
រដ្ឋាភិបាលកម្ពុជាឲ្យរើសកងទ័ព៦០០នាក់ទៀតដើម្បីបំពេញអង្គភាពដែលបង្កើតថ្មី
រដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យក្រសួងការពារជាតិជ្រើសរើសកងទ័ពចំនួន៦០០នាក់ទៀតដើម្បីបំពេញក្របខណ្ឌឲ្យ៣កងវរសេនាតូចដែលបង្កើតថ្មីចំណុះបញ្ជាការដ្ឋានកាំភ្លើងធំនៃអគ្គបញ្ជាការ។នេះបើតាមសេចក្តីសម្រេចរបស់ប្រមុខរដ្ឋាភិបាលនៅខែមិថុនាឆ្នាំ២០២២នេះ។ការជ្រើសរើសកងទ័ពបន្ថែមនៅពេលនេះនាំឲ្យការវិភាគថាជាការបង្ហាញសាច់ដុំមុនការបោះឆ្នោតថ្នាក់ជាតិមកដល់ខណៈពិភពលោកកំពុងតែមានការបាត់បង់សណ្តាប់ធ្នាប់ដែលកើចេញពីជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន។
លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គមវិភាគថាមានកត្តា២ដែលធ្វើឲ្យរដ្ឋាភិបាលកម្ពុជាសម្រេចជ្រើសរើសកងទ័ពបន្ថែមនៅពេលនេះខណៈដែលសេដ្ឋកិច្ចកម្ពុជាទើបងើបពីវិបត្តិកូវីដ១៩។
បើតាមអ្នកវិភាគរូបនេះការជ្រើសរើសកងទ័ពនៅពេលនេះគឺជាការបង្ហាញសាច់ដុំនៅមុនការបោះឆ្នោតថ្នាក់ជាតិមកដល់។ម្យ៉ាងទៀតលោកយល់ថាការជ្រើសរើសកងទ័ពបន្ថែមនេះគឺស្របពេលដែលពិភពលោកកំពុងតែធ្វើដំណើរឈានទៅរកការបាត់បង់សណ្តាប់ធ្នាប់ខណៈដែលរុស្ស៊ីបានប្រើប្រាស់កម្លាំងទ័ពរបស់ខ្លួនវាយលុកទៅលើប្រទេសអ៊ុយក្រែនដែលនៅជាប់របងគ្នា។សម្រាប់កម្ពុជា លោក មាស នី យល់ថា ការរើសកងទ័ពនេះមិនខុសទេខណៈកម្ពុជាស្ថិតនៅចន្លោះនៃប្រទេស២ដែលមានកងទ័ពខ្លាំងដូចជាវៀតណាមដែលឈរលំដាប់ទី៤លើពិភពលោកនិងថៃក៏មានសម្ភារៈយោធាទំនើបសម្បើមណាស់ដែរ។ ប៉ុន្តែលោកគូសបញ្ជាក់ថាការប្រើប្រាស់កងទ័ពដើម្បីទប់ទល់នឹងប្រទេសណាមួយគឺមិនមែនជាជម្រើសល្អប៉ុន្មានទេ។ជម្រើសល្អគឺការជ្រើសរើសផ្លូវការទូតដើម្បីពង្រីកសេដ្ឋកិច្ចរបស់ខ្លួនគឺជារឿងសំខាន់។សូមបញ្ជាក់ថារដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យក្រសួងការពារជាតិជ្រើសរើសកងទ័ពចំនួន៦០០នាក់ទៀតដើម្បីបំពេញក្របខណ្ឌឲ្យ៣កងវរសេនាតូចដែលបង្កើតថ្មី ចំណុះបញ្ជាការដ្ឋានកាំភ្លើងធំនៃអគ្គបញ្ជាការ។នេះបើតាមសេចក្តីសម្រេចរបស់ប្រមុខរដ្ឋាភិបាលនៅខែមិថុនាឆ្នាំ២០២២នេះ។ដោយលើកឡើងពីសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីខែមេសាឆ្នាំ២០២២នេះ ក៏សម្រេចរួចហើយឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មីចំនួន ៤០២ នាក់ដើម្បីរៀបចំកងកាំជ្រួច ការពារអាកាសរយៈកម្ពស់មធ្យម ចំណុះបញ្ជាការដ្ឋានការពារអាកាស។ជាសរុបកម្ពុជាប្រកាសរើសកងទ័ពយ៉ាងតិចជាង១ពាន់នាក់នៅឆ្នាំ២០២២នេះ៕យោងតាមRFI
កងទ័ពកម្ពុជា។រូបភាពឯកសារផេកលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា ណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោក ។