ក្រសួ​ងសុខាភិបាល​ក្រើនរម្លឹកប្រជាពលរដ្ឋដែលចាក់វ៉ាក់​​សាំង​ប្រភេ​ទ​Joh​nson&​John​sonត្រូវបន្តទៅ​ចាក់​ដូសជំ​រុញ

ថ្លែងនៅក្នុងឱកាសបំពេញបេសកកម្មការងារចុះត្រួតពិនិត្យការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅខេត្តកំពង់ធំកាលពីពេលថ្មីៗនេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានថ្លែងរម្លឹកដល់បងប្អូនប្រជាពលរដ្ឋត្រូវបន្តមកទទួលដូសជំរុញជាចាំបាច់។ជាពិសេសក្រុមបុគ្គលដែលបានចាក់វ៉ាក់សាំងប្រភេទ Johnson&Johnson។លោកជំទាវវេជ្ជបណ្ឌិត បានបញ្ជាក់ថា ៖ “អ្វីដែលខុសប្លែកពីខេត្តដទៃនោះ សម្រាប់ខេត្តកំពង់ធំ ក៏ដូចជាខេត្តឆ្ងាយៗខ្លះទៀត ដែលខ្ញុំបានរកឃើញនោះ គឺមានបងប្អូនប្រជាពលរដ្ឋមួយចំនួនដែលទទួលវ៉ាក់សាំង Johnson&Johnson ដែលជាប្រភេទវ៉ាក់សាំងដែលចាក់តែមួយដូសហាក់ដូចជាមានការភ័ន្តច្រឡំពាក់ព័ន្ធនឹងសុពលភាពនៃវ៉ាក់សាំង។ មានន័យថា គាត់ស្មានតែចាក់តែមួយដូសនេះហើយ គឺមានសុពលភាពបានរហូត ឬមួយជីវិត ដែលនេះគឺជាគ្រោះថ្នាក់មួយសម្រាប់សុខភាពរបស់បងប្អូន នៅពេលដែលឆ្លងវីរុសកូវីដ-១៩”។
លោកជំទាវវេជ្ជបណ្ឌិត បានពន្យល់ឡើងវិញថា វ៉ាក់សាំងប្រភេទ Johnson&Johnson គឺជាប្រភេទវ៉ាក់សាំងដែលតម្រូវចាក់តែមួយដូស។ប៉ុន្តែមានប្រសិទ្ធភាពស្មើនឹងវ៉ាក់សាំងប្រភេទផ្សេងៗទៀតដែលត្រូវចាក់ ២ដូស។ ដូច្នេះបើពន្យល់ឱ្យកាន់តែងាយយល់ទៀតនោះ គឺចាក់វ៉ាក់សាំង Johnson&Johnson ចំនួន ១ដូស ស្មើនឹងចាក់វ៉ាក់សាំងដទៃទៀត ២ដូស ហើយសុពលភាពរបស់វ៉ាក់សាំង Johnson&Johnsonនេះគឺដូចគ្នានឹងវ៉ាក់សាំងដទៃទៀតដែរគឺមានចាប់ពីពេលចាក់ដំបូងរហូតដល់រយៈពេលកំណត់ណាមួយចាប់ពី ០៣ខែ ដែលប្រសិទ្ធភាពនៃការការពារពីការវ៉ៃលុកដោយវីរុសកូវីដ-១៩ នឹងចាប់ផ្តើមថយប្រសិទ្ធភាពការពារ ហើយនឹងអស់ទាំងស្រុងក្នុងអំឡុងពេលយ៉ាងយូរ ៨ខែ។
ដូច្នេះបើមើលតាមថេរវេលា នៃគម្លាតការចាក់វ៉ាក់សាំងប្រភេទ Johnson&Johnson នេះ ហាក់ដូចជាហួសទៅហើយ មានន័យថាបងប្អូនប្រជាពលរដ្ឋដែលចាក់វ៉ាក់សាំងនេះ ហើយដែលមិនបានចាក់ដូសជំរុញនោះ លែងមានកងការពារ លែងមានភាពស៊ាំនៅក្នុងខ្លួនទៀតហើយ ដែលតម្រូវនៃការចាក់ដូសជំរុញគឺជាការចាំបាច់បំផុត។ ហេតុដូច្នេះហើយ លោកជំទាវវេជ្ជបណ្ឌិត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមកទទួលដូសជំរុញជាចាំបាច់ មិនថាចាក់វ៉ាក់សាំងប្រភេទណានោះទេដើម្បីបង្កើនភាពស៊ាំក្នុងសរីរាង្គក្នុងការទប់ទល់នឹងវីរុសកូវីដ-១៩។សូមរម្លឹកថា កាលពីឆ្នាំ២០២១ នៅពេលដែលកម្ពុជាបានទទួលបានវ៉ាក់សាំងប្រភេទ Johnson&Johnson ជាជំនួយរបស់សហរដ្ឋអាមេរិកនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចបញ្ជូនវ៉ាក់សាំងដែលតម្រូវឱ្យចាក់តែមួយដូសនេះទៅកាន់ខេត្តឆ្ងាយៗ ដែលមានការពិបាកក្នុងការដឹកជញ្ជូន ដូចជាខេត្តភូមិភាគឦសាន ខេត្តព្រះវិហារ និងខេត្តកំពង់ធំ ជាដើម៕AKP

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីនរដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។រូបភាពសហការី