ក្រសួងម​ហា​​ផ្ទៃប្រកាសមិន​ទទួលស្គាល់​លោកសុនឆ័យជា​អនុប្រធានគ​​ណបក្សភ្លើងទៀន​ដ៏​រាបណាមា​នឯ​​កសារគ្រ​​ប់គ្រាន់

ក្រសួងមហាផ្ទៃនៅថ្ងៃទី២៥ឧសភាបានផ្ញើលិខិតក្រើនរំលឹកដល់គណបក្សភ្លើងទៀន ថាករណីតែងតាំងលោកសុនឆ័យជាអនុប្រធានគណបក្សគឺផ្ទុយពីលក្ខន្តិកៈដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ។អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់បន្ថែមថាចាប់ពីពេលជូនដំណឹងរួចក្រសួងមហាផ្ទៃមិនទទួលស្គាល់សមាភាព លោក សុន ឆ័យ ជាអនុប្រធានគណបក្សភ្លើងទៀន ដរាបណាមានលិខិតបញ្ជាក់។ ជាមួយគ្នានេះ លោក សុន ឆ័យ អះអាង លោករូបកំពុងរៀបចំឯកសារដើម្បីបញ្ជាក់សមាសភាព។
ចាប់ពីនេះតទៅ ក្រសួងមហាផ្ទៃ សូមប្រកាសមិនទទួលស្គាល់ លោក សុន ឆ័យ ជាអនុប្រធានគណបក្សភ្លើងទៀន។ នេះគឺជាអះអាងបន្ថែមរបស់លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក្រោយតែក្រសួងពិនិត្យឃើញថា ការប្រកាសតែងតាំងលោក សុន ឆ័យ ជាអនុប្រធានគណបក្សភ្លើងទៀន គឺផ្ទុយពីលក្ខន្តិកៈគណបក្ស ដែលតម្កល់ទុកនៅក្រសួង។
ទោះជាយ៉ាងនេះក្តី លោក ខៀវ សុភ័គ បញ្ជាក់ថា នេះគ្រាន់តែការក្រើនរំលឹកដល់គណបក្សភ្លើងទៀន ឲ្យរៀបចំឯកសារឲ្យបានគ្រប់គ្រាន់ដើម្បីបញ្ជាក់ពីសមាសភាពរបស់លោក សុន ឆ័យ ឲ្យស្របទៅតាមច្បាប់ស្តីពីគណបក្សនយោបាយ។ បើតាមលោក ខៀវ សុភ័គ ក្រសួងមហាផ្ទៃនឹងបើកទ្វារ រង់ចាំស្វាគមន៍ឯកសាររបស់គណបក្សភ្លើងទៀន ដោយគ្មានឱសានវាទនោះឡើយ។ ហើយករណីរបស់លោក សុន ឆ័យ ក៏មិនឈានដល់បទល្មើសព្រហ្មទណ្ឌ ដែលតម្រូវឲ្យក្រសួងមហាផ្ទៃ ចាត់ចែងទៅតាមផ្លូវច្បាប់ដែរ។ នេះបើតាមលោក ខៀវ សុភ័គ។ជាការអះអាងត្រលប់មកវិញ លោក សុន ឆ័យ បានបញ្ជាក់ថា គណបក្សភ្លើងទៀនកំពុងតែរៀបចំឯកសារ ទៅតាមលក្ខខណ្ឌតម្រូវ ដើម្បីដាក់ចូលទៅក្រសួងមហាផ្ទៃ។ លោកថា ករណីនេះ មិនមែនមានតែរូបលោកម្នាក់នោះទេ ដែលខុសលក្ខន្តិកៈ តែសមាជិកគណបក្សភ្លើងទៀនចំនួន២៤រូបផ្សេងទៀត ក៏ដូច្នេះ។លោក សុន ឆ័យ បញ្ជាក់ថា ដោយសារបញ្ហារៀបចំយុទ្ធនាការឃោសនារកសំឡេងគាំទ្រ ទើបការរៀបចំ​ឯកសារ មានភាពយឺតយ៉ាវបន្តិច។ តែអ្វីដែលលោកអាចអះអាងបាន គឺឯកសារទាំងអស់នឹងដាក់ជូនក្រសួងមហាផ្ទៃ នៅមុនពេលបោះឆ្នោតឃុំ-សង្កាត់ ឬក្រោយការបោះឆ្នោតបន្តិច។
កាលពីថ្ងៃទី២៥ឧសភា ក្រសួងមហាផ្ទៃ បានចេញលិខិតជម្រាបជូនលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ថាករណីតែងតាំងលោក សុន ឆ័យ ជាអនុប្រធានគណបក្ស គឺផ្ទុយពីប្រការ២០ និងប្រការ៣៣ នៃលក្ខន្តិកៈគណបក្សដែលតម្កល់ទុកនៅក្រសួង។
ប្រការ២០នៃលក្ខន្តិកៈគណបក្ស បានចែងអំពីការធ្វើសមាជរបស់គណបក្ស។ រីឯប្រការទី៣៣ បាននិយាយពីអំពីការតែងតាំងអនុប្រធានគណបក្ស ដែលជ្រើសរើសដោយប្រធានគណបក្ស យ៉ាងតិចមួយរូបក្នុងចំណោមសមាជិកគណៈកម្មាធិការនាយកបន្ទាប់ពីមានការយល់ព្រមពីមតិភាគច្រើនដាច់ខាតនៃគណៈកម្មាធិការនាយកសម្រាប់អាណត្តិ៥ឆ្នាំ។យ៉ាងណាមិញចំពោះលិខិតរបស់ក្រសួងមហាផ្ទៃនៅពេលនេះ លោក សុន ឆ័យ ដែលជាអនុប្រធានគណបក្សភ្លើងទៀននោះ មិនបានបង្ហាញក្តីកង្វល់អ្វី ថាដែលជាការរាំងស្ទះជីវភាពនយោបាយរបស់រូបលោកឡើយ។ ផ្ទុយមកវិញ លោកបានអរគុណដល់ក្រសួងមហាផ្ទៃ ចំពោះសេចក្តីក្រើនរំលឹកនេះ៕RFI

លោក សុន ឆ័យ។រូបភាពគណបក្សភ្លើងទៀន