រុស្ស៊ី​ថា​​សព្វាវុធ​លោក​​ខាង​លិច​គ្មា​ន​​ប្រយោជន៍

រុស្ស៊ី​បាន​ព្រមាន​លោកខាងលិច​កុំ​ឲ្យ​បន្ត​នាំ​សព្វាវុធ​ទៅ​ឲ្យ​អ៊ុយក្រែនដោយ​ហៅ​ជំនួយ​ថា​គ្មាន​ប្រយោជន៍​ទាំងស្រុងនិង​បំផ្លាញ​ក្រុង​គៀវ។អ្នកនាំពាក្យបាននិយាយថា”ខ្ញុំចង់សង្ឃឹមថាមេដឹកនាំនៃប្រទេសទាំង៣នេះ និងប្រធានាធិបតីរ៉ូម៉ានីមិនត្រឹមតែផ្តោតលើការជួយដល់អ៊ុយក្រែនដោយការនាំអាវុធបន្ថែមទៀតនោះទេ។ ជំនួយអាវុធគឺគ្មានប្រយោជន៍ទាំងស្រុងហើយនឹងធ្វើឱ្យខូចខាតដល់អ៊ុយក្រែន”។ អ្នកនាំពាក្យវិមានក្រឹមឡាំង DmitryPeskovបានប្រាប់អ្នកយកព័ត៌មានថ្ងៃនេះសំដៅលើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងគៀវរបស់ប្រធានាធិបតីបារាំង Emmanuel Macron អធិការបតីអាល្លឺម៉ង់ Olaf Scholz និងនាយករដ្ឋមន្ត្រីអ៊ីតាលី Mario Draghi។នេះជាដំណើរលើកដំបូងទៅកាន់ទីក្រុងគៀវរបស់មេដឹកនាំនៃប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងបីនៃសហភាពអឺរ៉ុប(EU)ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធានៅអ៊ុយក្រែនកាលពីចុងខែកុម្ភៈ។មេដឹកនាំទាំង៣ក៏បានជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ក្នុងថ្ងៃនេះ។Peskov បាននិយាយថា “សូមឱ្យសង្ឃឹមថាពួកគេនឹងលើកទឹកចិត្តប្រធានាធិបតី Zelensky ឱ្យមើលស្ថានភាពជាក់ស្តែង” ។ទន្ទឹមនឹងនេះអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បាននិយាយថាដំណើរទស្សនកិច្ចរបស់មេដឹកនាំអឺរ៉ុបនឹងមិននាំមកនូវផលប្រយោជន៍អ្វីឡើយ។លោក Medvedev បានសរសេរថា “ជនជាតិអឺរ៉ុបដែលចូលចិត្តកង្កែប សាច់ក្រក ថ្លើម និងស្ប៉ាហ្គាទី ចូលចិត្តទៅលេងទីក្រុងគៀវគ្មានប្រយោជន៍ទេ” ។ “ពួកគេនឹងសន្យាជួយអ៊ុយក្រែនឱ្យក្លាយជាសមាជិកសហភាពអឺរ៉ុបផ្តល់គ្រាប់បែកដៃចាស់ៗផឹក gorilka និងត្រឡប់ទៅផ្ទះវិញតាមរថភ្លើង។រឿងទាំងនេះនឹងមិននាំអ៊ុយក្រែនឱ្យកាន់តែជិតសន្តិភាពទេ”។មេដឹកនាំនៃប្រទេសអាល្លឺម៉ង់ បារាំង និងអ៊ីតាលីបានធ្វើដំណើរតាមរថភ្លើងទៅកាន់ទីក្រុងគៀវ បន្ទាប់មកបានចូលរួមជាមួយប្រធានាធិបតីរ៉ូម៉ានី លោក Klaus Iohannis ដើម្បីទស្សនាទីក្រុង Irpin នៅជាយក្រុងគៀវដែលជាតំបន់មួយក្នុងចំណោមតំបន់ដែលរងគ្រោះខ្លាំងបំផុតក្នុងដំណាក់កាលដំបូងនៃសង្រ្គាម។ក្នុងដំណើរទស្សនកិច្ចនេះអធិការបតីអាល្លឺម៉ង់Olafបានសន្យាថានឹងធានាបាននូវជំនួយផ្នែកហិរញ្ញវត្ថុ មនុស្សធម៌ និងអាវុធដល់អ៊ុយក្រែន ឱ្យបានយូរតាមតម្រូវការ។ លោក Macron បានប្តេជ្ញាថានឹងឈរជាមួយអ៊ុយក្រែនជានិច្ចដោយជឿជាក់ថាទីក្រុងគៀវនឹងឈ្នះ ខណៈដែលនាយករដ្ឋមន្រ្តីអ៊ីតាលីបាននិយាយថាលោកនឹងជួយអ៊ុយក្រែនកសាងឡើងវិញនូវអ្វីគ្រប់យ៉ាង។ដំណើរ​ទស្សនកិច្ច​នេះ ដែល​ពីមុន​បាន​រក្សា​ការសម្ងាត់​សម្រាប់​ហេតុផល​សន្តិសុខ បាន​កើតឡើង​មួយថ្ងៃ​មុនពេល​គណៈកម្មការ​អឺរ៉ុប​បាន​ផ្តល់​អនុសាសន៍​របស់ខ្លួន​ស្តីពី​បេក្ខភាព​សហភាព​អឺរ៉ុប​របស់​អ៊ុយក្រែន។បច្ចុប្បន្នអាល្លឺម៉ង់បារាំងនិងអ៊ីតាលីសុទ្ធតែគាំទ្រអ៊ុយក្រែនឱ្យក្លាយជាសមាជិកនៃប្លុកនេះ៕យោងតាមAFP

អ្នកនាំពាក្យវិមានក្រឹមឡាំង DmitryPeskov។