សហ​រដ្ឋ​អា​មេ​រិក​បា​ន​ផ្តល់​ជំនួយ​ចំនួន១៥០​លាន​ដុល្លារ​ទៀត​​ដល់​អ៊ុ​យក្រែនដោយ​​សា​រភាព​ថា​ខ្លួន​​​គ្រោងនឹង​អ​ស់​ប្រាក់​ជំ​នួ​យ

ប្រធានាធិបតីអាមេរិកលោកJoe Bidenបានប្រកាសកញ្ចប់ជំនួយសន្តិសុខបន្ថែមដែលមានតម្លៃ១៥០ លានដុល្លារសម្រាប់អ៊ុយក្រែន។ប៉ុន្តែបានព្រមានថាថវិកាសម្រាប់គាំទ្រក្រុងគៀវនឹងអស់ប្រសិនបើសភាមិនអនុម័តកញ្ចប់ថវិកាថ្មី។ប្រធានាធិបតីអាមេរិកលោកJoeBidenបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃទី០៦ខែឧសភាថា”ថ្ងៃនេះសហរដ្ឋអាមេរិកបន្តគាំទ្រយ៉ាងខ្លាំងដល់ប្រជាជនអ៊ុយក្រែនដែលមានភាពធន់និងការពារប្រទេសរបស់ពួកគេ” ។យោងតាមគេហទំព័រ The Hill កញ្ចប់ជំនួយសន្តិសុខថ្មីនេះរួមមានការផ្តល់កាណុងកាំភ្លើងទំហំ២៥,០០០ ១៥៥មីលីម៉ែត្រ រ៉ាដា ប្រព័ន្ធរារាំងនិងឧបករណ៍ការពារជាច្រើនទៀត។កញ្ចប់ជំនួយថ្មីនេះបាននាំយកជំនួយយោធាសរុបរបស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែនចាប់តាំងពីប្រទេសរុស្ស៊ីបានចាប់ផ្តើមយុទ្ធនាការយោធារបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែនដល់ទៅ៣.៨ពាន់លានដុល្លារ។លោកប្រធានាធិបតីBidenបាននិយាយថាបន្ទាប់ពីកញ្ចប់ជំនួយថ្មីនេះថវិកាជំនួយរបស់អ៊ុយក្រែនស្ទើរតែអស់ហើយ។”ជាមួយនឹងការប្រកាសនៅថ្ងៃនេះយើងកំពុងអស់ថវិកាដែលបានអនុម័តសម្រាប់គាំទ្រអ៊ុយក្រែន។ដើម្បីជួយអ៊ុយក្រែនឈ្នះដំណាក់កាលបន្ទាប់នៃជម្លោះ ដៃគូរអន្តរជាតិរួមទាំងសហរដ្ឋអាមេរិកចាំបាច់ត្រូវបន្តបង្ហាញពីសាមគ្គីភាពនិងការប្តេជ្ញាចិត្តក្នុងការគាំទ្រអ៊ុយក្រែនជាមួយនឹងអាវុធនិងគ្រាប់រំសេវ។សភាជាតិគួរតែអនុម័តយ៉ាងឆាប់រហ័សនូវថវិកាដែលបានស្នើឡើងដើម្បីជួយពង្រឹងជំហររបស់អ៊ុយក្រែននៅលើសមរភូមិនិងនៅតុចរចា។ សេចក្តីថ្លែងការណ៍របស់ប្រមុខរដ្ឋាភិបាលអាមេរិកបាននិយាយ។កាលពីសប្តាហ៍មុនលោក Biden បានស្នើឱ្យសភាអនុម័តថវិកាជំនួយចំនួន៣៣ពាន់លានដុល្លារសម្រាប់អ៊ុយក្រែនដែល២០ពាន់លានដុល្លារគឺសម្រាប់យោធានិងសន្តិសុខ។ កញ្ចប់ថវិកានេះគឺច្រើនជាង២ដងនៃជំនួយមនុស្សធម៌និងយោធាប្រមាណ ១៤ពាន់លានដុល្លារ ដែលសភាបានអនុម័តកាលពីខែមុន។ លោក Bidenបាននិយាយថា ប្រសិនបើកញ្ចប់ថវិកាចំនួន ៣៣ពាន់លានដុល្លារត្រូវបានអនុម័តនោះសហរដ្ឋអាមេរិកនឹងផ្តល់កាំភ្លើងធំ រថពាសដែកប្រព័ន្ធប្រឆាំងរថក្រោះនិងប្រព័ន្ធការពារដែនអាកាសក៏ដូចជាការបង្កើនជំនួយមនុស្សធម៌ដល់អ៊ុយក្រែនផងដែរ។សំណើនេះកើតឡើងនៅពេលដែលក្រុងវ៉ាស៊ីនតោនរៀបចំសម្រាប់សេណារីយ៉ូជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែនដែលអាចមានរយៈពេលជាច្រើនខែឬច្រើនឆ្នាំ។ ថ្លែងនាពេលថ្មីៗនេះ បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីគៀវរបស់អ៊ុយក្រែន រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានប្រកាសថា សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តនឹងបន្តផ្តល់អាវុធដល់អ៊ុយក្រែន រហូតដល់កងកម្លាំងរុស្ស៊ីត្រូវបានវាយបក។លោករដ្ឋមន្ត្រី Austin បាននិយាយថា “យើងចង់ឃើញប្រទេសរុស្ស៊ីចុះខ្សោយរហូតដល់ចំណុចដែលខ្លួនមិនអាចធ្វើរឿងដូចប្រទេសអ៊ុយក្រែន។ គោលដៅមួយក្នុងចំណោមគោលដៅរបស់យើងគឺកំណត់សមត្ថភាពរបស់រុស្ស៊ីក្នុងការធ្វើរឿងដដែលនេះម្តងទៀត”។សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តលោកខាងលិចកំពុងបង្កើនជំនួយអាវុធដល់អ៊ុយក្រែនដើម្បីរារាំងការវាយប្រហាររបស់រុស្ស៊ី។ ជំនួសឱ្យការផ្តល់តែអាវុធធុនតូចនិងការការពារដូចនៅដំណាក់កាលដំបូង ប្រទេសទាំងនេះបានចាប់ផ្តើមផ្គត់ផ្គង់អាវុធធុនធ្ងន់ដល់ទីក្រុងគៀវខណៈដែលទីក្រុងម៉ូស្គូបានប្រមូលផ្តុំកងកម្លាំងរបស់ខ្លួននៅផ្នែកខាងមុខខាងកើត។ រុស្ស៊ីបានព្រមានម្តងហើយម្តងទៀតថា រាល់ការដឹកជញ្ជូនសព្វាវុធបរទេសចូលអ៊ុយក្រែនអាចក្លាយជា”គោលដៅវាយប្រហារស្របច្បាប់” ដោយទីក្រុងម៉ូស្គូ៕យោងតាមReuters, Guardian, The Hill

ប្រធានាធិបតីអាមេរិកលោកJoeBiden។រូបភាពAP