ប្រធានគណ​បក្សប្រជាជនកម្ពុជាចេ​ញមក​បបួល​ក្រុមអ្នកជំ​ទាស់នឹងលទ្ធផល​​ស្បថឲ្យរន្ទៈ​បាញ់

សម្តេចហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃចន្ទនេះ បានបបួលក្រុមអ្នកប្រឆាំងស្បថ ជុំវិញការលើកឡើងពីភាពមិនប្រក្រតីនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៥។ការបបួលនេះ ធ្វើឡើងបន្ទាប់ពីគណបក្សជំទាស់មួយចំនួនបានលើកឡើងពីភាពមិនប្រក្រតីមួយចំនួនបានកើតមាននាអំឡុងពេលបោះឆ្នោតថ្មីៗនេះ។គណបក្សជំទាស់មួយចំនួនបានចោទថាការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ បានប្រព្រឹត្តទៅដោយមិនសេរីនិងយុត្តិធម៌។ដោយថ្លែងនៅក្នុងពិធីចែកសញ្ញាប័ត្រដល់សិស្សសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃចន្ទនេះ សម្តេច ហ៊ុន សែនក្នុងនាមជានាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា បានចោទសួរទៅកាន់ក្រុមអ្នកដែលមាននិន្នាការប្រឆាំងមួយចំនួន ដែលបានចោទប្រកាន់ថា ការបោះឆ្នោតឃុំ-សង្កាត់ កាលពីថ្ងៃទី០៥មិថុនានោះ មានបញ្ហាលួចសន្លឹកឆ្នោត។ ប្រធានគណបក្សប្រជាជនកម្ពុជារូបនេះបានដាក់ជាចំណោទទៅកាន់ក្រុមអ្នកប្រឆាំងវិញ ថា តើ គ.ជ.ប និង គណបក្សប្រជាជនកម្ពុជាបានលួចសន្លឹកឆ្នោតដោយរបៀបណា?។នៅចំពោះមុខលទ្ធផលបឋមនាពេលនេះ សម្តេចហ៊ុនសែនក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជាបានចេញមកបបួលក្រុមអ្នកជំទាស់នឹងលទ្ធផល ស្បថឲ្យរន្ទៈបាញ់ប្រសិនបើមានការលួចបន្លំសន្លឹកឆ្នោតពិតមែន។ បើតាមសម្តេច ហ៊ុន​សែន ស្បថមិនមែនជារឿងកំប៉ិកកំប៉ុកឬឥតបានការឡើយ ព្រោះក្នុងរដ្ឋធម្មនុញ្ញប្រទេសនីមួយៗ មិនថាប្រធានាធិបតី នាយករដ្ឋមន្ត្រី ឬសមាជិកសភា សុទ្ធតែត្រូវស្បថ មុនចូលកាន់តំណែង។សម្ដេចតេជោ ហ៊ុនសែនបានមានប្រសាសន៍ថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ នាពេលកន្លងមកជូនដល់គណបក្សប្រជាជនកម្ពុជា ហើយ ដែល ចំណុចនេះបានបង្ហាញឱ្យឃើញច្បាស់ថាប្រជាជនបានបោះឆ្នោតជ្រើសរើសយកសន្តិភាពនិងការអភិវឌ្ឍហើយ។ សម្ដេចតេជោថ្លែងថា តាមលទ្ធផលគិតទុកជាមុន គណបក្សប្រជាជនកម្ពុជាទទួលបាន សំឡេងគាំទ្រជាង ៧០ភាគរយ ហើយទទួលបានអាសនៈមេ ឃុំ សង្កាត់ចំនួន ១៦៤៨ ឃុំសង្កាត់ គឺស្មើ ៩៩ភាគរយគឺវាគ្រប់គ្រាន់ណាស់ហើយសម្រាប់គណបក្សប្រជាជនកម្ពុជា។សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា «យើងទទួលបានអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ជាង ៨០ភាគរយ វាជាការគ្រប់គ្រាន់ហើយសម្រាប់គណបក្សប្រជាជនកម្ពុជា»។ សម្ដេចតេជោលើកឡើងថា គេចោទថារដ្ឋាភិបាលឯកបក្ស តើឥឡូវឯកបក្សទៀតទេ បើសិនជាថ្នាក់ក្រោមជាតិមានជាង២០ភាគរយ មកពីគណបក្សផ្សេងៗនោះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងបន្តថា យោងតាមលទ្ធផលគិត ទុកជាមុននៅឆ្នាំ២០២៣នៅក្នុងរដ្ឋសភាមិនមែនមានតែបក្សមួយទៀតទេគឺមានបក្សច្រើនដែលនឹងទទួលអាសនៈនៅក្នុងរដ្ឋសភា។សម្តេចតេជោថ្លែងបន្តថា ដំណើរ ការប្រជាធិប តេយ្យគឺវាទៅបែប នេះ។ដូច្នេះចង់បានអ្វីទៀតឬមួយចាំដល់គេឈ្នះទើបហៅថាមានប្រជាធិបតេយ្យហើយនៅពេលមិនទាន់ឈ្នះ គេនៅតែនិយាយថាមិនទាន់មានប្រជាធិបតេយ្យ។ សម្តេចតេជោ ហ៊ុន សែន លើកឡើងទៀតថា ការរបូតកៅអីទៅបក្សប្រឆាំងវាជារឿងធម្មតា នេះដំណើរការប្រជាធិបតេយ្យតែប៉ុណ្ណោះ។ វាមិនមានអ្វីដែលគួរឱ្យមានការភ្ញាក់ផ្អើលនោះទេ។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានស្នើឱ្យមេឃុំ ចៅសង្កាត់ទាំងអស់ដែលជាប់ឆ្នោតរួមគ្នាធ្វើការក្រោយការប្រកាសលទ្ធផលផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោតនៅថ្ងៃទី២៦ខែមិថុនាខាងមុខ ព្រោះការឃោសនាបោះឆ្នោត និងការ បោះឆ្នោតបានបញ្ចប់ ហើយឥឡូវដល់រដូវធ្វើស្រែចំការ និងប្រកបរបររកទទួលទាន។ សម្តេចតេជោ ហ៊ុន សែនបានអរគុណប្រជាពលរដ្ឋកម្ពុជាជាង៨០ភាគរយដែលបានចេញទៅបោះឆ្នោតដោយភាពស្ងប់ស្ងាត់ប្រកបដោយសេរីនិងយុត្តិធម៌និងបានអនុវត្តន៍នូវសិទ្ធិនយោបាយរបស់ខ្លួននិងបានអរគុណចំពោះកម្លាំងសមត្ថកិច្ចទាំងអស់ដែល បានខិតខំប្រឹងប្រែការពារសន្តិសុខសុវត្ថិភាពបានយ៉ាងល្អសម្រាប់ដំណើរការបោះឆ្នោត។ សម្តេចតេជោ ហ៊ុន សែន ក៏បានវាយតម្លៃថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ កន្លងមកបានបង្ហាញថាកម្ពុជាមានភាពចាស់ទុំខាងនយោបាយនិងនិងបង្ហាញពីដំណើរការប្រជាធិបតេយ្យជាទៀងទាត់របស់កម្ពុជា។លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ បង្ហាញថា គណបក្សប្រជាជនកម្ពុជា បានទទួលសំឡេងគាំទ្រលើសលប់ ខណៈដែលគណបក្សភ្លើងទៀន ដែលជាសំឡេងប្រឆាំងទើបលេចរូបរាងមកជាថ្មីនោះទទួលបានសំឡេងគាំទ្រប្រមាណជាង១លាន៦សែនសំឡេង គិតជាអាសនៈ បានជាង២ពាន់អាសនៈក្រុមប្រឹក្សា។គណបក្សភ្លើងទៀន បានអះអាងតាមសេចក្តីថ្លែងការណ៍ខ្លួនភ្លាមៗ ក្រោយការបោះឆ្នោតបានមួយថ្ងៃថា លទ្ធផលបែបនេះ មិនបានឆ្លុះបញ្ចាំងពីឆន្ទៈប្រជាពលរដ្ឋ ដ្បិតការបោះឆ្នោតមិនបានប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។ ក៏ប៉ុន្តែយ៉ាងណា គណបក្សភ្លើងទៀន បានប្រកាសទទួលយកលទ្ធផលដែលខ្លួនទទួលបាន បើទោះបី បានរិះគន់ពីភាពមិនប្រក្រតីនៃការបោះឆ្នោតក៏ដោយ។ត្រង់ចំណុចនេះ សម្តេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចំអកទៅវិញថា បើជំទាស់នឹងលទ្ធផល ហេតុអ្វីទទួលយកកៅអី ដែលសល់ពីការលួចនោះ។គួរជម្រាបថា លទ្ធផលបឋមនៃការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រប្រមាណជាង៥លាន៣សែនសំឡេង គណបក្សភ្លើងទៀនទទួលបានជាង១លាន៦សែនសំឡេង និងគណបក្ស១៥ផ្សេងទៀត ទទួលបានសំឡេងគាំទ្រត្រដមត្រសង។ ដោយឡែកលទ្ធផលជាផ្លូវការ គ.ជ.ប នឹងប្រកាសនៅថ្ងៃទី២៦មិថុនាខាងមុខ៕RFI,AKP