
CPPនិយាយថាខ្លួននឹងឈ្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតជាតិនិងព្រឹទ្ធសភា
បន្ទាប់ពីបានប្រកាសថាខ្លួនទទួលបានអាសនៈភាគច្រើននៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាពេលថ្មីៗនេះ គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច(CPP) មានទំនុកចិត្តក្នុងការទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីបន្ថែមទៀតដោយកំណត់គោលដៅ ៨៣ ភាគរយនៃអាសនៈនៅក្នុងការបោះឆ្នោតជាតិនៅឆ្នាំក្រោយនិង៨៤ ភាគរយនៅក្នុងការបោះឆ្នោតព្រឹទ្ធសភាឆ្នាំ ២០២៤ ។
សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ កាលពីថ្ងៃទី៥ ខែមិថុនា គណបក្សប្រជាជនកម្ពុជា បានអះអាងថា ខ្លួនទទួលបានអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន ៩.៣៨០ ស្មើនឹង ៨០,៧១ ភាគរយនៃអាសនៈសរុប ១១.៦២២ ដែលប្រកួតប្រជែងនៅទូទាំងប្រទេស។ក្នុងបទសម្ភាសន៍ជាមួយកាសែតខ្មែរថាមស៍កាលពីថ្ងៃចន្ទ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានឲ្យដឹងថាផ្អែកលើលទ្ធផលបឋមនៃការបោះឆ្នោតថ្នាក់ក្រោមជាតិ គណបក្សបានកំណត់គោលដៅជ័យជម្នះសម្រាប់ការបោះឆ្នោតជាតិនៅឆ្នាំក្រោយ និងការបោះឆ្នោតព្រឹទ្ធសភាឆ្នាំ ២០២៤ ។
លោកបានលើកឡើងពីឯកសារវិភាគរបស់គណបក្សដែលបង្ហាញថា គណបក្សប្រជាជនអាចឈ្នះបានរហូតដល់ ១០៤ អាសនៈ ឬ ៨៣,២០ ភាគរយនៃអាសនៈរដ្ឋសភាទាំង ១២៥ ដែលនឹងត្រូវដណ្តើមយកក្នុងការបោះឆ្នោតឆ្នាំក្រោយ។នៅក្នុងការវិភាគ គណបក្សភ្លើងទៀន (CP) ដែលជាគូប្រជែងត្រូវបានគេរំពឹងថានឹងឈ្នះត្រឹមតែ ២១អាសនៈឬ១៦,៨០ភាគរយប៉ុណ្ណោះ។លើសពីនេះ គណបក្សប្រជាជនកម្ពុជាក៏បានវិភាគអាសនៈដែលខ្លួនអាចឈ្នះក្នុងការបោះឆ្នោតព្រឹទ្ធសភាផងដែរ។បច្ចុប្បន្ន ព្រឹទ្ធសភាត្រូវបានគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា ដោយកាន់កាប់លើអាសនៈចំនួន ៥៨ ក្នុងចំណោម ៦២ ។ ដោយឡែកអសនៈចំនួន២ត្រូវបានតែងតាំងដោយព្រះមហាក្សត្រ នរោត្តម សីហមុនី និងពីររូបទៀតត្រូវបានបោះឆ្នោតជ្រើសតាំងដោយរដ្ឋសភា។សមាជិកព្រឹទ្ធសភាត្រូវបានបោះឆ្នោតជ្រើសរើសរៀងរាល់ប្រាំមួយឆ្នាំម្តងដោយសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទូទាំងប្រទេស និងសមាជិករដ្ឋសភា។
គណបក្សផ្សេងទៀតដែលទទួលបានអាសនៈតិចជាង ២ ភាគរយក្នុងការបោះឆ្នោតឃុំសង្កាត់ រួមមានគណបក្សហ្វ៊ុនស៊ិនប៉ិច ដឹកនាំដោយព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ គណបក្សខ្មែររួបរួមជាតិ (KNUP) ដឹកនាំដោយលោក ញឹក ប៊ុនឆៃ និងគណបក្សខ្មែរស្រឡាញ់ជាតិ (CNLP) ដឹកនាំដោយលោក ជីវ កត្តា អតីតតំណាងរាស្ត្រគណបក្សប្រឆាំង មិនត្រូវបានរាប់បញ្ជូនជាគណបក្សដែលអាចទទួលបានអាសនៈនៅក្នុងការបោះឆ្នោតទាំងពីរខាងមុខនោះទេ។លោក សុខ ឥសាន បានពន្យល់ថា៖ «យើងយកលទ្ធផលបណ្ណោះអាសន្ននៃការបោះឆ្នោតឃុំសង្កាត់ មកធ្វើជាមូលដ្ឋានក្នុងការវិភាគ ដើម្បីគិតពីលទ្ធភាពនៃការទទួលបានអសនៈ។ សម្រាប់លទ្ធផលព្រឹទ្ធសភា គឺយើងវិភាគតាមរយៈអសនៈដែលទទួលបានពីការបោះឆ្នោតឃុំ និងសំលេងនៃសមាជិករដ្ឋសភា»។
នៅពេលទាក់ទងទៅកាលពីថ្ងៃអង្គារលោក ថាច់ សេដ្ឋា អនុប្រធាន និងជាអ្នកនាំពាក្យគណបក្សភ្លើងទៀនបានច្រានចោលការវិភាគរបស់គណបក្សប្រជាជនកម្ពុជា ដោយអះអាងថា គោលដៅរបស់គណបក្សលោក គឺចង់ឈ្នះឆ្នោតទ្រង់ទ្រាយធំនៅក្នុងការបោះឆ្នោតជាតិ។លោកនិយាយថា៖ «វាគ្រាន់តែជាការវិភាគ ឬការលើកឡើងរបស់គណបក្សកាន់អំណាច។ វាជាសិទ្ធិក្នុងការបញ្ចេញមតិ។ ពិតឬមិនពិត គឺអាស្រ័យលើការបោះឆ្នោតនៅឆ្នាំ២០២២ និឆ្នាំ២០២៤»។
លោកថាទោះបីជាការបោះឆ្នោតជាតិនឹងធ្វើឡើងនៅឆ្នាំក្រោយក៏ដោយ ប៉ុន្តែការវិភាគរបស់គណបក្សប្រជាជនបង្ហាញថាពួកគេនឹងបាត់បង់អាសនៈមួយចំនួនហើយ។គណបក្សប្រជាជនកម្ពុជាបានឈ្នះអាសនៈរដ្ឋសភាទាំង ១២៥ ក្នុងការបោះឆ្នោតជាតិឆ្នាំ ២០១៨ ចំពេលមានការរិះគន់ជុំវិញការរំលាយគណបក្សសង្គ្រោះជាតិដ៏សំខាន់នៅឆ្នាំ ២០១៧ ។
លោក សេដ្ឋា បន្តថា ៖ «ប៉ុន្តែខ្ញុំចង់បញ្ជាក់ថា ទោះបីគណបក្សយើងខ្ញុំបានអសនៈប៉ុន្មានក៏ដោយ យើងខ្ញុំចាត់ទុកលទ្ធផលនោះថាជាជោគជ័យ»។លោកបន្ថែមថា៖ «បច្ចុប្បន្នគាត់ត្រួត្រាកៅអី១០០ភាគនៅរដ្ឋសភា ក៏ដូចជាព្រឹទ្ធសភា ហើយវិភាគថាយើងនឹងបានកៅអីខ្លះដែរ ទាំងដែលយើងមិនមានអ្វីសោះ នោះមិនអាចចាត់ទុថាយើងចាញ់ទេ គឺឈ្នះក្នុងកំរិតមួយដែលមិនទាន់អាចដឹកនាំអំណាចបាន»។លោកថាការទស្សន៍ទាយកន្លងមករបស់ CPP មិនដែលត្រឹមត្រូវទេ ព្រោះការបោះឆ្នោតថ្នាក់ជាតិ និងឃុំសង្កាត់ គឺមានទិដ្ឋភាពខុសគ្នា។យោងតាមលទ្ធផលបឋមនៃការបោះឆ្នោតឃុំសង្កាត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាពេលថ្មីៗនេះ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្ររហូតដល់ ៥,៣ លានសំឡេង បន្ទាប់មកគឺគណបក្សភ្លើងទៀនដែលទទួលបានតែ ១,៦ លានសំឡេងប៉ុណ្ណោះ។
គណបក្សប្រជាជនកម្ពុជាបានអះអាងថាខ្លួនឈ្នះតំណែងមេឃុំចំនួន ១.៦៤៨ ឬ ៩៩,៧៦ ភាគរយក្នុងចំណោមតំណែងមេឃុំសរុបចំនួន ១.៦៥២ ហើយ CP ឈ្នះតំណែងមេឃុំតែ ៤ ប៉ុណ្ណោះ។
គណបក្សប្រជាជនកម្ពុជា ក៏បានអះអាងថា ខ្លួនឈ្នះមេឃុំជំទប់ទី១ ចំនួន ១.៦១៩ និងជំទប់ទី២ ចំនួន ២៦។ ខណៈគណបក្សភ្លើងទៀនបានឈ្នះជំទប់ឃុំចំនួន ២៥ និងតំណែងជំទប់ទី ២ ចំនួន ១.៣៥៧ នាក់។
អត្រាអ្នកទៅបោះឆ្នោតឃុំសង្កាត់មានចំនួន ៨០,១៩ ភាគរយឬ ៧.៣៨២.៤៤៩ នាក់ នៃអ្នកដែលមានសិទ្ធិបោះឆ្នោតសរុបចំនួន ៩,២ លាននាក់ ហើយលោក សេដ្ឋា បាននិយាយថាអ្នកដែលខកខានមិនបានចូលរួមការបោះឆ្នោតថ្នាក់ក្រោមជាតិអាចបោះឆ្នោតឲ្យ CP ក្នុងការបោះឆ្នោតជាតិនៅឆ្នាំក្រោយបាន។
លោកលើកឡើងថា៖ «យើងជឿថាអាចនឹងមានការប្រែប្រួលច្រើន មិនត្រឹមតែ២១ កៅអីទេ ចាប់ពីពេលនេះ រហូតដល់ថ្ងៃបោះឆ្នោតជាតិយើងនឹងធ្វើសកម្មភាពឲ្យខ្លាំងដើម្បីទាក់ទាញពលរដ្ឋ យើងខិតខំធ្វើគោលនយោបាយឲ្យល្អដើម្បីទាក់ទាញពលរដ្ឋ»។ទោះយ៉ាងណា លោក សេដ្ឋា ហាក់ទទួលស្គាល់ថាតួលេខរបស់គណបក្សប្រជាជនក្នុងការវិភាគលើអាសនៈព្រឹទ្ធសភា ប្រហែលជាមិនមានការប្រែប្រួលច្រើនទេ ព្រោះអ្នកបោះឆ្នោតមិនមែនជាមនុស្សសាមញ្ញទេ ប៉ុន្តែជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ និងតំណាងរាស្ត្រដែលជាប់ឆ្នោត៕KhmerTime
យុទ្ធនាការបោះឆ្នោតឃុំសង្កាត់គណបក្សប្រជាជនកម្ពុជាស្រុកតំបែរព្រឹកថ្ងៃសុក្រត្រូវនឹងថ្ងៃទី០៣ខែមិថុនា ឆ្នាំ២០២២។រូបភាពហ្វេសប៊ុករដ្ឋមន្រ្តីក្រសួងកសិកម្ម