សារនាយករដ្ឋមន្រ្តីជំរុញដល់​​ពលរដ្ឋរួមគ្នា​បន្តទប់ស្កាត់​ជំងឺកូវីដ​-១៩

សម្ដេចហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានចូលរួមជាមួយពលរដ្ឋអបអរចំពោះលទ្ធផលដែលកម្ពុជាពុំមានករណីឆ្លងជំងឺកូវីដ-១៩សូម្បីតែមួយករណីនៅក្នុងរយៈពេល៣ថ្ងៃចុងក្រោយនេះ។សម្ដេចបានចាត់ទុកភាពជោគជ័យនេះបានមកពីការចូលរួមរបស់ប្រជាពលរដ្ឋមន្ត្រីរាជការបុគ្គលិកសុខាភិបាលក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។សារពិសេសមុនចេញដំណើរទៅកាន់សហរដ្ឋអាមេរិកដើម្បីចូលរួមធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកសម្ដេចបានលើកឡើងថាថ្វីដ្បិតតែសម្ដេចមានអារម្មណ៍ថាការចេញដំណើរទៅអាមេរិកលើកនេះសម្ដេចមានអារម្មណ៍ថាហាក់បីដូចជាមិនទាន់បានបំពេញកាតព្វកិច្ចធ្វើជាប្អូនប្រុសចំពោះមរណភាពរបស់សម្ដេចទេពញាណហ៊ុនណេងដែលមិនទាន់បានធ្វើបុណ្យគម្រប់៧ថ្ងៃ។តែនេះគឺជាភារកិច្ចជូនជាតិដែលសម្ដេចត្រូវបំពេញដែលខានមិនបាន។ទោះជាយ៉ាងណាមុននឹងចេញដំណើរសម្តេចនាយករដ្ឋមន្រ្តីបានផ្ញើសារសួរសុខទុក្ខដល់ប្រជាពលរដ្ឋនិងបានបង្ហាញការសប្បាយចិត្តផងដែរចំពោះលទ្ធផលដែលកម្ពុជារកមិនឃើញការឆ្លងថ្មីជំងឺកូវីដ-១៩នៅក្នុងរយៈពេល៣ថ្ងៃចុងក្រោយជាប់គ្នានេះ។ទោះជាយ៉ាងណាសម្ដេចបានជំរុញដល់ពលរដ្ឋចូលរួមបន្តទៀតក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩ធ្វើយ៉ាងណាកុំឲ្យជំងឺនេះត្រឡប់មកកាន់កម្ពុជាសារជាថ្មី។សម្ដេចបានចាត់ទុកលទ្ធផលនៅពេលនេះគឺបានមកពីភាពជោគជ័យនៃយុទ្ធនាការវ៉ាក់សាំងទូទាំងប្រទេស។សូមបញ្ជាក់ថាកំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,០៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំមាន១០០,៤៧%ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨នាក់
-លើកុមារអាយុពី០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៨,៧១% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១៣០,៣១% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់​ក្រោម ០៥ឆ្នាំ មាន ៦២,៣៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន៩៣,៦៣% ។ រហូតដល់ថ្ងៃទី១០ ខែខែឧសភា ឆ្នាំ២០២២​ កម្ពុជាយើងរកឃើញករណីជំងឺកូវីដ-១៩​ សរុបចំនួន​០នាក់​ (ឆ្លងសហគមន៍ នាំចូល០នាក់) និងមានជាសះស្បើយ​០២នាក់ ។ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កើន​១៣៦២៦២​​​​​​​​​​​​​​ និងចំនួនជាសះស្បើយ​សរុប​កើន​ ១៣៣១៨៤ នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ០​នាក់​ (មិនបានចាក់​វ៉ាក់សាំង​០នាក់)​ សរុប​ស្លាប់ ៣០៥៦នាក់៕សហការី