
រដ្ឋសភាកម្ពុជាច្រានចោលចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុប
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ច្រានចោលសេចក្តីសម្រេចរបស់សភាអឺរ៉ុបនាពេលថ្មីៗនេះប្រឆាំងនឹងកម្ពុជា។
សេចក្តីថ្លែងការណ៍ទាំងស្រុង ចុះថ្ងៃទី៩ ខែឧសភា មានខ្លឹមសារដូចខាងក្រោម៖
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានសម្តែងនូវការខកចិត្តជាខ្លាំងចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុបស្តីពីការបង្ក្រាបជាបន្តបន្ទាប់ទៅលើក្រុមអ្នកនយោបាយនៃគណបក្សប្រឆាំងនៅកម្ពុជាដែលអនុម័តនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ (២០២២/២៦៥៨ (RSP)) និងសូមច្រានចោលទាំងស្រុងចំពោះសេចក្តីសម្រេចនេះ ដោយផ្អែកលើមូលដ្ឋានដូចខាងក្រោម៖
1. ដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ រដ្ឋទាំងអស់ដោយមិនគិតពីទំហំ និងប្រព័ន្ធនយោបាយមានអធិបតេយ្យភាពស្មើគ្នា និងសិទ្ធិក្នុងការសម្រេចចិត្តដោយខ្លួនឯង ដោយមិនអាចទទួលការរំលោភបំពានបានឡើយ។ លើសពីនេះទៅទៀត សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ឆ្នាំ ១៩៧៦ បានហាមឃាត់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋដែលជាសមាជិកអាស៊ាន។ កម្ពុជាជារដ្ឋឯករាជ្យ និងអធិបតេយ្យ មានសិទ្ធិពេញលេញសម្រាប់ស័្វយសម្រេចក្នុងកិច្ចការរដ្ឋរបស់ខ្លួន ដើម្បីការពារផលប្រយោជន៍ស្នូលរបស់ខ្លួន ស្របតាមច្បាប់ជាតិ និងអន្តរជាតិ។
2. សេចក្តីសម្រេចរបស់សភាអឺរ៉ុប ដែលបានចេញកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០២២ គឺជាការបំផ្លៃ ការលំអៀង មានចរិតនយោបាយប្រកាន់ភាគីម្ខាងៗ និងមិនគោរពចំពោះរដ្ឋអធិបតេយ្យ។ សេចក្តីសម្រេចនេះ ក៏ដូចជាសេចក្តីសម្រេចដែលបានចេញនាពេលកន្លងមក ស្តីពីកម្ពុជា មានចេតនាមើលរំលងវឌ្ឍនភាពនៃសិទ្ធិមនុស្ស និងកំណែទម្រង់លទ្ធិប្រជាធិបតេយ្យក្នុងប្រទេស។ ពួកគេពឹងផ្អែកទាំងស្រុងតែលើប្រភពព័ត៌មានដែលគ្មានការបញ្ជាក់ច្បាស់លាស់ ផ្តល់ដោយអ្នកនយោបាយឆ្វេងនិយម និងពួកប្រជាកលនិយម សកម្មជននយោបាយជ្រុលនិយម និងអង្គការសិទ្ធិមនុស្សប្រឆាំងរដ្ឋាភិបាល ដែលភាគច្រើនមិនដែលមកកម្ពុជា ឬគ្មានប្រាស័យទាក់ទងណាមួយជាមួយរដ្ឋាភិបាលកម្ពុជា។
3. សេចក្តីសម្រេចនេះ បានកំណត់ដែននិយមន័យឲ្យលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សយ៉ាងចង្អៀត ដែលថាប្រទេសមួយមានលទ្ធិប្រជាធិបតេយ្យលុះត្រាតែមានការចូលរួមពីអតីតមេដឹកនាំគណបក្សឆ្វេងនិយម និងពួកប្រជាកលនិយមមួយក្តាប់តូច ឬលុះត្រាតែមានការអនុញ្ញាតអោយគណបក្សនយោបាយដែលត្រូវបានរំលាយដោយតុលាការត្រូវបានបើកដំណើរការឡើងវិញ។ សេចក្តីសម្រេចនេះមិនគោរពទាំងស្រុងចំពោះច្បាប់ជាតិ និងគោលការណ៍ប្រជាធិបតេយ្យរបស់កម្ពុជា ដែលមិនបានផ្តល់អភ័យឯកសិទ្ធិជាពិសេសណាមួយដល់បុគ្គល ឬគណបក្សនយោបាយណាដែលបានបំពានច្បាប់កម្ពុជា។
4. ការរិះគន់របស់សភាអ៊ឺរ៉ុបចំពោះការគ្រប់គ្រងដោយឯកបក្ស គឺជាការរិះគន់ដោយគ្មានហេតុផល។ គណបក្សប្រជាជនកម្ពុជា ត្រូវបានប្រជាជនកម្ពុជាបោះឆ្នោតជ្រើសរើសតាមលទ្ធិប្រជាធិបតេយ្យ និងរដ្ឋធម្មនុញ្ញ។ ទោះបីជាមានការអំពាវនាវឱ្យធ្វើពហិការការបោះឆ្នោតដោយក្រុមមួយចំនួនក្នុងការបោះឆ្នោតជាតិឆ្នាំ ២០១៨ ក៏ដោយ អត្រាអ្នកទៅបោះឆ្នោតមានចំនួន ៨៣,០២% ដោយក្នុងនោះ ៧៧% បានបោះឆ្នោតឱ្យគណបក្សប្រជាជន ដោយសារពួកគេជឿជាក់លើសមត្ថភាពដឹកនាំរបស់គណបក្សប្រជាជនក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
5. វិធានការជាច្រើនត្រូវបានដាក់ចេញដើម្បីធានាការបោះឆ្នោតឃុំសង្កាត់ដោយសេរី យុត្តិធម៌ សណ្តាប់ធ្នាប់ សន្តិភាព និងតម្លាភាពនៅក្នុងខែមិថុនា ហើយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយមានការគាំទ្រផ្នែកបច្ចេកទេសពីដៃគូអភិវឌ្ឍន៍ជាច្រើន និងអង្គការសង្គមស៊ីវិលកំពុងធ្វើការដើម្បីធានាអោយបាននូវបរិយាកាសអំណោយផល ក៏ដូចជាការផ្តល់នូវដោយស្មើភាពគ្នានូវការប្រកួតប្រជែងសម្រាប់គណបក្សនយោបាយដែលបានចុះឈ្មោះទាំងអស់ តាមគោលការណ៍បោះឆ្នោតបែប លទ្ធិប្រជាធិបតេយ្យ និងគោលនយោបាយពហុបក្ស។ ដូចដែលបានធានាដោយច្បាប់ស្តីពីគណបក្សនយោបាយរបស់កម្ពុជា ការជ្រើសរើស និងការតែងតាំងសមាជិកណាមួយនៃគណបក្សនយោបាយដែលបានចុះឈ្មោះចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត គឺជាសិទ្ធិស្របច្បាប់ និងអធិបតេយ្យភាព សេរីភាពពេញលេញ និងជាឆន្ទានុសិទ្ធិទាំងស្រុងរបស់គណបក្ស។ ជាពិសេស ការតែងតាំងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគតដើម្បីឈរឈ្មោះប្រកួតប្រជែងក្នុងការបោះឆ្នោតសកល គឺទទួលបានការគាំទ្រជាឯកច្ឆ័ន្ទ តាមគោលការណ៍បោះឆ្នោតបែបប្រជាធិបតេយ្យផ្ទែក្នុងរបស់បក្ស និងស្របតាមច្បាប់ជាធរមាន។
6. ច្បាប់ស្តីពីគណបក្សនយោបាយរបស់កម្ពុជាត្រូវបានធ្វើវិសោធនកម្ម ដើម្បីត្រួសត្រាយផ្លូវសម្រាប់រាល់អ្នកនយោបាយដែលត្រូវបានតុលាការហាមឃាត់ ចូលមកធ្វើនយោបាយសារឡើងវិញ។ ជាលទ្ធផល យ៉ាងហោចណាស់មានគណបក្សនយោបាយចំនួន ៣២ មានសិទ្ធិធ្វើនយោបាយឡើងវិញ ហើយពួកគេខ្លះបានបង្កើតគណបក្សនយោបាយថ្មីចំនួន ៦ ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត។ អតីតមន្ត្រីផ្សេងទៀតនៃគណបក្សប្រឆាំង មួយចំនួនមានការស្ទាក់ស្ទើរក្នុងការស្នើសុំសិទ្ធិស្តារនីតិសម្បទានយោបាយឡើងវិញ ដោយសារថាបើធ្វើដូច្នោះ ពួកគេត្រូវបានអតីតមេដឹកនាំរបស់ពួកគេចោទប្រកាន់ថាជា “ជនក្បត់” ទៅវិញ។
៧-ក្នុងករណីលោក កឹម សុខា ករណីជុំនុំជំរះក្តីរបស់លោកធ្វើឡើងស្របតាមតម្លាភាព និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ បន្ទាប់ពីស្ថានភាពជំងឺរាតត្បាតកូវីដ-១៩ នៅកម្ពុជាមានភាពប្រសើរឡើង សវនាការត្រូវបានបន្តនៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២។ ល្បឿននៃដំណើរការជុំនុំជំរះសំណុំរឿងពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទសមគំនិតផ្ដួលរំលំរដ្ឋាភិបាលគឺស្ថិតនៅក្រោមដែនសម្ថកិច្ចរបស់តុលាការ។ យើងសូមគូសបញ្ជាក់ថា សំនុំរឿងឃុបឃិតជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់មិនត្រូវបានអត់ឱនដោយច្បាប់របស់ប្រទេសណាមួយឡើយ រួមទាំងប្រទេសនៃសហភាពអឺរ៉ុបផងដែរ។
8. កម្ពុជានៅតែប្រកាន់ខ្ជាប់លើការគាំពារ និងលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យក្រោមរដ្ឋធម្មនុញ្ញ ស្របតាមបរិបទសង្គម ប្រវត្តិសាស្ត្រ និងវប្បធម៌របស់ខ្លួន។ កម្ពុជាប្រកាន់ជំហររឹងមាំក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យពហុបក្ស ដើម្បីធានានូវសន្តិភាព សន្តិសុខ និងស្ថិរភាពសម្រាប់ប្រទេសជាតិ។
9. ការអនុវត្តសេរីភាពនៃការបញ្ចេញមតិ សមាគម និងការជួបប្រជុំដោយសន្តិវិធី ដោយមានការទទួលខុសត្រូវ ស្របច្បាប់ និងមានចែងក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ត្រូវបានគោរព។ សហភាពអឺរ៉ុបគួរជៀងវាងការអនុវត្តស្តង់ដារពីរនៅពេលនិយាយអំពីតម្លាភាព និង គណនេយ្យភាព។ ការបន្ទោសលើច្បាប់របស់កម្ពុជាស្តីពីការកម្រិតលើការទទួលមូលនិធិពីបរទេសសម្រាប់បម្រើអោយសមាគម និងអង្គការមិនមែនរដ្ឋាភិបាល គឺជារូបភាពជាក់ស្តែងនៃការអនុវត្តស្តង់ដារពី និងប្រកបដោយការលាក់ពុតត្បុត។ ក្នុងនាមជាប្រទេសតូច កម្ពុជាជាកន្លែងដែលមានប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឌីជីថល និងប្រពៃណីជាង ២,០០០ដែលរួមទាំងប្រព័ន្ធផ្សព្វផ្សាយដែលរិះគន់រដ្ឋាភិបាលផងដែរ និងមានសហជីពលើសពី៦,០០០ និងអង្គការមិនមែនរដ្ឋាភិបាលជិត៦,០០០ដែលបានចុះបញ្ជីរួចស្របតាមច្បាប់។
10. សភាអ៊ឺរ៉ុបគួរតែផ្តោតលើការដោះស្រាយបញ្ហាដែលជារឿយៗ តាមរូបភាពព័ត៌មានក្លែងក្លាយ ប្រឌិតឡើងដោយក្រុមអ្នកនយោបាយឆ្វេងនិយម និងពួកប្រជាកលនិយមមួយចំនួន ដែលបានបង្កឱ្យមានអស្ថិរភាពសង្គម និងការបែកបាក់ ក៏ដូចជាញុះញង់ឱ្យមានអំពើហិង្សា តាមរយៈការចេញនូវព័ត៌មានក្លែងក្លាយ ញុះញង់អោយមានការស្អប់ខ្ពើម ការបង្កាច់បង្ខូច និងការរើសអើងជាតិសាសន៍។
11. រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ជំរុញឱ្យសភាអឺរ៉ុបមើលលើទិដ្ឋភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជាដោយឥតលំអៀង ដោយគិតគូរពីបរិបទជាតិ និងប្រវត្តិសាស្ត្ររបស់យើង និងចៀសវាងពីការអនុវត្តស្តង់ដារពីរបស់ខ្លួន។
12. យើងអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការពិតប្រាកដដោយគ្មានរបៀបវារៈលាក់កំបាំងណាមួយពីសភាអឺរ៉ុប ដើម្បីធ្វើការជាមួយកម្ពុជាក្នុងការពង្រឹងពហុភាគីនិយម ដើម្បីដោះស្រាយបញ្ហាប្រឈមទូទៅដែលកំពុងប្រឈមមុខលើពិភពលោក ដូចជាការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាត ឧក្រិដ្ឋកម្មឆ្លងដែន និងអសន្តិសុខស្បៀង ក៏ដូចជាការលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន កំណើនបៃតងប្រកបដោយបរិយាប័ន្ន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
13. កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងកិច្ចសហការជាមួយសភាអឺរ៉ុប ដើម្បីបង្កើនទំនាក់ទំនងកម្ពុជា-សហភាពអឺរ៉ុប និងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប ក្រោមគោលការណ៍អធិបតេយ្យភាព និងឯករាជ្យភាពស្មើគ្នា និងឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្តគ្នាទៅវិញទៅមក ការយោគយល់គ្នា និងគ្នាទៅវិញទៅមក និងការផ្តល់ផលប្រយោជន៍សន្តិភាព និងវិបុលភាពសម្រាប់មនុស្សជាតិ”៕KhmerTime, C. Nika – AKP