ប្រមុ​ខរដ្ឋាភិបា​លកម្ពុជាស្នើឱ្យប្រធា​នក្រុមប្រឹក្សា​រដ្ឋបាលរដ្ឋសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ពិចារណាឡើងវិញ​​នូវការ​អនុវត្ត​ការកា​ត់ទោសប្រហា​រជីវិ​តដល់អ្ន​កប្រឆាំ​ង

សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាក្នុងឋានៈជាប្រធានអាស៊ានបានស្នើឱ្យប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាពិចារណាឡើងវិញនូវការផ្តន្ទាទោសនិងចៀសវាងការអនុវត្តការកាត់ទោសប្រហារជីវិតដល់អ្នកដែលប្រឆាំង នឹងក្រុមប្រឹក្សារដ្ឋបាលរដ្ឋនោះ។ក្នុងលិខិតផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ Min Aung Hlaing ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋសាធារណរដ្ឋ សហភាពមីយ៉ានម៉ា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា “ខ្ញុំមានសេចក្តីសោម នស្សរីករាយជាខ្លាំង ដែល ឯកឧត្តម និងខ្ញុំបានរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងផ្លាស់ ប្តូរទស្សនៈលើបញ្ហានានា ដែលចាត់ទុក ថាមាន សារៈសំខាន់សម្រាប់មីយ៉ានម៉ា និងកម្ពុជា ក៏ដូចជាអាស៊ានផងដែរ។ ការសន្ទនារបស់យើង អនុញ្ញាតឱ្យយើង ឈានទៅដល់ការយល់រួមគ្នាលើបញ្ហាផ្សេងៗដែលមានផល ប៉ះពាល់យ៉ាងធំធេងលើសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសរបស់ យើង និងអាស៊ានទាំងមូល”។សម្ដេចតេជោបានបញ្ជាក់ថា «ខ្ញុំមិនមានមន្ទិលទេថា ឯកឧត្តម ពិតជាដឹងយ៉ាងច្បាសថា សព្វថ្ងៃនេះតំបន់ របស់យើងគឺជាចំណុចកណ្តាល នៃយុទ្ធសាស្ត្រភូមិសាស្ត្ររបស់មហាអំណាច ខណៈពេលដែលការប្រកួត ប្រជែងរវាងពួកគេកំពុងតែកើនឡើង។ ជាមួយនឹងការវិវឌ្ឍបែបនេះ ចំណាប់អារម្មណ៍ជាច្រើនកំពុងផ្តោតទៅ លើ ការអភិវឌ្ឍក្នុងតំបន់អាស៊ាន និងទៅលើភាពជឿជាក់ និងប្រសិទ្ធភាពរបស់អាស៊ាន ក្នុងនាមជាគ្រួសារ តំបន់ដែលយកប្រជាជនជាស្នូល។ ការវិវឌ្ឍក្នុងប្រទេសមីយ៉ាន់ម៉ា កំពុងទទួលការចាប់អារម្មណ៍ខ្ពស់ និងត្រូវបានគេតាម ដាន សង្កេតដោយមនុស្សជុំវិញពិភព លោក»។សម្ដេចតេជោគូសបញ្ជាក់ទៀតថា ការផ្តន្ទាទោស និងផែនការប្រហារជីវិតលើ បុគ្គលមួយចំនួន ដែលប្រឆាំង នឹង ក្រុមប្រឹក្សា រដ្ឋបាលរដ្ឋ បានបង្កឱ្យមានការព្រួយបារម្ ភយ៉ាងខ្លាំងក្នុងចំណោមរដ្ឋសមាជិកអាស៊ាន ក៏ដូចជាដៃគូខាងក្រៅរបស់អាស៊ាន។ កម្ពុជាជឿជាក់ថា ផែនការប្រហារជីវិតនេះ ប្រសិនបើត្រូវបានអនុវត្តន៍ ប្រាកដជានឹងបង្កឱ្យមានប្រតិកម្ម អវិជ្ជមានរីករាលដាលពេញ សហគមន៍អន្តរជាតិ។ សម្តេចតេជោបានអះអាងថា នេះក៏នឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹង ប្រែងរបស់អាស៊ាន និងកម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន ដើម្បីគាំទ្រមីយ៉ាន់ម៉ាឱ្យវិលទៅរកភាពប្រក្រតីឡើងវិញ និងស្វែងរក ដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិបច្ចុប្បន្ន តាមរយៈដំណើរការសន្ទនាដែល មានបរិយាប័ន្នស្រប តាមកិច្ចព្រមព្រៀងជាឯកច្ឆ័ន្ទប្រាំចំណុចរបស់អាស៊ាន។
សម្ដេចតេជោថ្លែងសង្កត់ធ្ងន់ថា «អាស្រ័យហេតុនេះ ដោយក្តីបារម្ភយ៉ាងជ្រាលជ្រៅ និងបំណងប្រាថ្នាដ៏ស្មោះ ស្ម័គ្រក្នុងការជួយ មីយ៉ានម៉ាឱ្យសម្រេចបាននូវសន្តិភាពនិងការផ្សះផ្សាជាតិ ខ្ញុំសូមស្នើដោយស្មោះស្ម័គ្រ ដល់ ឯកឧត្តម និងក្រុមប្រឹក្សារដ្ឋបាលរដ្ឋឱ្យពិចារណាឡើងវិញនូវការផ្តន្ទាទោសនេះ និងជៀសវាងការអនុវត្តការ កាត់ទោសប្រ ហារជីវិត ដល់អ្នកដែលប្រឆាំងនឹងក្រុមប្រឹក្សារដ្ឋបាលរដ្ឋទាំងនោះ។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម នឹងពិចារណាដោយយោគយល់ចំពោះការអំពាវនាវរបស់ខ្ញុំទៅលើករណីនេះ»។ សម្ដេចតេជោក៏បានគូសបញ្ជាក់បន្ថែមថា «ខ្ញុំឆ្លៀតឱកាសនេះ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាម្តង ទៀត ក្នុងការជួយមីយ៉ាន់ម៉ាឱ្យវិលទៅរកភាពប្រក្រតីឡើងវិញ និងការចូលរួមពេញលេញរបស់មីយ៉ាន់ម៉ាក្នុង ដំណើរការកសាងសហគមន៍អាស៊ាន។ សូមឯកឧត្តម ទទួលនូវការរាប់អានដ៏ស្មោះស្ម័គ្រពីខ្ញុំ និងសូមជូន សព្វសាធុការពរដល់ឯកឧត្តម»៕AKP

សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជានិងឯកឧត្តម នាយឧត្តមសេនីយ៍ Min Aung Hlaing ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋសាធារណរដ្ឋ សហភាពមីយ៉ានម៉ា ។