ឯក​ឧត្តមរដ្ឋ​មន្ត្រីវេងសាខុនបានទទួល​ជួប​នា​យកនិងអ្នកគ្រ​ប់គ្រងទូ​ទៅក្រុមហ៊ុន​A​ Kirloskar Group Compan​yរបស់​ឥណ្ឌា​ដើ​ម្បីសម្តែង​ការគួរសមនិង​ស្នើសុំការ​​​ណែ​នាំលើកម្មវត្ថុនៃ​កា​រធ្វើទំ​នើ​បកម្មកសិកម្ម

នៅទីស្តីការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅវេលាម៉ោង ៩:០០ ព្រឹកថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក SANJAY C. KiRLOSKAR នាយកនិងអ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន A Kirloskar Group Company របស់ឥណ្ឌា និងសហការី ដើម្បីសម្តែងការគួរសម និងស្នើសុំការណែនាំលើកម្មវត្ថុនៃការធ្វើទំនើបកម្មកសិកម្ម សម្រាប់ដំណាំកសិឧស្សាហកម្ម ឈើហូបផ្លែ បន្លែ និងការចិញ្ចឹមសត្វ) ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយរបស់ឥណ្ឌា។
បន្ទាប់ពីបានជ្រាបដោយសង្ខេបអំពីគោលបំណងរបស់ក្រុមហ៊ុនរួចមក ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍ និងគាំទ្រលើគោលបំណងរបស់ក្រុមហ៊ុន ដោយបានបញ្ចេញទស្សន:ចំបងពីរសំខាន់នោះគឺ ៖
១- អាចជួយកាត់បន្ថយថ្លៃដើមផលិត ដែលត្រូវចំណាយរបស់កសិករ។
២- មានលក្ខណ:ងាយស្រួលប្រើ សមស្របទៅតាមបរិបទនៃការវិវឌ្ឍន៍រីកចម្រើនផ្នែកបច្ចេកវិទ្យាកសិកម្ម (Modern agriculture technology) និងភាតរបរិស្ថាន។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ជូនភ្ញៀវបន្ថែមថា ដោយសារកំណើនប្រជាជន សេចក្តីត្រូវការស្បៀងទាំងបរិមាណ និងគុណភាពកាន់តែកើនឡើងជាបន្តបន្ទាប់ស្របទៅតាមការវិវឌ្ឍន៍រីកចម្រើនទាំងសេដ្ឋកិច្ច និងសង្គម ហើយនេះគឺជាហេតុផលដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងជំរុញ គាំទ្រ និងលើកទឹកចិត្តឲ្យប្រជាកសិករ និងវិស័យឯកជនប្រើប្រាស់បច្ចេកវិទ្យាកសិកម្មទំនើប ។ សម្រាប់គម្រោងនេះ ឯកឧត្តមរដ្ឋមន្ត្រីមានក្តីសង្ឃឹមថា នឹងចូលរួមចំណែកធ្វើឲ្យគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម (ការធ្វើទំនើបកម្មកសិកម្ម) ២០២២ -២០៣០ របស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាចឈានទៅដល់គោលដៅតាមផែនការដែលបានគ្រោងទុកគឺប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។
កិច្ចការស៊ីជម្រៅទាក់ទងបច្ចេកទេស និងការអនុវត្តជាក់ស្តែង ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យក្រុមហ៊ុនបន្តធ្វើកិច្ចការនេះជាមួយអគ្គនាយកដ្ឋានកសិកម្ម ដោយឡែកក្រសួងនឹងរង់ចាំផ្តល់កិច្ចសហការបន្ថែមតាមការចាំបាច់ ដើម្បីឲ្យគម្រោងនេះដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ។ លោកនាយកក្រុមហ៊ុន បានបង្ហាញពីឆន្ទ:ថាក្រុមការងារបច្ចេកទេសនឹងខិតខំធ្វើឲ្យគ្រោងនេះ បានដំណើរការក្នុងពេលឆាប់ៗខាងមុខ ឆ្លើយតបសេចក្តីត្រួវការរបស់កសិករបានទាន់ពេល ហើយលោកសង្ឃឹមថា ពួកគាត់នឹងទទួលបានប្រយោជន៍យ៉ាងច្រើនពីបច្ចេកវិទ្យាទំនើបមួយនេះ៕សហការី