
លោកសម រង្ស៊ីរំពឹងថារដ្ឋាភិបាលថ្មីអូស្ត្រាលីនឹងដឹកដៃកម្ពុជាឱ្យដើរលើគន្លងលទ្ធិប្រជាធិបតេយ្យ
មេដឹកនាំអតីតគណបក្សប្រឆាំងលោកសម រង្ស៊ីបង្ហាញក្តីរំពឹងថារដ្ឋាភិបាលថ្មីរបស់អូស្រា្តលីដែលដឹកនាំដោយគណបក្សពលករនឹងអាចដឹកដៃកម្ពុជាឱ្យដើរលើគន្លងមាគ៌ាលទ្ធិប្រជាធិបតេយ្យឡើងវិញជាពិសេសឱ្យកម្ពុជាឈរលើគោលជំហរកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ក្តីរំពឹងរបស់លោក សម រង្ស៊ី ធ្វើឡើងបន្ទាប់ពីគណបក្សពលករដែលទើបតែជាប់ឆ្នោត តែងតែគាំទ្រដល់អ្នកតស៊ូដើម្បីការគោរពលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។នៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២១ ឧសភា លោក សម រង្ស៊ី មេដឹកនាំអតីតគណបក្សប្រឆាំងនិងបច្ចុប្បន្នកំពុងរស់នៅក្រៅប្រទេសបានជួបតំណាងជាប់ឆ្នោតរបស់គណបក្សពលករអូស្រ្តាលីដែលទទួលបានជ័យជម្នះក្នុងការបោះឆ្នោតសហព័ន្ធកាលពីថ្ងៃទី២១ ឧសភា ឆ្នាំ២០២២កន្លងទៅ។ក្នុងជំនួបពីទីក្រុងម៊ែលប៊ន ប្រទេសអូស្រ្តាលី លោក សម រង្ស៊ី បានថ្លែងទៅកាន់លោក Anthony Albanese មេដឹកនាំគណបក្សពលករថា លោកមានជំនឿខ្ពស់មែនទែនចំពោះរដ្ឋាភិបាលថ្មីរបស់អូស្រា្តលីមួយនេះ ក្នុងការជំរុញឱ្យកម្ពុជាត្រឡប់មកដើរលើគន្លងលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សឡើងវិញ ពិសេសការឈរលើគោលជំហររបស់ខ្លួនឯងចំពោះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ឱ្យបានពេញលេញ។បើតាមអតីតមេដឹកនាំបក្សប្រឆាំងរូបនេះហេតុផលដែលលោករំពឹងខ្ពស់ចំពោះគណបក្សថ្មីដែលត្រៀមឡើងកាន់តំណែងនាពេលនេះក៏ដោយសារតែបក្សនេះតែងតែគាំទ្ររូបលោកចំពោះការគោរពលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សនៅកម្ពុជានាពេលកន្លងមក។សម្រាប់លោក សម រង្ស៊ី កម្ពុជានឹងយកគំរូលទ្ធិប្រជាធិបតេយ្យតាមប្រទេសអូស្រ្តាលី ដើម្បីមកអនុវត្តនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាពិសេសប្រទេសកម្ពុជាតែម្តង។តែយ៉ាងណា លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិRFIថាលោកមិនមានជំនឿអ្វីទាល់តែសោះថារដ្ឋាភិបាលថ្មីអូស្រា្តលីមកគាបសង្កត់ឬដាក់គំនាបមកលើរដ្ឋាភិបាលកម្ពុជាតាមរយៈការជំរុញរបស់លោក សម រង្ស៊ីនោះឡើយ។ផ្ទុយទៅវិញ លោក សុខ ឥសាន អះអាងថា រដ្ឋាភិបាលថ្មីអូស្រ្តាលីនឹងបង្កើនកិច្ចសហប្រតិបត្តិការទ្វេរភាគីឱ្យកាន់តែជិតស្និទ្ធិបន្ថែមទៀតជាមួយកម្ពុជា។ពីជ្រុងអ្នកវិភាគវិញលោកសាស្ត្រាចារ្យឯមសុវណ្ណរ៉ាអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយមកពីរាជបណ្ឌិតសភាកម្ពុជាយល់ឃើញថា របត់នយោបាយការទូតនឹងអាចល្អប្រសើរច្រើន ហើយរដ្ឋាភិបាលថ្មីអូស្រា្តលីនឹងផ្តល់តម្លៃក្នុងការលើកស្ទួយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបានកាន់តែច្រើនជាងមុនបានកាន់តែច្រើនត្រង់ចំណុចនេះ លោកសាស្ត្រាចារ្យកត់សម្គាល់ថា ដោយសារគណបក្សពលករអូស្រា្តលីបានប្រកាសរួចហើយពីការយកចិត្តទុកដាក់ចំពោះលទ្ធិប្រជាធិបតេយ្យនៅលើសាកលលោក ហើយបក្សនេះ ក៏មានស្និទ្ធស្នាលជាមួយអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិផង៕RFI
មេដឹកនាំអតីតគណបក្សប្រឆាំងលោកសម រង្ស៊ី។រូបភាពAP