ឯកឧ​ត្តមរដ្ឋមន្រ្តីវេ​ងសាខុននិងលោកជំទាវព្រមទាំងសហការីបាន​អញ្ជើញមក​​ពិនិត្យលើ​វឌ្ឍន​ភា​​ពនៃការរៀបចំ​សួន​សត្វ

នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងលោកជំទាវ ព្រមទាំងសហការី បានអញ្ជើញមកពិនិត្យលើវឌ្ឍនភាពនៃការរៀបចំសួនសត្វ របស់ក្រុមហ៊ុន អង្គរវ៉ាយដ៏ឡាយហ្វ៍ និង អឹឃ្វារៀម ឯ.ក នៅលើទឹកដីខេត្តសៀមរាប។ លោកនាយកប្រតិបត្តិក្រុមហ៊ុន Mr. Roger Reynolds និងលោកម៉េងហៀងនាយកចាត់ការទូទៅបានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបពីគោលបំណងនៃគម្រោងថាការបង្កើតសួនសត្វនេះ គឺចង់ដាក់តាំងវារីសត្វ និងប្រភេទសត្វព្រៃដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាពិសេសប្រភេទសត្វដែលជិតផុតពូជនិងមានដោយកម្រនិងអាចស្នើសុំនាំចូលខ្លះបើមានការចាំចាប់ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ និងគ្រឹះស្ថានអប់រំគ្រប់ថ្នាក់ (សិស្សានុសិស្ស) នៅកម្ពុជាចូលមកទស្សនានេះម្យ៉ាង និងម្យ៉ាងទៀតដើម្បីអប់រំផ្សព្វផ្សាយអំពីការអភិរក្សសត្វទាំងក្នុងទឹក និងក្នុងព្រៃ ដែលកំពុងទទួលរងការគំរាមកំហែង និងការជួញដូរខុសច្បាប់ជាដើម។ មិនតែប៉ុណ្ណោះក៏ជាកន្លែងផ្សព្វផ្សាយព័ត៌មានសំខាន់ៗទាក់ទងសត្វ ពូជសត្វ ប្រភេទ អំបូរ ជីវសាស្រ្ត និងតំបន់ដែលសត្វរស់នៅ អាហារ និងការរស់នៅរបស់សត្វ ច្បាប់ និងកិច្ចសហការផ្សេងៗផងដែរ។
លោកនាយកប្រតិបត្តិបានបន្តថា សួនសត្វមានផ្ទៃដីទំហំ ២២ហត ស្ថិតនៅក្នុងភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់វារីសត្វ និងថែរក្សាសត្វព្រៃលើផ្ទៃដីចំនួន ៦ហត។ ក្នុងឆ្នាំ២០២១ ក្រុមហ៊ុនបានសាង សង់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ដាក់តាំង និងថែរក្សាវារីសត្វ (ប្រភេទត្រីទឹកសាប ត្រីទឹកប្រៃ និងពពួកអណ្តើកជាដើម) និងពពួកសត្វនៅលើ គោកសម្រេចបានប្រមាណ ៧០%។ បច្ចុប្បន្ន ដំណើរការសាងសង់កំពុងប្រព្រឹត្តទៅយ៉ាងសកម្ម ជាពិសេសហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រភេទសត្វព្រៃធំៗដូចជា សត្វខ្លា ដំរី ខ្លាឃ្មុំតូច ត្រីទឹកសាប និងត្រីទឹកប្រៃ និងក៏មានត្រីនាំមកពីទន្លេអាម៉ាហ្សូនផងដែរ។ សួនសត្វក៏បានសាងសង់អគារបន្ទប់ពិសោធន៍ និងព្យាបាលសត្វព្រៃ។ គម្រោងបានចំណាយប្រមាណជា ១៨លានដុល្លារសម្រាប់ធ្វើការវិនិយោគ ហើយគ្រោងនឹងបើសម្ពោធឲ្យដំណើរការជាផ្លូវការនៅខែតុលាខាងមុខ។
អនាគត ក្រុមហ៊ុនមានបំណងស្នើសុំគោលការណ៍នាំចូលប្រភេទសត្វព្រៃចំនួន០៨ប្រភេទ ស្នើនឹង៦១ក្បាល ដែលមានក្នុងតារាងដូចខាងក្រោម៖
១- ដំរីអាស៊ី Asian elephant Elephas maximus ៨ក្បាល
២- ខ្លាធំ Sumatran tiger Panthera tigris sumatrae ៨ក្បាល
៣- ខ្លាឃ្មុំតូច Sun bear Ursus malayanus ៥ក្បាល
៤- ភេតូច Oriental small-clawed otter Aonyx cinereus ១០ក្បាល
៥- ស្កាតូច Small asian mongoose Herpestes javanicus ១០ក្បាល
៦- កាំប្រម៉ា East asian porcupine Hystrix brachyura ១០ក្បាល
៧- ពស់ថ្លាន់ធំ Reticulated python Python reticulatus ៥ក្បាល
៨- ពស់ខ្សែគោក្រហមត្នោត Oriental whip snake Ahaetulla prasina ៥ក្បាល
ឯកឧត្តមរដ្ឋមន្ត្រីបន្ទាប់ពីបានធ្វើទស្សនកិច្ចក្នុងសួនសត្វ និងស្តាប់ពីការបរិយាយដោយត្រួសៗទាក់ទងព័ត៌មានខាងលើរួចមកលោកសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឆន្ទ:ចូលរួមវិនិយោគគម្រោងដ៏មានសារសំខាន់មួយនេះ ហើយក៏ចាត់ទុកជាគម្រោងដំបូងគេក្នុងខេត្ត សៀមរាប ដែលជាខេត្តប៉ូលសេដ្ឋកិច្ចជាតិសម្រាប់វិស័យទេសចរណ៍។ សួនសត្វវាមិនគ្រាន់តែជាចំណីចក្ខុ ប៉ុន្តែថែមទាំងជាកន្លែងថែរក្សា ការពារប្រភេទសត្វព្រៃ និងមច្ឆជាតិកម្ពុជាដែលជិតផុតពូជ និងខ្លះមានដោយកម្រ។ ម្យ៉ាងទៀត ជាកន្លែងផ្សព្វផ្សាយ អប់រំ និងយល់ដឹងបានស៊ីជម្រៅអំពីគ្រប់ប្រភេទសត្វដល់យុវជនកម្ពុជាជំនាន់ក្រោយ និងបម្រើវិស័យទេសចរណ៍នាពេលអនាគតដ៏ខ្លី។ ហេតុនេះ ឯកឧត្តមរដ្ឋមន្ត្រីបានគាំទ្រ និងលើកទឹកចិត្តឲ្យក្រុមការងារជំនាញដែលកំពុងបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅសេសសល់ ឲ្យបានទាន់ពេល ដើម្បីឲ្យគម្រោងបើកសម្ពោធដំណើរការបានជោគជ័យ។ សួនសត្វ ត្រូវសហការជាមួយរដ្ឋបាលព្រៃឈើ និងរដ្ឋបាលជលផលដើម្បីពិនិត្យលើការងារអភិរក្សសត្វ ការថែរក្សា និងបង្កាត់ពូជផងដែរ៕សហការី