ចក្រភពអង់​គ្លេសសន្យាផ្តល់ជំនួយជិ​តពីរដងដល់​អ៊ុយក្រែន

មន្ត្រីអង់គ្លេសបានប្រកាសថាប្រទេសនេះនឹងផ្តល់ជំនួយបន្ថែមចំនួន១.៣ពាន់លានផោន (ប្រហែល១.៦ ពាន់លានដុល្លារ) ដល់អ៊ុយក្រែននៅមុនថ្ងៃនៃកិច្ចចរចារវាងមេដឹកនាំG7និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky។Reutersបានរាយការណ៍ថាកញ្ចប់ជំនួយដែលមានតម្លៃ១.៣ ពាន់លានផោនត្រូវបានស្នើឡើងដោយរដ្ឋាភិបាលអង់គ្លេសដើម្បីបញ្ជូនទៅអ៊ុយក្រែន។ប្រាក់នេះត្រូវបានគេរំពឹងថានឹងប្រើប្រាស់សម្រាប់ទិញសព្វាវុធបន្ថែមទៀតនិងជួយដោះស្រាយវិបត្តិមនុស្សធម៌ដែលកំពុងកើតមាននៅក្នុងប្រទេសចាប់តាំងពីជម្លោះជាមួយរុស្ស៊ីផ្ទុះឡើង។ការសន្យាចុងក្រោយនេះ នឹងកើនឡើងជិតទ្វេរដងនៃចំនួនជំនួយសរុបរបស់ចក្រភពអង់គ្លេសដល់អ៊ុយក្រែន។រដ្ឋាភិបាល​អង់គ្លេស​ក៏​បាន​បង្ហើប​ដែរ​ថានេះ​ជា​ការ​ចំណាយ​ខ្ពស់​បំផុត​លើ​ជម្លោះ​ចាប់​តាំង​ពី​ទាហាន​អង់គ្លេស​ចូល​ក្នុង​សង្រ្គាម​នៅ​អ៊ីរ៉ាក់និង​អាហ្វហ្គានីស្ថាន។នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានពន្យល់ថា “យុទ្ធនាការយោធារបស់រុស្ស៊ីមិនត្រឹមតែធ្វើឱ្យខូចខាតដល់អ៊ុយក្រែនប៉ុណ្ណោះទេថែមទាំងគំរាមកំហែងដល់សន្តិភាពនិងសន្តិសុខរបស់អឺរ៉ុបផងដែរ” ។កាលពីសប្តាហ៍មុន លោក Johnson បានក្លាយជាមេដឹកនាំលោកខាងលិចដំបូងគេដែលថ្លែងទៅកាន់សភាអ៊ុយក្រែនចាប់តាំងពីការចាប់ផ្តើមនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន។វាត្រូវបានគេដឹងថាចក្រភពអង់គ្លេសគឺជាប្រទេសឈានមុខគេមួយក្នុងការផ្តល់ជំនួយផ្នែកយោធា និងហិរញ្ញវត្ថុដល់រដ្ឋាភិបាលរបស់ប្រធានាធិបតី Zelensky ។កាំជ្រួចប្រឆាំងរថក្រោះ ប្រព័ន្ធការពារដែនអាកាសរថពាសដែកនិងអាវុធផ្ទាល់ខ្លួនជាច្រើនទៀតត្រូវបានចក្រភពអង់គ្លេសផ្ទេរទៅឱ្យកងទ័ពអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ទោះជាយ៉ាងនេះក្តីលោកខាងលិចនៅតែសម្តែងការព្រួយបារម្ភអំពីការប្រុងប្រយ័ត្នរបស់អង់គ្លេសក្នុងការដោះស្រាយជាមួយអឺរ៉ុបក្នុងការដោះស្រាយជនភៀសខ្លួនអ៊ុយក្រែនទាំងអស់។រដ្ឋាភិបាលអង់គ្លេសកាលពីថ្ងៃសៅរ៍បាននិយាយថាខ្លួនបានទទួលយកតែទិដ្ឋាការសម្រាប់ជនអន្តោប្រវេសន៍អ៊ុយក្រែនចំនួន៨៦,០០០នាក់ប៉ុណ្ណោះក្នុងចំណោមចំនួនសរុបជាង៥លាននាក់ដែលបានចាកចេញពីប្រទេសចាប់តាំងពីប្រទេសរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅទីនេះ៕យោងតាមReuters

នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnsonនិងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky (ស្តាំ) ដើរនៅកណ្តាលទីក្រុង Kyiv នៅថ្ងៃទី០៩ខែមេសា ឆ្នាំ ២០២២។ រូបភាពAFP