រុស្ស៊ី​បង្កើត​អង្គភាព​​យោ​​ធា​ថ្មីដើម្បី​ឆ្លើយ​តប​នឹ​ង​កា​រ​ពង្រីក​អង្គកា​រ​ណាតូ

ឧត្តមសេនីយ៍Shoiguបានប្រកាសថារុស្ស៊ីនឹងបង្កើតអង្គភាពយោធាថ្មីចំនួន១២នៅភាគខាងលិច ដើម្បីឆ្លើយតបទៅនឹងការគ្រោងទុករបស់អង្គការណាតូក្នុងការទទួលយកស៊ុយអែតនិងហ្វាំងឡង់ ។ឧត្តមសេនីយ៍ Sergey Shoigu រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី ២០/០២ថា”ហ្វាំងឡង់និងស៊ុយអែតបានដាក់ពាក្យចូលជាសមាជិកណាតូ។ ភាពតានតឹងនៅតែបន្តកើនឡើងនៅក្នុងតំបន់ដែលទទួលបន្ទុកផ្នែកយោធាខាងលិច”។ «​នៅ​ដំណាច់​ឆ្នាំ​នេះ ​យោធា​ខាងលិច​នឹង​បង្កើត​អង្គភាព​យោធា​ចំនួន១២»។ឧត្តមសេនីយ៍ Shoigu បាននិយាយថា យោធារុស្ស៊ីត្រូវបានគេរំពឹងថានឹងទទួលបានគ្រឿងបរិក្ខារនិងសព្វាវុធច្រើនជាង២,០០០ គ្រឿង ។ប៉ុន្តែមិនបានប្រកាសព័ត៌មានលម្អិតនោះទេ។ លោកបាននិយាយថា ស្ថានភាពយុទ្ធសាស្ត្រនៅលោកខាងលិចត្រូវបានកំណត់លក្ខណៈដោយការគំរាមកំហែងផ្នែកយោធាកាន់តែខ្លាំងឡើងនៅជិតព្រំដែនរបស់រុស្ស៊ី។លោក Shoigu បាននិយាយថា “ក្នុងរយៈពេល៨ឆ្នាំកន្លងមកនេះ ការហោះហើររបស់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកទៅកាន់ទ្វីបអឺរ៉ុប បានកើនឡើងចំនួន១៥ដង។ នាវាចម្បាំងរបស់សហរដ្ឋអាមេរិកដែលផ្ទុកកាំជ្រួចដឹកនាំដោយប្រព័ន្ធបានចូលទៅក្នុងសមុទ្របាល់ទិក” លោក Shoigu បាននិយាយ។ឧត្តមសេនីយ៍ Shoigu បានធ្វើព័ត៌មានខាងលើបន្ទាប់ពីប្រទេសស៊ុយអែត និងហ្វាំងឡង់ កាលពីថ្ងៃទី១៨ ខែឧសភា បានដាក់សំណើសុំចូលរួមជាមួយអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ដោយបញ្ចប់គោលនយោបាយអព្យាក្រឹតភាព ដែលប្រទេសទាំង២បានរក្សាជាយូរមកហើយ។លោក Stoltenberg បានបញ្ជាក់ម្តងហើយម្តងទៀតថា ប្រទេសទាំងនេះនឹងត្រូវបានស្វាគមន៍ដោយណាតូជាមួយនឹង”ការបើកចំហ” ។ប៉ុន្តែឧបសគ្គភ្លាមៗសម្រាប់ពួកគេគឺការប្រឆាំងពីប្រទេសតួកគីដែលជារដ្ឋសមាជិកនៃប្លុកនេះ។ប្រធានាធិបតីរុស្ស៊ី លោកVladimir Putin កាលពីថ្ងៃទី ១៦ ឧសភាមិនបានរិះគន់ប្រទេសហ្វាំងឡង់ និងស៊ុយអែតចំពោះការដាក់ពាក្យទៅអង្គការណាតូនោះទេ។ប៉ុន្តែបានព្រមានថា ការពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធានៅលើទឹកដីនៃប្រទេសទាំង២នេះនឹងបង្កឱ្យមានការឆ្លើយតបពីទីក្រុងម៉ូស្គូ។ លោកPutinបាននិយាយថា “សកម្មភាពជាក់លាក់នឹងផ្អែកលើការគំរាមកំហែងដែលពួកគេបង្កឱ្យរុស្ស៊ី” ។អនុប្រធានក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ី លោក Dmitry Medvedev បានព្រមានកាលពីខែមេសាថាទីក្រុងម៉ូស្គូនឹងត្រូវបង្ខំឱ្យស្តារតុល្យភាពយោធាឡើងវិញ ដោយពង្រឹងការការពាររបស់ខ្លួននៅក្នុងតំបន់បាល់ទិករួមទាំងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅទីនោះ ប្រសិនបើទីក្រុង Stockholm និង Helsinki ចូលរួមជាមួយណាតូ។ប្រទេសហ្វាំងឡង់មានព្រំប្រទល់ជាង ១៣០០ គីឡូម៉ែត្រជាមួយប្រទេសរុស្ស៊ី។ ពួកគេបានក្លាយជាអព្យាក្រឹតតាមរយៈសន្ធិសញ្ញាមិត្តភាពជាមួយសហភាពសូវៀតក្នុងឆ្នាំ១៩៤៨ជាមួយនឹងក្តីសង្ឃឹមក្នុងការទប់ស្កាត់ការកើតឡើងវិញនៃសង្រ្គាមហ្វាំងឡង់-សូវៀតឆ្នាំ១៩៣៩ដែលបានសម្លាប់ទាហានជាង៨០,០០០ នាក់។ពេញមួយសង្រ្គាមត្រជាក់ប្រទេសទាំង២នេះបានរក្សាគោលការណ៍មិនចូលបក្សសម្ព័ន្ធរបស់ខ្លួន បើទោះបីជាឥទ្ធិពលនៃប្លុកទាំង២ដឹកនាំដោយសហភាពសូវៀតនិងសហរដ្ឋអាមេរិកក៏ដោយ។ បន្ទាប់ពីការរំលាយសហភាពសូវៀតក្នុងឆ្នាំ១៩៩១ហ្វាំងឡង់បានផ្លាស់ប្តូរបន្តិចម្តង ៗ នូវការផ្តោតអារម្មណ៍បរទេសរបស់ខ្លួនទៅកាន់លោកខាងលិចដែលសម្គាល់ដោយការសម្រេចចិត្តរបស់ខ្លួនក្នុងការចូលរួមជាមួយសហភាពអឺរ៉ុបក្នុងឆ្នាំ១៩៩៥។ប្រទេសស៊ុយអែតក៏បានដើរតាមផ្លូវស្រដៀងគ្នានេះដែរ បន្ទាប់ពីបញ្ចប់សង្គ្រាមត្រជាក់ដោយបានចូលជាសមាជិកសហភាពអឺរ៉ុបក្នុងឆ្នាំ១៩៩៥និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការណាតូ។ ស៊ុយអែត​បាន​ជៀស​វាង​ការ​ចូលរួម​ក្នុង​សម្ព័ន្ធភាព​យោធា​ណា​មួយ​អស់​រយៈពេល​ជាង២០០​ឆ្នាំ​មក​ហើយ៕យោងតាម Zvezda, AFP

ឧត្តមសេនីយ៍ Sergey Shoigu រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី។រូបភាពSputnik