
រុស្ស៊ីកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នដល់ហ្វាំងឡង់
ហ្វាំងឡង់បានក្លាយជាប្រទេសអឺរ៉ុបទី៣ដែលត្រូវបានកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នដោយរុស្ស៊ី បន្ទាប់ពីបដិសេធមិនព្រមបង់ប្រាក់ជាប្រាក់រូប្លិ៍។Bloombergបានដកស្រង់ព័ត៌មានពីក្រុមហ៊ុនហ្គាសហ្វាំងឡង់GasumដែលនិយាយថាGazpromរបស់រុស្ស៊ីនឹងឈប់ផ្គត់ផ្គង់ឧស្ម័នទៅហ្វាំងឡង់ចាប់ពីព្រឹកថ្ងៃទី២១ឧសភា។សេចក្តីថ្លែងការណ៍របស់ Gasum បាននិយាយថា “នៅរសៀលថ្ងៃទី២០ខែឧសភាក្រុមហ៊ុន GazpromExportបានជូនដំណឹងដល់Gasumថាខ្លួននឹងកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិទៅកាន់ប្រទេសហ្វាំងឡង់ក្រោមកិច្ចសន្យាជាមួយ Gasum ចាប់ពីម៉ោង៤ព្រឹក ថ្ងៃទី២១ឧសភា”។ ទោះជាយ៉ាងណាក៏ដោយ Gasum បានប្តេជ្ញាបន្តផ្គត់ផ្គង់ឧស្ម័នដល់អតិថិជនក្នុងស្រុកពីប្រភពផ្សេងទៀត។ជាមួយនឹងការសម្រេចចិត្តនេះហ្វាំងឡង់បានក្លាយជាប្រទេសអឺរ៉ុបទី៣ដែលត្រូវបានកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នដោយរុស្ស៊ី បន្ទាប់ពីប៉ូឡូញ និងប៊ុលហ្គារី។ ការរំខានដល់ការផ្គត់ផ្គង់ឧស្ម័នពីប្រទេសរុស្ស៊ីមិនត្រូវបានគេរំពឹងថានឹងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសហ្វាំងឡង់ច្រើនទេពីព្រោះការពឹងផ្អែករបស់វាមិនខ្លាំងដូចប្រទេសដទៃទៀតនៅអឺរ៉ុបនោះទេ។ជាការឆ្លើយតបទៅនឹងទណ្ឌកម្មរបស់លោកខាងលិច ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putinបានចេញក្រឹត្យមួយដែលតម្រូវឱ្យប្រទេស “មិនរាក់ទាក់” ទាំងអស់បង់ប្រាក់សម្រាប់ការទិញឧស្ម័នរបស់រុស្ស៊ីជាប្រាក់រូប្លិ៍ បើមិនដូច្នេះទេ ទីក្រុងម៉ូស្គូត្រូវបង្ខំចិត្តកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័ន។ទីក្រុងម៉ូស្គូបាននិយាយនៅថ្ងៃទី១៩ខែឧសភាថាពាក់កណ្តាលនៃអតិថិជនបរទេសរបស់ក្រុមហ៊ុនGazpromបានទទួលយកការទូទាត់ជាប្រាក់រូប្លិ៍។ប៉ុន្តែមិនបានបញ្ជាក់ទេ។ទន្ទឹមនឹងនោះប្រទេសជាច្រើនបានជំទាស់ហើយបានលើកឡើងថាសំណើរបស់រុស្ស៊ីនេះគឺ «មិនសមហេតុផល»។សហភាពអឺរ៉ុប(EU)មានគម្រោងកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើការផ្គត់ផ្គង់ថាមពលពីរុស្ស៊ី ហើយកំពុងពិភាក្សាអំពីការហ៊ុមព័ទ្ធ។ប៉ុន្តែមិនទាន់ឈានដល់ការឯកភាពគ្នាទេ។ដំណឹងដែលថារុស្ស៊ីឈប់ផ្គត់ផ្គង់ឧស្ម័នដល់ហ្វាំងឡង់បានកើតឡើងមិនយូរប៉ុន្មានបន្ទាប់ពីហ្វាំងឡង់និងស៊ុយអែតបានដាក់ពាក្យចូលជាផ្លូវការក្នុងអង្គការណាតូ។ទីក្រុងម៉ូស្គូបាននិយាយថារុស្ស៊ីមិនមានបញ្ហាអ្វីទេប្រសិនបើប្រទេសទាំង២ក្លាយជាសមាជិកណាតូ ។ប៉ុន្តែនឹងឆ្លើយតបប្រសិនបើណាតូពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួននៅទីនោះ៕យោងតាមBloomberg
ហ្វាំងឡង់បានក្លាយជាប្រទេសអឺរ៉ុបទី៣ដែលត្រូវបានកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នដោយរុស្ស៊ី បន្ទាប់ពីបដិសេធមិនព្រមបង់ប្រាក់ជាប្រាក់រូប្លិ៍(រូបភាព: Reuters) ។