
នាយករដ្ឋមន្ត្រីប្រកាសតម្លើងប្រាក់បៀវត្សរ៍ឡើងវិញ
បន្ទាប់ពីបានស៊ូទ្រាំនឹងទុក្ខលំបាកដែលបណ្តាលមកពីជំងឺរាតត្បាតកូវិត១៩ មន្ត្រីរាជការក្នុងព្រះរាជាណាចក្រកម្ពុជាមានអ្វីដែលត្រូវរីករាយនៅពេលលោកនាយករដ្ឋមន្រ្តីប្រកាសតម្លើងប្រាក់បៀវត្សរ៍ឡើងវិញ។លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីម្សិលមិញថា មន្រ្តីរាជការទាំងអស់នឹងត្រូវដំឡើងប្រាក់ឈ្នួលបន្ទាប់ពីផ្អាករយៈពេល២ឆ្នាំដោយសារជំងឺរាតត្បាត។
ទោះយ៉ាងណាក៏ដោយទន្ទឹមនឹងការស្វាគមន៍ចំពោះការដំឡើងថ្លៃនេះ មន្ត្រីរាជការមួយចំនួនបានចង្អុលបង្ហាញដែលតម្លៃនៃតម្រូវការប្រចាំថ្ងៃក៏បានកើនឡើងផងដែរ។ក្នុងសុន្ទរកថាក្នុងពិធីចែកសញ្ញាបត្រកាលពីម្សិលមិញ លោក ហ៊ុន សែន បានថ្លែងថា ប្រាក់ឈ្នួលអប្បបរមាសម្រាប់គ្រូបង្រៀន និងវេជ្ជបណ្ឌិតនឹងឡើងដល់ ៣៧៥ ដុល្លារ ពី ៣២៥ ដុល្លារក្នុងមួយខែ ឬ ៥០ ដុល្លារទៀត ហើយមន្ត្រីរដ្ឋាភិបាលផ្សេងទៀតនឹងទទួលបានអប្បបរមា ៣៥០ ដុល្លារក្នុងមួយខែ ឡើងពី ៣០០ ដុល្លារ។លោកស្រី ភឿង ស្រីលាង អាយុ ២៧ ឆ្នាំ ជាគ្រូបង្រៀនអនុវិទ្យាល័យក្នុងខេត្តកំពង់ស្ពឺ បាននិយាយកាលពីម្សិលមិញថាអ្នកគ្រូសប្បាយចិត្តណាស់ដែលរដ្ឋាភិបាលមានគម្រោងដំឡើងប្រាក់ខែគ្រូបង្រៀននៅទូទាំងប្រទេសឱ្យខ្ពស់ជាងនេះ។
ទោះជាយ៉ាងនេះក្តី អ្នកគ្រូកត់សម្គាល់ថា ចាប់តាំងពីកូវិត១៩វាយលុក តម្លៃរបស់របរប្រើប្រាស់ ជាពិសេសប្រេងសាំង បានហក់ឡើងយ៉ាងខ្លាំង ដែលធ្វើឲ្យនាងពិបាករកដំណោះស្រាយ។
អ្នកគ្រូថា៖ « ខ្ញុំមានកូនពីរនាក់។ ក្នុងអំឡុងពេលពីរឆ្នាំដែលយើងមិនទទួលបានការដំឡើងប្រាក់ខែ ហើយបន្ទាប់ពីកូវិត១៩ បណ្តាលឱ្យតម្លៃសាំងឡើងខ្ពស់ ខ្ញុំយល់ថាវាពិបាកក្នុងការធ្វើដំណើរទៅបង្រៀននៅសាលារបស់ខ្ញុំដែលឆ្ងាយពីផ្ទះរបស់ខ្ញុំ»។
ចំណែកអ្នកគ្រូម្នាក់ទៀត លោកស្រី ឯក សំណាង អាយុ ៣៦ឆ្នាំ ជាគ្រូបង្រៀននៅអនុវិទ្យាល័យ ហ៊ុន សែន បានមានប្រសាសន៍ថា អ្នកស្រីពិតជាគាំទ្ររដ្ឋាភិបាលក្នុងការតម្លើងប្រាក់បៀវត្សរ៍ ខណៈពេលដែលប្រទេសកម្ពុជាកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺរាតត្បាត។
ទោះជាយ៉ាងនេះក្តី អ្នកស្រីបានកត់សម្គាល់ថា ការដំឡើងប្រាក់បៀវត្សរ៍ត្រូវបានទូទាត់ដោយការចំណាយប្រចាំថ្ងៃដោយសារតម្លៃទំនិញ ប្រេងសាំង សាច់ និងគ្រឿងទេសបានឡើងថ្លៃ។
អ្នកស្រីបានបន្តថា៖ «ប្រសិនបើយើងប្រៀបធៀបតម្លៃទីផ្សារសព្វថ្ងៃចំនួនប្រាក់បៀវត្សរ៍ដែលបានកើនឡើងមិនស្មើនឹងការចំណាយនោះទេ ប៉ុន្តែខ្ញុំនៅតែអរគុណរដ្ឋាភិបាលជាខ្លាំងដែលបានជួយដល់គ្រូបង្រៀនដែលជួបការលំបាកខ្លះ»។
អ្នកស្រីបានបន្តថា ប្រាក់ខែបច្ចុប្បន្នរបស់អ្នកស្រីប្រហែល ៣៥០ ដុល្លារក្នុងមួយខែ មិនគ្រប់គ្រាន់សម្រាប់ការចំណាយរបស់គាត់ រួមទាំងការចំណាយលើការសិក្សារបស់កូន និងការព្យាបាលជំងឺនៅពេលចាំបាច់។
ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ លោក ហុក គ្រី ប្រាប់ខ្មែរថាមស៍ កាលពីម្សិលមិញថា លោកសប្បាយចិត្តខ្លាំងណាស់ពេលឮរដ្ឋាភិបាលដំឡើងប្រាក់ខែគ្រូ និងគ្រូពេទ្យ។
លោកបានបន្ថែមថា មានគ្រូពេទ្យចំនួន ១០៣៤នាក់ និងគ្រូពេទ្យជាប់កិច្ចសន្យាចំនួន ១០៤នាក់។ លោកបានបន្តថា៖ «បច្ចុប្បន្នគ្រូពេទ្យជាប់កិច្ចសន្យា ឆ្មប និងអ្នកមើលថែទាំទទួលបានប្រហែល ១៦៧,៥ ដុល្លារក្នុងមួយខែ ខណៈគ្រូពេទ្យពេញម៉ោងត្រូវបានប្រាក់ឈ្នួលប្រហែល ៣២៥ ដុល្លារ»។
រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ព្រំ សុខា បានប្រាប់កាសែតខ្មែរថាមស៍ កាលពីម្សិលមិញថា រហូតមកដល់ពេលនេះ មានមន្ត្រីរាជការជាង ២៣ម៉ឺននាក់ កំពុងធ្វើការនៅទូទាំងប្រទេស។
លោកបន្តថា បច្ចុប្បន្នមន្ត្រីដែលមានប្រាក់ឈ្នួលខ្ពស់បំផុតទទួលបាន ៧១៣ ដុល្លារ និងទាបបំផុត ២៩៣ ដុល្លារក្នុងមួយខែ។លោកព្រំ សុខា បានកត់សម្គាល់ថា ចំពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រទេសមួយចំនួនលើពិភពលោកបានកាត់ប្រាក់ខែមន្ត្រីរាជការដែលមិនមានលទ្ធភាពមកធ្វើការ ។ប៉ុន្តែសំណាងល្អនៅកម្ពុជា រដ្ឋាភិបាលមិនបានកាត់ប្រាក់បៀវត្សរ៍ទេ គឺគ្រាន់តែបង្កកការដំឡើងប្រាក់ខែប៉ុណ្ណោះ។លោកបានបន្ថែមថា ដោយសារកម្ពុជាឥឡូវគ្មានកូវីដ-១៩ រដ្ឋាភិបាលបានសម្រេចចិត្តជំរុញមន្ត្រីរដ្ឋាភិបាលទាំងអស់ដោយដំឡើងប្រាក់ខែយ៉ាងតិច ៣៥០ ដុល្លារក្នុងមួយខែ។
លោកបានមានប្រសាសន៍ថា៖ « យើងមានសេចក្តីសោមនស្សរីករាយ និងគាំទ្រចំពោះចំណាត់ការរបស់រដ្ឋាភិបាលក្នុងការតម្លើងប្រាក់បៀវត្សរ៍មន្ត្រីរាជការទូទាំងប្រទេស ហើយការដំឡើងនេះនឹងជួយមន្ត្រីមួយចំនួនដែលកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុក្នុងការមើលថែទាំគ្រួសាររបស់ពួកគេកាន់តែប្រសើរឡើង»។
បើតាមអ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សុវាចា កាលពីម្សិលមិញ លោកថ្លែងអំណរគុណចំពោះនាយករដ្ឋមន្ត្រីដែលបានដំឡើងប្រាក់ខែគ្រូបង្រៀនទូទាំងព្រះរាជាណាចក្រកម្ពុជា។
លោកបន្ថែមថា ក្រសួងផ្តោតលើការលើកកម្ពស់គុណភាពជីវិត និងកម្រិតជីវភាពរបស់គ្រូបង្រៀនជារៀងរាល់ឆ្នាំ។ដំណឹងល្អរបស់សម្ដេច ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលលោកបានចែកសញ្ញាបត្រដល់សិស្សានុសិស្សនៃសាលាភូមិន្ទរដ្ឋបាលជាង ២០០០នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការបណ្តុះបណ្តាលវិជ្ជាជីវៈដោយជោគជ័យ។លោកថា៖ « ចំពោះសារាចរស្តីពីការរៀបចំច្បាប់ថវិកាសម្រាប់ឆ្នាំក្រោយ គឺគ្រោងដំឡើងប្រាក់បៀវត្សរ៍ យើងខកខានមិនបានដំឡើងប្រាក់បៀវត្សរ៍នៅឆ្នាំ២០២០ និងឆ្នាំ២០២១។ ឥឡូវនេះនៅឆ្នាំ២០២២ យើងនឹងចាប់ផ្តើមអនុវត្តច្បាប់ដំឡើងប្រាក់បៀវត្សរ៍ឡើងវិញ»។លោក ហ៊ុន សែន បានកត់សម្គាល់ថា អ្នកដែលប្រាក់ខែឥឡូវត្រូវបានដំឡើងដល់ ៣៧៥ ដុល្លារនឹងត្រូវបង់ពន្ធ ហើយលោកបានស្នើទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន ធ្វើការកែតម្រូវចាំបាច់៕KhmerTime
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។រូបភាពសហការី