
កម្ពុជាយកឈ្នះកូវីដដោយភាពជាអ្នកដឹកនាំវ៉ាក់សាំងនិងកិច្ចសហប្រតិបត្តិការជាមួយចិន
លោក ម៉ីកល្យាណប្រធានវិទ្យាស្ថានអភិវឌ្ឍន៍ធនធានកម្ពុជាបាននិយាយថាខ្ញុំសប្បាយចិត្តដែលជំងឺកូវីដ-១៩ ត្រូវបានគ្រប់គ្រង (ក្នុងប្រទេសកម្ពុជា)។លោកបានកត់សម្គាល់ថា ការគ្រប់គ្រងបានមេរោគនេះ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ បានអនុញ្ញាតឱ្យមនុស្សបន្តធ្វើការ និងប្រកបរបរចិញ្ចឹមជីវិត។លោក ម៉ី កល្យាណបានប្រាប់ China Daily ថា ប្រជាជនកម្ពុជាមានមោទនភាពយ៉ាងខ្លាំងចំពោះជោគជ័យរបស់ប្រទេស ហើយ “រឿងទាំងអស់នេះបានកើតឡើងដោយសារតែកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយរដ្ឋាភិបាលចិន”។
លោកបានមានប្រសាសន៍ថា “រដ្ឋាភិបាលចិនមានចិត្តសប្បុរស ចិត្តល្អ និងចេះជួយគ្នា ក្នុងនាមប្រទេសជាមិត្ត ដែលជួយពួកយើងនៅពេលដែលទុក្ខ” ។
យោងតាមទីភ្នាក់ងារព័ត៌មានស៊ីនហួបានអោយដឹងថា ក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងនៅថ្ងៃទី៧ ខែមិថុនាថា ប្រទេសកម្ពុជាបានក្លាយជារដ្ឋគ្មានជំងឺកូវីដ-១៩ ក្រោយពីអ្នកជំងឺចុងក្រោយបានជាសះស្បើយ។សេចក្តីថ្លែងការណ៍បាននិយាយថា គិតត្រឹមថ្ងៃទី៧ ខែមិថុនា គ្មានករណីឆ្លងថ្មីត្រូវបានរាយការណ៍នៅក្នុងប្រទេសកម្ពុជាអស់រយៈពេល ៣១ថ្ងៃជាប់ៗគ្នា។ ចាប់តាំងពីជំងឺរាតត្បាតដែលបានចាប់ផ្តើមនៅក្នុងខែមករា ឆ្នាំ២០២០ ប្រទេសកម្ពុជាបានរាយការណ៍អំពីករណីឆ្លងចំនួន ១៣៦,២៦២នាក់ ដែលជាចំនួនសរុបទាបបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានអ្នកស្លាប់ចំនួន៣,០៥៦នាក់ ។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានចាត់ទុក ជោគជ័យរបស់ប្រទេសក្នុងការគ្រប់គ្រងជំងឺរាតត្បាតនេះ គឺដោយសារការដឹកនាំដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាល និងប្រសិទ្ធភាពនៃវ៉ាក់សាំងកូវីដ-១៩។ភាគច្រើននៃវ៉ាក់សាំងដែលកម្ពុជាប្រើប្រាស់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការថ្នាក់ជាតិ គឺបានមកពីប្រទេសចិន ដែលបានផ្តល់ឧបករណ៍វេជ្ជសាស្រ្ត និងបានបញ្ជូនអ្នកជំនាញវេជ្ជសាស្រ្ត រួមទាំងក្រុមអ្នកជំនាញផ្នែកឱសថបុរាណចិន ដើម្បីជួយប្រទេសអាស៊ីអាគ្នេយ៍នេះ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។គិតត្រឹមថ្ងៃទី៩ ខែមិថុនា ៨៩.៤ ភាគរយ នៃចំនួនប្រជាជន ១៦លាននាក់របស់ប្រទេសកម្ពុជា ត្រូវបានចាក់វ៉ាក់សាំងកូវីដ-១៩ពេញលេញបានចំនួនពីរដូស។ ប្រជាជនប្រហែល ៥៨ភាគរយ បានចាក់ដូសទី៣ ហើយ ១៦ភាគរយ បានចាក់ដូសទី៤ ។
នៅថ្ងៃទី៩ ខែមិថុនា ប្រទេសកម្ពុជាក៏បានចាប់ផ្ដើមផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៥ នៅទូទាំងប្រទេស។លោក ឈាង វណ្ណារិទ្ធ ប្រធានបញ្ញវ័ន្ត (Think Tank) វិទ្យាស្ថានចក្ខុវិស័យអាស៊ី (Asian Vision Institute) ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញបានមានប្រសាសន៍ថា ប្រទេសចិនគឺជាប្រទេសដំបូងគេដែលជួយកម្ពុជាក្នុងដំណាក់កាលដំបូងនៃជំងឺរាតត្បាត ហើយវ៉ាក់សាំងរបស់ចិនមានចំនួនជាង៨០ភាគរយនៃចំនួនសរុបដែលបានប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។លោក ឈាង វណ្ណារិទ្ធ បានមានប្រសាសន៍ថា “វ៉ាក់សាំងគឺជាអាវុធយុទ្ធសាស្ត្រ (ប្រឆាំងនឹងជំងឺរាតត្បាត) ហើយប្រទេសចិនគឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់បំផុតសម្រាប់យុទ្ធសាស្ត្រចាក់វ៉ាក់សាំងរបស់កម្ពុជា ដោយលោកបានបន្ថែមថា ការចាក់វ៉ាក់សាំងបានលឿននិងមុនគេ បានបង្ហាញពីជោគជ័យប្រឆាំងនឹងជំងឺរាតត្បាតរបស់ប្រទេសកម្ពុជា។លោក Joseph Matthews សាស្ត្រាចារ្យជាន់ខ្ពស់នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្នុងរាជធានីភ្នំពេញ បាននិយាយថា “ប្រសិនបើគ្មានជំនួយ (ពីប្រទេសចិនទេ) កម្ពុជាមិនអាចសម្រេចបាននូវឋានៈជាប្រទេសគ្មានកូវីដនោះទេ”។លោក Matthews បាននិយាយថា ការដឹកនាំរបស់ប្រទេសកម្ពុជាបានសម្រេចចិត្តតាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត និងបានធ្វើការសម្រេចចិត្តត្រឹមត្រូវក្នុងការផ្តល់វ៉ាក់សាំងដល់ប្រជាជនទាំងអស់ក្នុងប្រទេស រួមទាំងជនបរទេសផងដែរ។
លោក Matthews បាននិយាយថា ដោយសារអត្រានៃការចាក់វ៉ាក់សាំងខ្ពស់ ប្រទេសកម្ពុជាបានបន្តសកម្មភាពសេដ្ឋកិច្ចសង្គមឡើងវិញយ៉ាងពេញលេញចាប់តាំងពីខែវិច្ឆិកា ដោយបានបើកព្រំដែនអន្តរជាតិរបស់ខ្លួនឡើងវិញ ដើម្បីឱ្យអ្នកទេសចរដែលបានចាក់វ៉ាក់សាំងពេញលេញ មិនបាច់ធ្វើចត្តាឡីស័ក។ លោកបានកត់សម្គាល់ថា ជីវិតប្រចាំថ្ងៃនៅកម្ពុជាភាគច្រើនត្រូវបានស្ដារឡើងវិញដូចមុនពេលមានជំងឺកូវីដ។
កម្ពុជាបានទាក់ទាញភ្ញៀវអន្តរជាតិជិត ២៥០,០០០នាក់ នៅចន្លោះខែមករា និងខែមេសា កើនឡើង ១៩១ភាគរយ ធៀបទៅនឹងឆ្នាំមុន នេះបើយោងតាមក្រសួងទេសចរណ៍របស់ខ្លួន។
លោក ម៉ី កល្យាណមកពីវិទ្យាស្ថានអភិវឌ្ឍន៍ធនធានកម្ពុជាបានថ្លែងថាជំនួយពីប្រទេសចិនគឺទាន់ពេលវេលាហើយថាកិច្ចសហប្រតិបត្តិការនឹងមានឥទ្ធិពលរយៈពេលវែងជំរុញការអភិវឌ្ឍរបស់កម្ពុជា។កាលពីថ្ងៃទី១ ខែមិថុនា ប្រទេសចិន និងកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើការសាងសង់រោងចក្រច្រក និងវេចខ្ចប់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍នេះ។
ដោយដកស្រង់សារជាសំឡេងនៅលើ Facebook របស់នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក កាសែតខ្មែរថាមស៍ បានរាយការណ៍ថា ក្រុមហ៊ុនកម្ពុជាដែលចូលរួម ដោយមានជំនួយពីដៃគូចិន វ៉ាក់សាំង Sinovac គ្រោងនឹងផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ៣៥ លានដូសក្នុងមួយឆ្នាំ នៅឆ្នាំ ២០២៤-២៦។
ដោយយោងទៅលើសុភាសិតចិនដែលនិយាយថាការបង្រៀនមនុស្សឱ្យចេះស្ទូចត្រី គឺប្រសើរជាងឲ្យត្រីគាត់ហូបតែមួយថ្ងៃ ដោយលោក ម៉ី បាននិយាយថាកិច្ចសហប្រតិបត្តិការគឺសំខាន់ព្រោះ មានតែតាមរយៈការអភិវឌ្ឍធនធានមនុស្សទើបប្រទេសមួយមានការអភិវឌ្ឍ។ខណៈពេលដែលការសម្រេចបាននូវថានៈគ្មានជំងឺកូវីដ មិនមានន័យថានឹងមិនមានការឆ្លងនៅក្នុងប្រទេសនោះទេ លោក ឈាង វណ្ណារិទ្ធ មកពីវិទ្យាស្ថានចក្ខុវិស័យអាស៊ីបាននិយាយថា សូចនាករសំខាន់មួយគឺអវត្តមាននៃករណីធ្ងន់ធ្ងរ ឬការស្លាប់។ដោយសារភាពធ្ងន់ធ្ងរនៃជំងឺរាតត្បាតនៅតែប្រែប្រួលជាសកល លោក ឈាង វណ្ណារិទ្ធ បាននិយាយថា រដ្ឋាភិបាលគួរតែបន្តតាមដានស្ថានភាពនេះ បើទោះបីជាមនុស្សជាច្រើនមានទំនុកចិត្តថាកម្ពុជាបានកសាងភាពសុំាសហគមន៍ និងភាពធន់ក៏ដោយ៕Xinhua/China Daily/KhmerTime
នាយករដ្ឋមន្ត្រីកម្ពុជាចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩។