សម្តេចហ៊ុន​សែន៖វ៉ាក់សាំងនៅ​កម្ពុជាមិន​រើសអើង

សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា នៅកម្ពុជាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ មិនបានរើសអើង និង​ប្រកាន់និន្នាការនយោបាយឬសាសនានោះទេ ហើយការចាក់វ៉ាក់សាំង បើទោះបីជា​ចាក់​រហូតដល់ដូសទី២០ ក៏មិនយកលុយដែរ។ថ្លែងក្នុងពិធីបិទ និងប្រគល់សញ្ញាបត្រក្នុងវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០ ២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាលជាង២ពាន់នាក់ នាព្រឹក​ថ្ងៃ​ទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅសាលសន្និបាតជ្រោយចង្វារ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលបានគិតគូរណាស់ចំពោះសិទ្ធិរស់រានមានជីវិតសំខាន់ ដែល​ជាក់​​ស្តែង​យុទ្ធសាស្ត្រនៃការចាក់ថ្នាំបង្ការជំងឺកូវីដ១៩។ សម្តេចតេជោបានលើកឡើងថា បើគ្មានសិទ្ធិរស់រានមានជីវិតហើយ នឹងគ្មានអ្វីទាំងអស់ អ្នកខ្លះគេមិនហ៊ានពីសិទ្ធិរស់រាន​មានជីវិតនោះទេ បែរទៅនិយាយពីសិទ្ធិអ្វីផ្សេង ប៉ុន្តែរាជរដ្ឋាភិបាលគិតគូរទាំងអស់រាប់​ទាំង​សិទ្ធិបោះឆ្នោតដែលទើបកន្លងមកប៉ុន្មានសប្តាហ៍មកនេះ។ សម្តេចតេជោបានបញ្ជាក់ទៀត​ថា វ៉ាក់សាំងនៅកម្ពុជាអត់មានការរើសអើងនោះទេ បើទោះបីជាការបោះឆ្នោតជ្រើស​រើស​ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥​មានគណបក្ស១៧ចូលរួម ហើយគណបក្សទាំងអស់​ក៏មានសំឡេងឆ្នោតដែរ គ្រាន់តែមានចំនួនតិចនិងច្រើន។សម្តេចតេជោបានថ្លែងបញ្ជាក់ថា “ចំណុចនេះយើងសួរតើអ្នកបោះឆ្នោទាំងនោះ​បាន​ទទួលចាក់វ៉ាក់សាំងឬអត់។ ចំណុចនេះត្រូវគេមើលឃើញចំពោះចំណាត់ការ​របស់​កម្ពុជា​បើទោះបីជាមានជំនឿលើសាសនាខុសគ្នា បើទោះបីមានជំនឿលើបក្សនយោបាយ ខុសគ្នាក៏ប៉ុន្តែយើងមានតម្រូវដូចគ្នាគឺការរស់រានមានជីវិត និងការមិនឱ្យឆ្លងជំងឺកូវីដ។ អីចឹងរាជរដ្ឋាភិបាលត្រូវធ្វើចំណុចនេះ រឿងអ្នកកាន់ និងមានជំនឿគណបក្សនយោបាយ ណា​ជារឿងរបស់គេហើយខ្ញុំមិនឆ្វល់ ហើយអ្វីដែលខ្ញុំឆ្ងល់គឺអាយុជីវិតរបស់ពលរដ្ឋ”។ សម្តេចតេជោក៏បានបន្ដថាវ៉ាក់សាំងអាចចាត់ទុកជានិមិត្តរូបនៃសាមគ្គីជាតិ និងឯកភាព​ជាតិ​ ហើយពេលយើងចាប់ផ្តើម វ៉ាក់សាំងមានគេបំផុសព័ត៌មានថាចាក់វ៉ាក់សាំងគឺងាប់ តែ​ក្រោយមកមានការនិយាយថាវ៉ាក់សាំងអត់បញ្ហាដែល ចំណុចនេះគេមានចេតនាឱ្យ​មនុស្ស​ទៅទទួលវ៉ាក់សាំងនៅពេលយើងមិនទាន់មានវ៉ាក់សាំងគ្រប់គ្រន់។សម្តេចតេជោនាយករដ្ឋមន្រ្ដីបានអះអាងថា កុំគិតថាគេនិយាយថាឱ្យចាក់វ៉ាក់​សាំង​ហើយថាគំនិតល្អ គឺមិនមែននោះទេ។ ខ្ញុំបានវាយតម្លៃត្រូវអស់រយៈពេល២​សប្តាហ៍ថា​នឹង​មានអ្នកជំរុញឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំង។ ដូច្នេះសូមកុំសង្ឃឹមថាសំដីនេះ​ជាសំដីឱ្យ​ល្អឱ្យសោះ គឺជាសំដីដើម្បីបំផ្លាញទៅវិញ ដោយសារសំដីជាសំដីជំរុញ ឱ្យប្រជាពល​រដ្ឋ​ទៅ​ដណ្តើមវ៉ាក់សាំងនៅពេលយើងខ្វះវ៉ាក់សាំង”។ ក្នុងឱកាសនោះដែរ សម្តេចតេជោក៏លើកឡើងបន្ថែមថា មានអ្នកផ្ដល់គំនិតថា​ចាក់​វ៉ាក់សាំងយកលុយចំពោះអ្នកមាន ហើយអ្នកក្រមិនយកលុយ។ ប៉ុន្តែសម្តេចបានបញ្ជាក់ថា​មិនថាចាក់វ៉ាក់សាំងដូសទី២០ក៏មិនលុយនោះទេ ហើយសូមកុំចាត់ទុកវ៉ាក់សាំង​នយោ​បាយ​ឱ្យ​សោះ។សម្តេចតេជោបានថ្លែងបន្ថែមដែរថា “បើការចាក់វ៉ាក់សាំងយកលុយ​នោះ​នឹងបង្កើតឱ្យមានអំពើពុករលួយជាក់ជាមិនខាន”៕AKP

ជនបរទេសចាក់វ៉ាក់សាំងប្រឆាំងកូវីដនៅកម្ពុជា។រូបភាពសហការី