
លោកកឹមសុខាបដិសេធឆ្លើយសំនួរព្រះរាជអាជ្ញាដដែលៗ
លោកកឹមសុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយបានប្រាប់សាលាដំបូងរាជធានីភ្នំពេញថា លោកនឹងបដិសេធមិនឆ្លើយនោះទេ ប្រសិនបើព្រះរាជអាជ្ញាបន្តសួរសំនួរដដែល។
លោក កឹម សុខាមានប្រសាសន៍ថា៖«ខ្ញុំមានសិទ្ធិមិនឆ្លើយ ឬរក្សាភាពស្ងប់ស្ងាត់ប្រសិនបើអ្នកបន្តសួរខ្ញុំនូវសំណួរដដែលៗលើការធ្វើបាតុកម្មទ្រង់ទ្រាយធំរបស់គណបក្សសង្គ្រោះជាតិប្រឆាំងនឹងលទ្ធផលបោះឆ្នោតជាតិឆ្នាំ ២០១៣»។លោក កឹម សុខា បានប្រាប់តុលាការក្នុងអំឡុងពេលសវនាការលើការចោទប្រកាន់ពីបទក្បត់ជាតិ កាលពីម្សិលមិញថា៖«ខ្ញុំប្រហែលជាអាចធ្វើពហិការសវនាការ»។
ដោយឡែក លោក កឹម សុខា កំពុងប្រឈមនឹងការចោទប្រកាន់ពីបទឃុបឃិតជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេសផ្សេងទៀត ដើម្បីផ្ដួលរំលំរដ្ឋាភិបាលចន្លោះឆ្នាំ ១៩៩៣ ដល់ឆ្នាំ ២០១៧។
លោក កឹម សុខា ថ្លែងថា ភាពជាប់គាំងនយោបាយ ក្រោយការបោះឆ្នោតជាតិឆ្នាំ ២០១៣ ត្រូវបានបញ្ចប់តាមរយៈការផ្សះផ្សានយោបាយ និងឯកភាព។លោកបន្ថែមថា បន្ទាប់មកគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានដោះស្រាយបញ្ហាតាមរយៈកិច្ចព្រមព្រៀងរវាងគណបក្សទាំងពីររួចហើយ។
លោកថា៖ «រឿងអតីតកាលនៃវិបត្តិ ក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣ ត្រូវតែកប់ចោល ព្រោះវាត្រូវបានដោះស្រាយ និងបញ្ចប់រួចហើយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ ហេតុអ្វីក៏អ្នកសួរខ្ញុំម្តងហើយម្តងទៀត?»ក្នុងសវនាការកាលពីម្សិលមិញ ព្រះរាជអាជ្ញាតុលាការ បានសង្កត់ធ្ងន់លើលោក កឹម សុខា អំពីសកម្មភាពរបស់គាត់ និងមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញ។
ព្រះរាជអាជ្ញាក៏បានសាកសួរលោក កឹម សុខា អំពីភាពមិនប្រក្រតីក្នុងការបោះឆ្នោត ដែលគណបក្សសង្គ្រោះជាតិ ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាលឯករាជ្យផ្សេងទៀតបានអះអាងថា បានកើតឡើងដែលនាំឲ្យមានមហាបាតុកម្មកាលពីឆ្នាំ ២០១៣។
ទោះយ៉ាងណាក៏ដោយ លោក កឹម សុខា បានជ្រើសរើសមិនឆ្លើយសំណួរភាគច្រើនរបស់ព្រះរាជអាជ្ញា។
លោក កឹម សុខា មានប្រសាសន៍ក្នុងតុលាការថា៖«នៅថ្ងៃទី ៨ ខែឧសភា ខ្ញុំបានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបុណ្យសពបងប្រុសគាត់នៅខេត្តកំពង់ចាម។ ក្នុងជំនួបនោះ សម្តេច ហ៊ុន សែន និង ខ្ញុំបានពិភាក្សាគ្នាអំពីបញ្ហាសំខាន់ៗជាច្រើនទាក់ទងនឹងបញ្ហាប្រឈមរបស់ប្រទេសជាតិ, ការអភិវឌ្ឍន៍, ផលប្រយោជន៍របស់ប្រទេសជាតិ និង ប្រជាជនកម្ពុជារបស់យើង»។
លោកបន្តថា៖ «ក្នុងជំនួបនោះ យើងបានឯកភាពគ្នាថា ចាប់ពីពេលនេះទៅ យើងត្រូវតែលើកកម្ពស់ផលប្រយោជន៍ជាតិយើង និងប្រជាជនទាំងមូល។ យើងមិនគួររស់នៅលើអតីតកាល ឬ របួសចាស់ដែលបានជាសះស្បើយ និងក្លាយទៅជាដំបៅដែលអាចរារាំងដល់ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍជាតិរបស់កម្ពុជានោះឡើយ។»លោក ចាន់ ចេង មេធាវីការពារក្តីម្នាក់របស់ កឹម សុខា មានប្រសាសន៍ថា៖«វាជាសិទ្ធិរបស់លោក កឹម សុខា ក្នុងការបដិសេធមិនឆ្លើយសំណួររបស់ព្រះរាជអាជ្ញា។ករណីរបស់លោក កឹម សុខា អាចដោះស្រាយបានតាមរយៈយន្តការនយោបាយប៉ុណ្ណោះ»។
ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល ថ្លែងថា ចំណាត់ការផ្លូវច្បាប់លើលោក កឹម សុខា ជារឿងព្រហ្មទណ្ឌ មិនមែនជារឿងនយោបាយនោះទេ។
លោកបន្តថា សវនាការរបស់តុលាការ អាចគ្របដណ្តប់អ្វីៗគ្រប់យ៉ាង ហើយទោះបីជា លោកកឹម សុខា បដិសេធមិនឆ្លើយសំណួររបស់ព្រះរាជអាជ្ញាក៏ដោយ ក៏យើងនឹងបន្តសួរគាត់ ដើម្បីស្វែងរកការពិតនៅក្នុងសំណុំរឿងរបស់គាត់ដែរ។លោកបញ្ជាក់ថា ប្រសិនបើលោក កឹម សុខា ធ្វើពហិការមិនចូលសវនាការ តុលាការនឹងលើកយកមាត្រា ៣១០ នៃនីតិវិធីនៃក្រមព្រហ្មទណ្ឌ ហើយនាំគាត់ទៅជំនុំជម្រះ។
លោកបន្ថែមថា៖«តុលាការ ក៏អាចពិនិត្យមើលសិទ្ធិអនុញ្ញាតឲ្យគាត់រួចពីការឃុំខ្លួនផងដែរ»។
ដោយឡែក ប្រសិនបើលោក កឹម សុខា ត្រូវបានផ្តន្ទាទោសវិញ លោកអាចប្រឈមនឹងការជាប់ពន្ធនាគារពី ១៥ ឆ្នាំ ទៅ ៣០ ឆ្នាំ។ សវនាការ នឹងបន្តនៅថ្ងៃទី ១៨ ខែឧសភាខាងមុខនេះ៕KhmerTime
លោកកឹមសុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ។រូបភាពAFP