
សម្ដេចហ៊ុន សែន៖ក្នុងនាមជាប្រធានអាស៊ានកម្ពុជារួមជាមួយរដ្ឋសមាជិកនឹងខិតខំឱ្យកាន់តែសកម្ម ក្នុងការកសាងអនាគតដ៏ត្រចះត្រចង់សម្រាប់ទ្វីបអាស៊ីនិងពិភពលោក
សម្តេចហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជារួមជាមួយរដ្ឋសមាជិកអាស៊ានផ្សេងទៀតនឹងខិតខំប្រឹងប្រែងឱ្យកាន់តែសកម្មឡើងថែមទៀត ក្នុងការកសាងអនាគតដ៏ត្រចះត្រចង់សម្រាប់ទ្វីបអាស៊ីនិងពិភពលោក។ទន្ទឹមនេះនឹងបន្តពង្រឹងមជ្ឈភាព និងឯកភាពអាស៊ាន ដើម្បីធានាឱ្យបាននូវភាពធន់និងភាពរឹងមាំរបស់អាស៊ានក្នុងការប្រឆាំងនឹងសម្ពាធ និងឥទ្ធិពលដែលកើតចេញពីការប្រកួតប្រជែងភូមិសាស្ត្រនយោបាយកាន់តែខ្លាំងក្លាឡើងៗ ក៏ដូចជាបញ្ហាប្រឈមផ្សេងៗទៀត។ក្នុងសន្ទរកថាដែលបានថ្លែងក្នុងសន្និសីទអន្តរជាតិលើកទី ២៧ ស្តីពី អនាគតរបស់អាស៊ី ក្រោមមូលបទ «ការកំណត់ឡើងវិញនូវតួនាទីរបស់ទ្វីបអាស៊ី នៅក្នុងពិភពលោកដែលបែកខ្ញែក» តាមរយៈប្រព័ន្ធវីដេអូ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្ន ពិភពលោកទាំងមូលបាននិងកំពុងជួបប្រទះនឹងបញ្ហាស្មុគស្មាញជាច្រើន។ ជាក់ស្តែង ថ្វីត្បិតតែវិបត្តិនៃជំងឺកូវីដ-១៩ បានថមថយទៅវិញក្នុងកម្រិតមួយគួរឱ្យកត់សម្គាល់ ក៏ការងើបចេញពីវិបត្តិនេះទាំងអស់គ្នា នៅតែជាក្តីស្រមៃមួយនៅឡើយហើយវិបត្តិនេះក៏បាននាំមកនូវគម្លាតកាន់តែធំឡើងរវាងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍។ ជាមួយគ្នានេះ ខណៈដែលប្រទេសជាច្រើន រួមទាំងកម្ពុជា បានចាប់ផ្តើមបើកប្រទេស និងសកម្មភាពសង្គម-សេដ្ឋកិច្ចពេញលេញឡើងវិញ យើងសង្កេតឃើញថា នៅមានបណ្តាប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនកំពុងបន្តជួបប្រទះនូវការឆ្លងរាលដាល ក៏ដូចជាឧបសគ្គក្នុងការទទួលបានវ៉ាក់សាំង និងធនធានចាំបាច់នានា នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ហើយប្រទេសខ្លះទៀតក៏បានធ្លាក់ខ្លួនកាន់តែជ្រៅទៅក្នុងវិបត្តិសេដ្ឋកិច្ច និងចលាចលសង្គម។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបន្តថា ការផ្ទុះឡើងនូវសង្គ្រាមនៅអ៊ុយក្រែនក៏បានបង្កឱ្យបរិយាកាសសន្តិសុខសកល មានការប្រែប្រួលយ៉ាងស្រួចស្រាល់ ប្រកបដោយភាពមិនប្រាកដប្រជាខ្ពស់ និងអាចបង្កគ្រោះថ្នាក់ ដែលគ្មាននរណាអាចប៉ាន់ប្រមាណបានថែមទៀត ជាពិសេសបច្ច័យអវិជ្ជមានចំពោះការងើបឡើងវិញ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩។ ទន្ទឹមនេះ សង្គ្រាមនេះបានបង្ហាញយ៉ាងប្រចក្ស ពីការវិលត្រឡប់មកវិញនូវការប្រកួតប្រជែងយ៉ាងស្រួចស្រាល់រវាងប្រទេសមហាអំណាចធំៗ ដែលបាននិងកំពុងធ្វើឱ្យពិភពលោកឈានចូលទៅរបត់ថ្មីមួយនៃការបែកបាក់ និងការបែងចែកប៉ូលមនោគមវិជ្ជា និងភូមិសាស្ត្រនយោបាយ និងធ្វើឱ្យរដ្ឋតូចៗត្រូវបានបង្ខំឱ្យជ្រើសរើសរវាងប្រទេសមហាអំណាចពាក់ព័ន្ធ។ សម្ដេចតេជោបានបន្ដទៀតថា ជាការពិត ការណ៍នឹងបង្កើតនូវផលវិបាកជាច្រើនសម្រាប់ការអភិវឌ្ឍតំបន់អាស៊ីរបស់យើង។សម្ដេចតេជោក៏បានចែករំលែកនូវមតិ និងយោបល់ ចំពោះកិច្ចការនិងទិសដៅអាទិភាពមួយចំនួន ពាក់ព័ន្ធនឹងតួនាទីរបស់ទ្វីបអាស៊ីនៅក្នុងពិភពលោកដែលបែកខ្ញែក ដែលក្នុងនោះរួមមាន ទី១. បណ្តាប្រទេសអាស៊ីត្រូវអំពាវនាវ ដោយឈរលើគោលជំហររួមគ្នាប្រកបដោយសង្គតិភាព ឱ្យប្រទេសទាំងអស់គោរពអធិបតេយ្យភាព និងឯករាជ្យភាព គ្នាទៅវិញទៅមក រួមទាំងជម្រើសនៃការដឹកនាំដែលស្របតាមលក្ខខណ្ឌ និងលក្ខណៈពិសេសរបស់ប្រទេសនីមួយៗ។ ទន្ទឹមនេះដែរ ប្រទេសទាំងអស់ត្រូវប្រកាន់យកឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍នៃសន្តិសហវិជ្ជមាន ការមិនជ្រៀតជ្រែក និងការគោរពទៅវិញទៅមក នូវជីវភាពរស់នៅ ប្រពៃណី ទំនៀមទម្លាប់ និងប្រវត្តិសាស្ត្ររបស់ប្រទេសនីមួយៗដែលនេះជាគុណតម្លៃសំខាន់បំផុត ក្នុងការធានាឱ្យបាននូវការអភិវឌ្ឍជាសកលប្រកបដោយចីរភាព និងបរិយាបន្ន។ ទី២.ការប្រកាន់ខ្ជាប់នូវគោលការណ៍ «ពហុភាគីនិយម» និង «កិច្ចសហប្រតិបត្តិការអន្ដរជាតិផ្អែកលើវិធាននៃច្បាប់» គឺជាវិធានពីរ ដែលអាស៊ីត្រូវតែបន្តប្រកាន់យក។ យើងមិនត្រូវបណ្ដោយឱ្យប្រទេសណាមួយទទួលរងនូវការបន្ទច់បង្អាក់ក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ តាមរយៈការរងគ្រោះដោយការដាក់ទណ្ឌកម្មជាឯកតោភាគី, ការហាមឃាត់ ឬការដាក់វិធានការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ចផ្សេងៗ ដែលបំពានទៅលើច្បាប់អន្ដរជាតិ ព្រមទាំងគោលការណ៍ និងគោលបំណងស្នូល ដែលមានចែងនៅក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិនោះឡើយ ។ ទី៣. បណ្តាប្រទេសអាស៊ីត្រូវតែធ្វើការព្រមគ្នា ដើម្បីជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបតិ្តការ ក្នុងតំបន់ ដែលមានលក្ខណៈបើកចំហ មានតម្លាភាព ប្រកបដោយបរិយាបន្ន បំពេញបន្ថែម និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ តួយ៉ាង កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)គឺជាគំរូដ៏ល្អបំផុតមួយ នៃប្រព័ន្ធពាណិជ្ជកម្មបើកចំហ ប្រកបដោយបរិយាបន្ន ដែលផ្អែកលើវិធាននៃច្បាប់ និង ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តពិតប្រាកដរបស់យើង ក្នុងការបង្កើនកិច្ចសហប្រតិបតិ្តការក្នុងតំបន់។ ក្នុងន័យនេះ យើងត្រូវបន្តនិងបង្កើនកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់នូវគំនិតផ្តួចផ្តើម និងកិច្ចសហប្រតិបតិ្តការក្នុងតំបន់ផ្សេងៗទៀត ដើម្បីចាប់យកសក្ដានុពលនៃកិច្ចអភិវឌ្ឍន៍របស់អាស៊ីឱ្យបានជាអតិបរមា។ ទី៤. យើងត្រូវបន្តរក្សានិងពង្រឹងនូវការឯកភាព និងសាមគ្គីភាពរវាងបណ្ដាប្រទេសនានា ក្នុងទ្វីបអាស៊ីដែលជាគន្លឹះយ៉ាងសំខាន់ក្នុងការលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍនានា ក្នុងតំបន់ និងពិភពលោក ។ ក្នុងន័យនេះ អាស៊ានជាអង្គការតំបន់មួយ ដែលដើរតួនាទីមិនអាចខ្វះបាន ក្នុងការចូលរួមចំណែកសម្រេចឱ្យបាននូវគោលដៅ ប្រកបដោយគុណតម្លៃដ៏ថ្លៃថ្លាទាំងនោះ។ អាស៊ាន តាមរយៈយន្តការនានា ដូចជា អាស៊ានបូកបី កិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក បានប្រមូលផ្តុំមហាអំណាចធំៗ មហាអំណាចទំហំ មធ្យម និងរដ្ឋតូចៗពាក់ព័ន្ធទាំងអស់ ដើម្បីរួមគ្នាកសាងជំនឿ និងទំនុកចិត្តទៅវិញទៅមក ព្រមទាំងពង្រឹងនិម្មាបនកម្មតំបន់ផ្អែកលើវិធាននៃច្បាប់ដែលមានអាស៊ានជាស្នូល។ ទី៥. យើងត្រូវបន្តខិតខំរួមគ្នាបង្កើនការយកចិត្តទុកដាក់ក្នុងការស្ដារ និងជំរុញសេដ្ឋកិច្ចតំបន់ ប្រ កប ដោយចីរភាព ភាពធន់ និងបរិយាបន្ន តាមរយៈការបន្តកាត់បន្ថយនូវគម្លាតនៃការទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីបញ្ចប់នូវការរាតត្បាតនៃជំងឺនេះ។ ការបន្តផ្តល់អាទិភាពលើកិច្ចសហប្រតិបត្តិការពង្រឹងប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គម។ ការជំរុញបន្ថែមនូវការតភ្ជាប់ និងការធ្វើពិពិធកម្មពាណិជ្ជកម្ម និង ការវិនិយោគក្នុងតំបន់។ ការចាប់យកកាលានុវត្តភាពពីបរិវត្តកម្មឌីជីថល។ ការដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ និងការធ្វើអន្តរកាលថាមពល តាមរយៈការជំរុញហិរញ្ញប្បទានប្រកបដោយចីរភាព និង ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបៃតង។គួរបញ្ជាក់ដែរថា តបតាមការអញ្ជើញរបស់លោក ហាសិបេ តូយ៉ូហ្ស៊ី (HASEBE Tsuyoshi) ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុននីកកេ (Nikkei Inc.) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងឥស្សរជនជាន់ខ្ពស់មកពីបណ្តាប្រទេសអាស៊ីដ៏ទៃទៀត ថ្លែងសុន្ទរកថាក្នុងសន្និសីទអន្តរជាតិលើកទី២៧ ស្តីពី “អនាគតរបស់អាស៊ី ក្រោមមូលបទ «ការកំណត់ឡើងវិញនូវតួនាទីរបស់ទ្វីបអាស៊ីនៅក្នុងពិភពលោក ដែលបែកខ្ញែក» ដែលនឹងប្រព្រឹត្តទៅក្នុងទម្រង់រូបវន្តផង និងតាមប្រព័ន្ធអនឡាញផង នៅថ្ងៃទី ២៦-២៧ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ការអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៅក្នុងសន្និសីទអន្តរជាតិនេះ នឹងឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដើរតួនាទីដ៏សកម្មនៅក្នុងការ កសាងអនាគតប្រកបដោយនិរន្តរភាពមួយសម្រាប់អាស៊ី និងពិភពលោក ជាពិសេសនៅក្នុងបុព្វហេតុ ស្តារឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩៕AKP