
អាមេរិកស្នើឲ្យមហាសេដ្ឋីរុស្ស៊ីបង់ប្រាក់ចំនួន៥០៩លានដុល្លារសម្រាប់ការគេចពន្ធជាច្រើនឆ្នាំ
មហាសេដ្ឋីរុស្ស៊ីOlegTinkovត្រូវបានអាជ្ញាធរអាមេរិកបង្គាប់ឱ្យបង់ប្រាក់ជិត៥០៩លានដុល្លារដើម្បីដោះស្រាយការចោទប្រកាន់ថាលោកបានគេចពន្ធអស់រយៈពេលជាច្រើនឆ្នាំ។ក្រសួងយុត្តិធម៌អាមេរិកបាននិយាយកាលពីថ្ងៃទី២៩ខែតុលាថាមហាសេដ្ឋីTinkovអាយុ៥៣ឆ្នាំត្រូវបានបញ្ជាឱ្យបង់ប្រាក់ជិត៥០៩លានដុល្លារដើម្បីដោះស្រាយការចោទប្រកាន់គេចពន្ធប្រឆាំងនឹងលោក។មហាសេដ្ឋីផ្នែកធនាគារ និងវិនិយោគបានបង់ពន្ធនិងពិន័យជាប្រាក់បន្ទាប់ពីបានសារភាពកំហុសកាលពីថ្ងៃទី១ខែតុលា ក្នុងការលាក់បាំងទ្រព្យសម្បត្តិជាង១ពាន់លានដុល្លារដើម្បីគេចពីពន្ធនៅពេលលោកបោះបង់ចោលសញ្ជាតិអាមេរិកក្នុងឆ្នាំ២០១៦។លោក Tinkov គឺជាស្ថាបនិកនៃសេវាកម្មឥណទានTinkoff ដែលក្រោយមកបានក្លាយជាធនាគារតាមអ៊ីនធឺណិតTinkoff ។ លោកក៏ជាម្ចាស់ក្រុមជិះកង់អាជីព Tinkoff ផងដែរ។ក្រសួងយុត្តិធម៌អាមេរិកបាននិយាយថាលោកTinkovដែលកើតនៅក្នុងប្រទេសរុស្ស៊ីបានក្លាយជាពលរដ្ឋអាមេរិកនៅឆ្នាំ១៩៩៦។ នៅឆ្នាំ២០១៣លោកបានចុះបញ្ជីឥណទានTinkoff នៅលើផ្សារហ៊ុនទីក្រុងឡុងដ៍។ ភាគហ៊ុនដែលលោកគ្រប់គ្រងមានតម្លៃ១.១ពាន់លានដុល្លារ។
៣ថ្ងៃបន្ទាប់ពីចេញជាសាធារណៈ លោកបានបោះបង់សញ្ជាតិអាមេរិកនៅស្ថានទូតអាមេរិកប្រចាំប្រទេសរុស្ស៊ី។ ទោះជាយ៉ាងណាក៏ដោយដើម្បីបោះបង់សញ្ជាតិអាមេរិករបស់លោក។លោកចាំបាច់ត្រូវប្រកាសទ្រព្យសម្បត្តិរបស់លោក ហើយលោកបាននិយាយថាលោកបានដាក់ឯកសារដែលនិយាយថាលោកមានត្រឹមតែ ៣០០,០០០ដុល្លារប៉ុណ្ណោះ។ក្នុងឆ្នាំ២០១៩ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបាននិយាយថាលោកជំពាក់ប្រាក់ប្រហែល២៤៩លានដុល្លារ។ ក្នុងការទូទាត់ដែលបានប្រកាសកាលពីម្សិលមិញលោកត្រូវបង្ខំចិត្តបង់ប្រាក់លើសពីទ្វេរដងនៃចំនួនដែលជំពាក់ដោយសារការប្រាក់និងការពិន័យ។
ចាប់តាំងពីឆ្នាំ ២០២០មកក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានស្វែងរកការធ្វើបត្យាប័នលោកTinkov ពីចក្រភពអង់គ្លេសសម្រាប់ការចោទប្រកាន់ដែលបានរៀបរាប់ខាងលើ។ ទោះយ៉ាងណាក៏ដោយ លោក Tinkov បានជំទាស់នឹងសំណើនេះដោយនិយាយថា លោកកំពុងទទួលការព្យាបាលជំងឺមហារីកឈាម ដែលធ្វើឲ្យលោកមានភាពស៊ាំនឹងជំងឺដែលជាហេតុធ្វើឲ្យលោកមិនអាចដើរបាន។យោងតាមស្ថិតិរបស់ទស្សនាវដ្ដី Forbes លោក Tinkov បច្ចុប្បន្នមានទ្រព្យសម្បត្តិច្រើនជាង៨ពាន់លានដុល្លារ៕យោងតាមAFP
មហាសេដ្ឋីរុស្ស៊ីOlegTinkov។រូបភាពTass