
សម្តេចហ៊ុន សែនថាEBAលែងជាបញ្ហាតែកូវីដ១៩ទើបជារឿងសម្រាប់កម្ពុជា
សម្តេចហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាអំឡុងពេលសំណេះសំណាលជាមួយពលរដ្ឋនៅឯប្រទេសស្វីស បានថ្លែងជាសាធារណៈថាបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBA លែងជាខ្យល់ខ្មោចស្អីសម្រាប់កម្ពុជាតទៅទៀតហើយ។ក៏ប៉ុន្តែសម្រាប់សម្តេចហ៊ុន សែន បញ្ហាកូវីដ១៩ ទើបជារឿងដែលជះឥទ្ធិពលដល់កម្ពុជាដ្បិតរដ្ឋាភិបាលត្រូវចំណាយថវិការាប់លានដុល្លារដើម្បីប្រយុទ្ធប្រឆាំង។ «អារឿង EBA វាអត់មានខ្យល់ខ្មោចស្អីទេរឿងកូវីដទើបវាបញ្ហា»។នេះគឺជាអះអាងរបស់ប្រមុខរដ្ឋាភិបាលសម្តេចហ៊ុន សែន នាអំឡុងពេលលោកជួបសំណេះសំណាលជាមួយពលរដ្ឋដែលរស់នៅក្នុងបណ្តាប្រទេសទ្វីបអឺរ៉ុប មុនពេលដែលលោកត្រូវចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស។
សម្តេចហ៊ុន សែន បញ្ជាក់ថា ការនាំចេញរបស់កម្ពុជាទៅកាន់អឺរ៉ុបមានចំនួន៣២៩៩លានដុល្លារ ខណៈការនាំចូលពីអឺរ៉ុបទៅកម្ពុជាវិញមានចំនួន៩០៦លានដុល្លារហើយបើគិតពីទំហំពាណិជ្ជកម្មមានប្រមាណរហូតដល់ជាង៤ពាន់លានដុល្លារអាមេរិក។ ដូច្នេះសម្រាប់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBA លែងជាបញ្ហាទៀតហើយ។បើតាមសម្តេច ហ៊ុន សែន ប្រព័ន្ធអនុគ្រោះពន្ធ EBA គង់តែនឹងត្រូវបាត់បង់ នៅពេលណាដែលសេដ្ឋកិច្ចកម្ពុជាឈានដល់កម្រិតណាមួយ។ សម្តេចថា ទោះបីជាសហភាពអឺរ៉ុប សាកល្បងដកប្រព័ន្ធអនុគ្រោះ EBA ២០% ពីកម្ពុជា ។ក៏ប៉ុន្តែការនាំចេញនៅតែមានកំណើន។គួរកត់សម្គាល់ថា ការថ្លែងរបស់សម្តេចហ៊ុន សែន នៅទ្វីបអឺរ៉ុប ទាក់ទងទៅនឹងបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBA នាពេលនេះ គឺធ្វើឡើងបន្ទាប់ពីសភាអឺរ៉ុប កាលពីដើមខែឧសភា បានចេញញត្តិចង្អុលទុកមុនថាកម្ពុជានឹងប្រឈមបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA សេសសល់ទាំង ៨០%ទៀត ប្រសិនបើការបោះឆ្នោតទាំងថ្នាក់ក្រោមជាតិនិងថ្នាក់ជាតិ នាពេលដ៏ឆាប់ខាងមុខនេះមិនបានប្រព្រឹត្តទៅដោយយុត្តិធម៌និងតម្លាភាព។សូមរំលឹកថា ក្រោមហេតុផលនៃការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាប្រព័ន្ធនិងការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យ សហភាពអឺរ៉ុបបានសម្រេចកាត់ផ្តាច់ EBA ពីកម្ពុជា ចំនួន២០% កាលពីឆ្នាំ២០២០ ម្តងរួចហើយ។
ក៏ប៉ុន្តែ សម្រាប់សម្តេចហ៊ុន សែន បញ្ហាកូវីដ១៩ទើបជាអ្វីដែលស្មុគស្មាញសម្រាប់កម្ពុជា បាននិងកំពុងប្រយុទ្ធប្រឆាំង។ ដោយអះអាងប្រាប់ពលរដ្ឋខ្មែរនៅទ្វីបអឺរ៉ុប សម្តេចថា រដ្ឋាភិបាលត្រូវបញ្ចេញថវិកា ប្រមាណ ៤០លានដុល្លារក្នុងមួយខែ ដើម្បីជួយពលរដ្ឋ។ លើសពីនេះ បញ្ហាកូវីដ១៩ បានចាយថវិកាសន្សំរបស់រដ្ឋអស់ជាង ២ពាន់លានដុល្លារអាមេរិក៕RFI