពុជាយើងបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ បាន១០លាន៨៨នាក់រួចហើយ គឺស្មើនឹងជាង១០០%នៃប្រជាពលរដ្ឋ១០លាននាក់ដែលត្រូវចាក់វ៉ាក់សាំង។នេះជាជោគជ័យធំធេងណាស់ នៅក្នុងក្របខ័ណ្ឌនៃខឿនការពារសុខភាពរបស់ប្រជាជនយើង។សម្ដេចបន្តថាទោះបីយើងចាក់វ៉ាក់សាំងបានជាង១០លាននាក់ស្មើនឹងជាង១០០%នៃចំនួនគ្រោងដំបូងក៏ដោយក៏យើងនៅមានប្រជាជនរាប់ម៉ឺននាក់ទៀត ដែលមិនទាន់បានចាក់វ៉ាក់សាំង ដែលយើងត្រូវបន្តចាក់វ៉ាក់សាំងជូនឱ្យបានគ្រប់ៗគ្នា។ ក្រៅពីប្រជាជនដែលមានអាយុ១៨ឡើងចំនួនជាង១០លាននាក់បានចាក់វ៉ាក់សាំង យើងក៏បានចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យអាយុ១២ទៅ១៨ឆ្នាំបានចំនួន១៧៨៨៨០២នាក់ ដែលស្មើនឹង៩៧,៨៩% និងកុមារអាយុពី៦ ដល់១២ឆ្នាំ បានចំនួន ១ ៩២០ ៥៩៩នាក់ ស្មើនឹង១០១,២២%។ គិតសរុបយើងបានចាក់វ៉ាក់សាំងជូនជនរួមជាតិយើងចំនួន១៣.៧០៩.៤៨៧នាក់ ស្មើនឹង៨៥.៦៨% នៃប្រជាជនសរុប១៦លាននាក់។សម្ដេចហ៊ុនសែនបញ្ជាក់ថា កិច្ចការបន្តរបស់យើង គឺត្រូវបញ្ចប់ការចាក់ដូសទី២សម្រាប់អ្នកដែលបានចាក់ដូសទី១និងបន្តចាក់ជូនប្រជាជនដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី១។វាកាន់តែសំខាន់ជាងទៀតគឺយើងត្រូវតែបន្តការខិតខំចាក់វ៉ាក់សាំងដូសទី៣ជូនប្រជាជនយើងឱ្យខាងតែបាន ដែលមកដល់ពេលនេះយើងមានវ៉ាក់សាំងក្នុងដៃប្រមាណជិត១០លានដូស និងមានមនុស្សបានចាក់វ៉ាក់សាំងដូសទី៣ប្រមាណជិត២លាននាក់រួចមកហើយ។វ៉ាក់សាំងនឹងមកដល់ជាបន្តបន្ទាប់ទៀត។ ថ្ងៃស្អែក ០១ វិច្ឆិកា ២០២១ យើងនឹងចាប់ផ្តើមចាក់ជូនកុមារអាយុ៥ឆ្នាំ ដែលមានជាង៣០ម៉ឺននាក់បន្តទៀត។ជាមួយនឹងការកោតសសើរនិងថ្លែងអំណរគុណចំពោះគ្រប់តួអង្គពាក់ព័ន្ធដែលបានចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩។សម្តេចក៏អំពាវនាវបងប្អូនជនរួមជាតិបន្តអនុវត្តវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសវិធានការ ៣ការពារ និង៣កុំ ព្រោះថាវ៉ាក់សាំងតែមួយមុខ បើទោះបីចាក់បានប៉ុន្មានដូសរហូតមុជវ៉ាក់សាំងក៏មិនអាចការពារបានដែរ ប្រសិនជាបងប្អូនធ្វេសប្រហែសបោះបង់ចោលវិធីការពារខ្លួនតាមរយៈវិធានការ ៣ការពារ និង៣កុំ។
បើតាមសម្ដេចលេខរៀងទី១០លាននៃការចាក់វ៉ាក់សាំង គឺបានទៅលើអ៊ំស្រី ឈ្មោះសុខ ផាត់អាយុ៨៩ឆ្នាំ រស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ លោកជំទាវ ឱ វណ្ណឌីន នឹងនាំយកជំនួយថវិកា១០លានរៀលព្រមទាំងសម្ភារផ្សេងៗទៀត ទៅប្រគល់ជូនដោយផ្ទាល់។សម្ដេចក៏បានជូនពរជនរួមជាតិសូមជួបតែសេចក្តីសុខសេចក្តីចម្រើននិងចៀសផុតពីជំងឺកូវីដ-១៩៕សហការី