ប្រទេស​ចំ​នួន​៣​ហាមប្រាម​​យន្តហោះ​ដឹ​ក​រដ្ឋមន្ត្រី​ការ​បរទេស​រុស្ស៊ី

ប្រទេសរុស្ស៊ីបាននិយាយថាប្រទេសជិតខាងចំនួន៣របស់ប្រទេសស៊ែប៊ីមិនអនុញ្ញាតឱ្យយន្តហោះដែលគ្រោងនឹងដឹករដ្ឋមន្ត្រីការបរទេស Lavrov ឆ្លងកាត់ដែនអាកាសរបស់ខ្លួនទៅកាន់ទីក្រុង Belgrade ដោយបង្ខំឱ្យលោកលុបចោលកាលវិភាគ។”បណ្តាប្រទេសជាប់ព្រំដែនស៊ែប៊ីបានបិទផ្លូវអាកាសតែមួយគត់សម្រាប់យន្តហោះដឹករដ្ឋមន្ត្រីការបរទេស Sergey Lavrov ទៅកាន់ប្រទេសនេះ។ គណៈប្រតិភូរុស្ស៊ីគ្រោងនឹងជួបពិភាក្សានៅទីក្រុង Belgrade ។ប៉ុន្តែសហភាពអឺរ៉ុប (EU) និងប្រទេសសមាជិកណាតូបានបិទដែនអាកាសរបស់ពួកគេ”។នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​រុស្ស៊ី Maria Zakharova កាល​ពី​ថ្ងៃ​ទី០​៥ ខែ​មិថុនា។ប្រភព​ការទូត​រុស្ស៊ី​បាន​និយាយ​ថាប្រទេស​ទាំង​៣ដែល​បិទ​ដែនអាកាស​របស់​ខ្លួន​ចំពោះ​យន្តហោះ​ដឹក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​នោះ​មាន​ប្រទេស​ម៉ុងតេណេហ្គ្រោ ម៉ាសេដូនីខាងជើង និង​ប៊ុលហ្គារី។ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសប៊ុលហ្គារី Eleonora Mitrofanova បានបញ្ជាក់ថាSofia បានបដិសេធមិនអនុញ្ញាតឱ្យយន្តហោះរដ្ឋាភិបាលរុស្ស៊ីឆ្លងកាត់ដែនអាកាសនោះទេ។រដ្ឋមន្ត្រីការបរទេស Lavrov គ្រោងនឹងធ្វើទស្សនកិច្ចនៅរដ្ឋធានី Belgrade របស់ប្រទេសស៊ែប៊ី ចាប់ពីថ្ងៃទី ០៦ ដល់ថ្ងៃទី០៧ ខែមិថុនា ហើយជួបពិភាក្សាជាមួយប្រធានាធិបតី Aleksandar Vucic។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែការសម្រេចចិត្តរបស់ប្រទេសទាំង៣ដែលនៅជិតខាងជាមួយស៊ែប៊ីលោកបានលុបចោលការធ្វើដំណើរនេះ។ប្រទេសជិតខាងផ្សេងទៀតរបស់ស៊ែប៊ីត្រូវបានគេនិយាយថាបានដាក់បម្រាមលើយន្តហោះរុស្ស៊ី ក្រោមទណ្ឌកម្មរបស់លោកខាងលិច។ប្រទេសស៊ែប៊ីដែលមានទំនាក់ទំនងវប្បធម៌ជិតស្និទ្ធជាមួយរុស្ស៊ី បានបដិសេធមិនចូលរួមក្នុងការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងទីក្រុងម៉ូស្គូ ជុំវិញវិបត្តិអ៊ុយក្រែន។កាលពីខែមុន ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putinនិងប្រធានាធិបតី Vucic បានព្រមព្រៀងគ្នាថាទីក្រុងម៉ូស្គូនឹងបន្តផ្គត់ផ្គង់ឧស្ម័នដល់ប្រទេសស៊ែប៊ីក្នុង”តម្លៃថោកបំផុតនៅអឺរ៉ុប”។ កិច្ចសន្យា​ផ្គត់ផ្គង់​ឧស្ម័ន​នេះ​ត្រូវ​បាន​គេ​កំណត់​ពេល​ចុះ​ហត្ថលេខា​ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការ​បរទេស​លោក Lavrov នៅ​ទីក្រុង Belgrade។កិច្ចសន្យាផ្គត់ផ្គង់ឧស្ម័នរយៈពេល១០ឆ្នាំបច្ចុប្បន្នរបស់ Belgrade ជាមួយក្រុមហ៊ុនថាមពលយក្សរុស្ស៊ី Gazprom នឹងផុតកំណត់នៅថ្ងៃទី០៧ ខែមិថុនា។ប្រធានាធិបតី Vucic គ្រោងនឹងជួបឯកអគ្គរដ្ឋទូតរុស្ស៊ី Aleksandar Bocan-Harcenko នៅថ្ងៃនេះ ដើម្បីពិភាក្សាអំពីការសម្រេចចិត្តបិទដែនអាកាសនៃប្រទេសជិតខាងទាំង៣។Vucic គ្រោងនឹងពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេស Lavrov លើការផ្គត់ផ្គង់ឧស្ម័នដល់ប្រទេសស៊ែប៊ី រួមទាំងបញ្ហាទាក់ទងនឹងតម្លៃ បរិមាណក៏ដូចជាសុវត្ថិភាពផ្គត់ផ្គង់ផងដែរ។ ប្រសិនបើ​មិន​ត្រូវ​បាន​លុបចោល​ទេនោះ​វា​នឹង​ជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​មន្ត្រី​ជាន់ខ្ពស់​រុស្ស៊ី​ទៅកាន់​ប្រទេស​ស៊ែប៊ីចាប់តាំងពី​វិបត្តិ​អ៊ុយក្រែន​បាន​ផ្ទុះឡើង៕យោងតាមCNN, Reuters, Anadolu Agency

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov។រូបភាពREUTERS