សម្តេចហ៊ុ​ន​សែន៖​ករណីគប់​ស្បែ​កមិនស្នើឲ្យអាមេរិក​​ចាត់​វិធានកា​​រនោះទេទុកឲ្យ​​គិតគូ​រទៅតា​មច្បាប់​រប​ស់​ខ្លួន

សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែននៅថ្ងៃអង្គារនេះ​បានបញ្ជាក់ថាករណីគប់​ស្បែ​កសំដៅទៅរូបសម្តេចនៅឯសហ​រដ្ឋអាមេរិក​គឺ​សម្តេចមិនស្នើឲ្យអាមេរិក​ចាត់​វិធានការនោះទេ។ ប៉ុន្តែថាសម្តេចទុកឲ្យ​សហរដ្ឋអាមេរិក​គិតគូរទៅតាមច្បាប់​របស់​ខ្លួន។ជាមួយគ្នានោះសម្តេច​អះអាងថា មានកម្លាំង៣ក្រុម​នៅ​ទីក្រុងភ្នំពេញចង់ធ្វើ​បាតុកម្ម​នៅមុខ​ស្ថានទូតអាមេរិកទាមទា​រឲ្យប្រទេសប្រជាធិបតេយ្យមួយនេះចេញមុខទទួលខុសត្រូវលើ​ព្រឹត្តិការណ៍គប់​ស្បែកជើងនោះតែសម្តេចហ៊ុនសែនអះអាងថាសម្តេ​បានហាមឃាត់ព្រោះខ្លាចមានហិង្សាដូចករណីវាយតំណាងរាស្ត្រមុខ​រដ្ឋសភា។ដោយប្រើពេលច្រើននាទីលើការរំឮកឡើងវិញនៃហេតុការណ៍គប់​ស្បែកនោះ នៅក្នុងពិធីសំ​ណេះសំណាលជាមួយក្រុមគ្រូពេទ្យប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សម្តេចប្រមុខរដ្ឋាភិបាល​បានថ្លែងថាលោកទ្រាំមិននិយាយពីករណីនេះជាច្រើនថ្ងៃមកហើយដើម្បីរងចាំមើលសេចក្តី​ថ្លែងការណ៍ពីមជ្ឈដ្ឋាននានា។ ប៉ុន្តែលោកអះអាងថាសម្តេចកមិនស្នើ​ឲ្យអាមេរិក​ចាត់​វិធានការបែបណាទៅ​លើ​បុគ្គល​ដែល​គប់​ស្បែកសំដៅមកលើរូបលោក​ដែលកើត​ឡើង​នៅទីក្រុង​វ៉ាស៊ីតោននោះឡើយ។ ផ្ទុយ​មកវិញ​សម្តេច ហ៊ុន សែន បានចោទសួរទៅកាន់​សហរដ្ឋអាមេរិកថា ប្រសិនបើអាមេរិក​ចាត់​ទុក​ករណី​នេះថាជា​សេរីភាព​បញ្ចេញមតិ សម្តេចព្រ​មានថា ករណីដូចគ្នានេះអាចនឹងកើតមានឡើងនៅប្រទេសដទៃទៀត រួមទាំងកម្ពុជា នៅពេលខាងមុខ​។
បើតាមសម្តេចនាយករដ្ឋមន្ត្រី គឺអ្នកគាំទ្រគណបក្សកាន់អំណាចកំពុងតែមាន​កំហឹង​លើ​ករណីនេះហើយ​មាន​កម្លាំង​៣ក្រុម​ស្នើសុំសម្តេចធ្វើ​បាតុកម្ម​នៅមុខ​ស្ថានទូត​អាមេរិកក្នុង​ទីក្រុង​ភ្នំពេញ​ដើម្បី​ឲ្យ​ប្រទេស​ប្រជាធិបតេយ្យមួយនេះចេញមុខទទួល​ខុសត្រូវ​លើករណី​គប់​ស្បែក​ជើងនោះ។ ប៉ុន្តែ​សម្តេចហ៊ុន សែន ថ្លែងថាសម្តេចបានហាមឃាត់មិនឲ្យមានការធ្វើបាតុកម្មតបតវិញឡើយ ពីព្រោះលោកបារម្ភ​ខ្លាច​មាន​អំពើហិង្សា​កើតឡើង​ដូចករណី​បាតុកម្មប្រឆាំង លោក កឹម សុខា នៅមុខរដ្ឋសភា ដែលឈានដល់វាយ​តំណាងរាស្ត្រ២រូបរបួសធ្ងន់។សម្រាប់សម្តេចហ៊ុន សែន ករណីគប់ស្បែកនេះគឺមិនមែនលើកទី១ឡើយ​ទៅ​មេដឹកនាំ​សូម្បីតែលោក ចច ប៊ូស អតីតប្រធាននាធិបតីអាមេរិកក៏ធ្លាប់ត្រូវបានអ្នកកាសែត​គប់​ដោះស្បែងជើងចំនួន២ដង​តែមិនត្រូវ ខណៈលោកថ្លែងសារនៅប្រទេសអ៊ីរ៉ាក់។ កាលពីឆ្នាំមុន លោក ម៉ាក្រុង ប្រធានាធិបតី​បារាំង​ក៏ត្រូវបានគេទះកម្លៀងដែរនៅពេលលោកចុះជួបអ្នកគាំទ្រ។
បើតាមសម្តេចហ៊ុន សែន ប្រសិនបើសហរដ្ឋអាមេរិក​ដាក់ទោសអ្នកដែលគប់​ស្បែក​ជើង​នោះ នាំឲ្យសម្តេចបារម្ភថា ក្រោយអនុវត្តន៍ទោស អាមេរិកនឹងបញ្ជូនជននោះមកកម្ពុជាហើយ​បង្កើតជាក្តី​បារម្ភ​បន្ថែមទៀតដល់​សន្តិសុខ​ទៅវិញទេ។ បារម្ភពីសន្តិសុខក៏កើតមានផងដែរសម្រាប់​មេដឹកនាំបក្សប្រឆាំងនៅក្នុង​ស្រុកក្រោយ​ករណី​គប់​ស្បែកជើងនេះកើតឡើង។ នេះបើតាមសម្តេចហ៊ុនសែន៕RFI