ក្រសួងសុខាភិបា​លអំពាវនាវឱ្យពល​រដ្ឋប្រុងប្រយ័ត្នចំពោះ​ជំងឺអុតស្វា

ក្រសួងសុខាភិបាលបានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺអុតស្វា ទោះបីមកដល់ពេលបច្ចុប្បន្ននេះប្រទេសកម្ពុជាមិនទាន់មានករណីជំងឺនេះក៏ដោយ។
លោកស្រីវេជ្ជបណ្ឌិតឱវណ្ណឌីនរដ្ឋលេខាធិការអ្នកនាំពាក្យក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខ័ណ្ឌទូទាំងប្រទេស(គ.វ.ក-១៩)បានចេញផ្សាយអត្ថបទមួយកាលពីថ្ងៃ៧រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃអាទិត្យ ទី២២ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថារហូតមកដល់ពេលនេះមិនទាន់មានករណីសង្ស័យឬករណីវិជ្ជមានជំងឺនេះនៅកម្ពុជានៅឡើយទេ។លោកស្រីបានបញ្ជាក់ថា«ទោះជាយ៉ាងណាប្រជាជនដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ចដោយបុគ្គលគ្រួសារនិងសហគមន៍ត្រូវបន្តអនុវត្តន៍វិធានការបង្ការជំងឺផ្ទាល់ខ្លួន ដែលក្រសួងសុខាភិបាល តែងតែបានណែនាំ និងដូចដែលបានបង្ហាញនៅខាងក្រោមជាបន្តបន្ទាប់ទៀត »។លោកស្រីអ្នកនាំពាក្យ បន្ដថា គ្រប់មន្ទីរពេទ្យ និងមណ្ឌលសុខភា ពត្រូវតាមដាន និងរាយការណ៍ករណីសង្ស័យណាមួយ ដែលកើតមានឡើង ដើម្បីបន្តការស៊ើបអង្កេត ព្រមទាំង ពង្រឹងប្រព័ន្ធតាមដានជំងឺនៅតាមមន្ទីរពេទ្យនានាពិតជាមានសារសំខាន់ណាស់។ ជាមួយគ្នានោះដែរលោកជំទាវបានលើកឡើងថា ត្រូវយកចិត្តទុកដាក់ ពិនិត្យមើលឱ្យបានហ្មត់ចត់ នូវអ្នកដំណើរចូលមកកម្ពុជា ដែលមានកន្ទួលរមាស់នៅលើខ្លួន អមដោយមានគ្រុនក្តៅ និងមានប្រវត្តិធ្វើដំណើរមកពីបណ្តាប្រទេសប៉ែកខាងអាហ្វ្រិក (ប្រមាណជា ១០ប្រទេស) ដែលមានការកើតឡើងនូវជំងឺអុតស្វា (Monkeypox) បែបជា អង់ដេមី ហើយត្រូវរាយការណ៍ទៅអាជ្ញាធរសុខាភិបាលភ្លាមៗ ឬទៅលេខ ១១៥។
លោកស្រីបានឱ្យដឹងទៀតថា រោគសញ្ញានៃជំងឺអុតស្វា (Monkeypox) មានដូចជា៖ ក្តៅខ្លួន ឈឺក្បាលខ្លាំង ហើមកូនកណ្តុរ ឈឺសាច់ដុំ និងចេញកន្ទួលដែលមានពងបែក។ កន្ទួលមានទំនោរប្រមូលផ្តុំនៅលើមុខ បាតដៃនិងបាតជើង។ រីឯមាត់ ប្រដាប់ភេទ និងភ្នែក ក៏អាចរងផលប៉ះពាល់ផងដែរ។ រោគសញ្ញា និងកន្ទួលលើស្បែកជាទូទៅមានរយៈពេលជាច្រើនសប្តាហ៍ ។ លោកស្រីក៏បានលើកឡើងថា ការព្យាបាលជំងឺអុតស្វា (Monkeypox) គឺករណីភាគច្រើនរោគសញ្ញានៃជំងឺអុតស្វានេះ នឹងបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេលពី២ទៅ៣សប្តាហ៍។ប៉ុន្តែក្នុងករណីខ្លះ ជំងឺនេះ អាចនាំឱ្យមានភាពស្មុគស្មាញក្នុងការព្យាបាលនិងអាចបណ្តាលឱ្យស្លាប់ដែរ។ ការព្យាបាលត្រូវធ្វើការថែទាំតាមបែបគ្លីនិក (Clinical care) ដើម្បីបង្កើនប្រសិទ្ធភាពពេញលេញ និងកាត់បន្ថយរោគសញ្ញា ព្រមទាំងធ្វើការគ្រប់គ្រងផលវិបាកលើសរីរាង្គបន្ថែម បណ្ដាលមកពីជំងឺឆ្លងនេះ និងការ ការពារផលវិបាក ឬសម្លាករយៈពេលវែង ដែលត្រូវអនុវត្តន៍ឱ្យបានដិតដល់។ ត្រូវបានផ្តល់ជាតិទឹក និងអាហារឱ្យបានគ្រប់គ្រាប់ដល់អ្នកជំងឺ ដើម្បីរក្សាស្ថានភាព អាហារូបត្ថម្ភបានល្អ។ ការឆ្លងមេរោគ ឬបាក់តេរីបន្ទាប់បន្សំ គួរតែត្រូវបានព្យាបាលតាមសភាពជាក់ស្តែង។សូមបញ្ជាក់ថា ជំងឺអុតស្វា (Monkeypox) គឺជាជំងឺដែលឆ្លងដោយវិរុស (ចម្លងពីសត្វទៅមនុស្ស) នៅតំបន់ត្រូពិចដែលមានភ្ញៀង នៃអាហ្វ្រិកកណ្ដាល និងអាហ្វ្រិកខាងលិច ជួនកាលមានបញ្ជូនការចម្លងជំងឺនេះ ទៅកាន់តំបន់ផ្សេងៗទៀតផងដែរ។ ជំងឺនេះមានស្ថានភាពវិវត្តន៍យ៉ាងលឿនហើយករណីជាច្រើនទៀត ទំនងជាត្រូវបានរាយការណ៍ថា មានការកើនឡើង។ មកទល់នឹងពេលនេះមាន ២ករណី ត្រូវបានរកឃើញក្នុងបណ្ដាប្រទេសនៅប៉ាស៊ីហ្វិកខាងលិច (WPRO) និងក្នុងប្រទេសអូស្ដ្រាលី។ នៅលើសកលលោកមិនទាន់មានការរាយការណ៍អំពីករណីស្លាប់ដោយសារជំងឺនេះនៅឡើយទេ៕AKP

រូបភាពសហការី