លោកសម រង្ស៊ីអំពាវនាវឲ្យពលរដ្ឋអុ​ជទៀនខណៈ​បក្សភ្លើងទៀន​បដិសេ​ធមិនជាប់ពា​ក់ព័ន្ធ

លោកសម រង្ស៊ី​ជាអ្នក​នយោបាយ​របស់​អតីតបក្ស​ប្រឆាំងនៅតែ​បន្តរំលឹក​ពីប្រវត្តិសាស្ត្រ​នៃការបង្កើត​គណបក្ស​ភ្លើងទៀនដែល​មាន​ប្រភព​ចេញពីគណបក្ស សម រង្ស៊ី។ ​ការបន្ត​ផ្សព្វផ្សាយពីប្រវត្តិ​របស់​គណបក្សភ្លើង​ទៀន​ដោយ​អតីតប្រមុខបក្សប្រឆាំងរូបនេះ គឺនៅពេលដែលការបោះឆ្នោតឃុំ សង្កាត់ កាន់តែ​ខិតជិតមកដល់ ហើយដែលគណបក្សភ្លើងទៀនបានចុះឈ្មោះចូលរួមប្រកួត។ ប៉ុន្តែសម្រាប់គណបក្សភ្លើងទៀន បានបដិសេធថា ខ្លួនមិនជាប់ពាក់ព័ន្ធនឹងលោក សម រង្ស៊ី ឬអ្នកគាំទ្រមួយចំនួននៅក្រៅប្រទេស​ដែល​តែងតែ​ជួយ​ឃោសនាឲ្យគណបក្សនេះនោះទេ។
«ការរំលឹកពីប្រវត្តិសាស្ត្រដែលគ្មាននរណាអាចប្រកែកបាន ស្តីពីគណបក្ស សម រង្ស៊ី គឺជាការត្រឹមត្រូវ សម្រាប់អ្នកដែលចង់រស់នៅក្នុងសង្គមមួយ ប្រកបដោយ សីលធម៌ សច្ចៈធម៌ និង យុត្តិធម៌ ក្រោមពន្លឺភ្លើងទៀន»។ នេះគឺជារំលឹកម្តងហើយម្តងទៀតរបស់លោក សម រង្ស៊ី នៅប៉ុន្មានថ្ងៃចុងក្រោយ ខណៈការឃោសនា​រក​សំឡេង​ឆ្នោតដល់ថ្ងៃបញ្ចប់។តាមរយៈហ្វេសប៊ុក លោក សម រង្ស៊ី អំពាវនាវឲ្យពលរដ្ឋនាំគ្នាអុជទៀន ខណៈលោកពន្យល់ថាភ្លើងទៀននេះ ជានិមិត្តរូប នៃអំពើល្អ និងសេចក្តីសង្ឃឹម ហើយបានគូសបញ្ជាក់ថា “ភ្លើងទៀន” គឺជា រូបសញ្ញា របស់ គណបក្ស សម រង្ស៊ី។
ដោយសារតែច្បាប់គណបក្សនយោបាយដែលធ្វើ​វិសោធនកម្មដោយ​គណបក្សកាន់អំណាច​កន្លង​មក​បាន​ហាមប្រាមមិនឲ្យគណបក្សនយោបាយជាប់ពាក់ព័ន្ធ​នឹង​បុគ្គលណាដែលត្រូវបានតុលាការកាត់ទោស ឬគណបក្សដែលត្រូវបានរំលាយហើយនោះ ទោះចង់ឬមិនចង់ គណបក្សភ្លើងទៀនបានចេញសេចក្តីថ្លែងការណ៍បដិសេធថាខ្លួន​មិនជាប់ពាក់ព័ន្ធ​នឹង​លោក សម រង្ស៊ី ឬមជ្ឈដ្ឋាននានានៅក្រៅប្រទេសនោះឡើយ។ មជ្ឈដ្ឋាននានានៅក្រៅប្រទេស​ដែល​ជាអ្នកគាំទ្រមួយចំនួន របស់អតីតគណបក្សសង្គ្រោះជាតិ​ដែលតែងតែចេញមុខជួយឃោសនាឲ្យគណបក្សភ្លើងទៀន។
សម្រាប់លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្សប្រជាជនកម្ពុជា នៅ​មិនទាន់សន្និដ្ឋាន​បានថា ការ​អំពាវនាវ​របស់លោក សម រង្ស៊ី ពាក់ព័ន្ធ​នឹង​ផ្លូវច្បាប់ ឬយ៉ាងណានោះទេ អាស្រ័យលើស្ថាប័នជំនាញជាអ្នក​ពិនិត្យ។ ប៉ុន្តែ​លោកយល់ថា ការអំពាវនាវ​ឲ្យពលរដ្ឋនាំគ្នាអុជទៀន នេះគឺមានប្រសិទ្ធតែទៅលើសកម្មជន​មួយចំនួន​ប៉ុណ្ណោះ ខណៈសកម្មជនមួយចំនួនទៀត លោក សុខ ឥសាន អះអាងថា បាន​បន្តចុះចូល​ជាមួយគណបក្សកាន់អំណាច៕RFI

លោក សម រង្ស៊ី ជាអ្នកនយោបាយរបស់អតីតបក្សប្រឆាំង។រូបភាពហ្វេសប៊ុកសមរង្ស៊ី