លោក​ហ៊ុន​ម៉ានីបញ្ជាក់ពីគុណ​តម្លៃនៃវិជ្ជាជី​វៈគ្រូបង្រៀន

ថ្លែងប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាស្ត្រាចារ្យនិងគរុសិស្សនៃសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពត នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ លោក ហ៊ុន ម៉ានី បានលើកឡើងពីគុណតម្លៃនៃវិជ្ជាជីវៈគ្រូបង្រៀនហើយបានគូសបញ្ជាក់ថា«ការយល់ច្បាស់ពីចក្ខុវិស័យរបស់ សង្គមជាតិការសម្លឹងមើលឲ្យឆ្ងាយនិងយល់ច្បាស់ពីតួនាទីដ៏មានតម្លៃរបស់លោកគ្រូអ្នកគ្រូម្នាក់ៗចំពោះការអភិវឌ្ឍជាតិគឺជាកត្តាសំខាន់បំផុត»។លោកក៏បានមានប្រសាសន៍អំពីការកំណត់វិស័យអាទិភាពក្នុងដំណើរការអភិវឌ្ឍប្រទេសជាតិហើយសង្កត់ធ្ងន់ថាក្នុងវិស័យនីមួយៗទាមទារនូវធនធានមនុស្សដែលមានសមត្ថភាព។ ជាក់ស្តែង តាមរយៈ គោលនយោបាយជាតិនានា ជាពិសេសយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ (២០១៩-២០២៣) រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យក «មនុស្ស» ជាអាទិភាពទីមួយ មុនផ្លូវ ភ្លើង ទឹក ដែលការអភិវឌ្ឍធនធានមនុស្ស ប្រាកដណាស់ចេញពីតួនាទីដ៏សំខាន់របស់លោកគ្រូ អ្នកគ្រូ។ លោក បានបន្តថាការអប់រំ គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពនានាសម្រាប់ការរីកចម្រើនរបស់សង្គមជាតិ គ្រប់កាលៈទេសៈ ចាប់តាំងពីការរំដោះចេញពីរបបប្រល័យពូជសាសន៍ រហូតដល់ដំណាក់កាលចុងក្រោយនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងបន្តទៅថ្ងៃអនាគត ៕សហការី