
លោកខៀវកាញារីទ្ធអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការពីប្រព័ន្ធផ្សព្វផ្សាយក្នុងការលើកកម្ពស់កីឡាស៊ីហ្គេមឆ្នាំ២០២៣
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានជំរុញអ្នកពាក់ព័ន្ធទាំងអស់ក្នុងប្រព័ន្ធផ្សព្វផ្សាយ ឱ្យសហការគ្នាជំរុញការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣។លោករដ្ឋមន្ត្រីបានលើកឡើងក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោកាលពីម្សិលមិញ។លោក ខៀវ កាញារីទ្ធ ក៏បានលើកទឹកចិត្តឱ្យសារព័ត៌មានចូលរួមលើកកម្ពស់កីឡាករឆ្នើម ពិសេសជនមានពិការភាព ក៏ដូចជាយុទ្ធនាការសំខាន់ៗនៃស៊ីហ្គេមឆ្នាំ២០២៣ ដូចជា កីឡា៖ រស់នៅដោយសន្តិភាព, មនុស្សម្នាក់កីឡាមួយ, កម្ពុជាស្អាត, កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាដើម។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងគណៈកម្មាធិការរៀបចំស៊ីហ្គេមកម្ពុជា (CAMSOC) ដែលមានវត្តមានក្នុងសន្និសីទសារព័ត៌មានផងដែរនោះ បានលើកឡើងពីអត្ថប្រយោជន៍នៃការធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម រាប់ចាប់ពីការលើកកំពស់កេរ្តិ៍ឈ្មោះជាតិរហូតដល់ការផ្លាស់ប្តូរអាកប្បកិរិយារបស់ប្រជាពលរដ្ឋ។
លោកបានបន្ថែមថា នេះជាលើកទីមួយហើយសម្រាប់ប្រទេសកម្ពុជា ក្នុងនាមជាសមាជិកស្ថាបនិកមួយរូប ក្នុងចំណោមសមាជិកស្ថាបនិកទាំងប្រាំមួយ ដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាថ្នាក់តំបន់នេះ បន្ទាប់ពីរយៈពេល ៦៤ ឆ្នាំនៃការចាប់ផ្តើម។ស៊ីហ្គេមលើកទី៣២ គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ហើយ ប៉ារ៉ាហ្គេម ២០២៣ នឹងចាប់ផ្តើមបន្ទាប់ពី ស៊ីហ្គេម បានបញ្ចប់ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។មនុស្សប្រហែល ១០,០០០ នាក់ រួមទាំងអត្តពលិក ៧,០០០ នាក់ គ្រូបង្វឹក និងមន្រ្តីបច្ចេកទេស ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងព្រឹត្តិការណ៍នេះជាមួយនឹងប្រភេទកីឡាប្រហែល ៤០ ប្រភេទ។រាជធានី-ខេត្តចំនួន៥ ត្រូវបានកំណត់សម្រាប់ការប្រកួតកីឡា មានដូចជា៖ រាជធានីភ្នំពេញ និងខេត្តសៀមរាប ព្រះសីហនុ កែប និងកំពត ។តាមការរំពឹងទុក រាជធានីភ្នំពេញនឹងធ្វើជាម្ចាស់ផ្ទះកីឡាជាច្រើនប្រភេទ ខេត្តសៀមរាបនឹងរៀបចំការប្រកួតកីឡាជិះកង់ ខេត្តព្រះសីហនុនឹងជាកន្លែងប្រកួតកីឡាជិះស្គីលើទឹក និងប្រណាំងទូកក្តោង ខេត្តកែបនឹងធ្វើជាម្ចាស់ផ្ទះកីឡាទ្រីយ៉ាត្លុង ហើយខេត្តកំពតនឹងរៀបចំការប្រកួតកីឡាទូកបែបប្រពៃណី និងទូកកាយ៉ាក៕KhmerTime,C. Nika – ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP