មន្ទីរសាធារណការ​ខេត្ត​កំពង់ស្ពឺរងកា​ររិះគន់ពីប្រជាព​លរដ្ឋផ្លូវខូចមិ​នជួ​សជុល

លោកស៊ូសុន្ទរ៉ាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺកំពុងទទួលរងការរិះគន់ពីសំណាក់ប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋានថាអសកម្មក្នុងការងាររបស់ខ្លួន។នេះបើតាមការចេញផ្សាយរបស់KhmerTime។ការរិះគន់នេះធ្វើឡើងក្រោយពេលដែលប្រជាពលរដ្ឋមើលឃើញថាកំណាត់ផ្លូវកៅស៊ូជាច្រើនខ្សែនៅក្នុងក្រុងច្បារមនជាពិសេសផ្លូវជាតិលេខ៤ ជិតជញ្ជីងថ្លឹងរថយន្តតែម្តង និងផ្លូវជាតិលេខ៤១ បានរងការខូចខាតជាច្រើនខែមកហើយ ហើយមិនឃើញមន្ត្រីជំនាញខាងមន្ទីរសាធារណ ការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ចុះជួសជុល ឬស្ថាបនាឡើងវិញសោះ ដោយបណ្តោយទុកឲ្យកំណាត់ផ្លូវកៅស៊ូមានផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៤១ និងជាច្រើនខ្សែនៅក្នុងក្រុងច្បារមន ស្រុកសំរោងទង និងស្រុកគងពិសី កាន់តែខូចបន្តទៀត ។
ចំពោះកំណាត់ផ្លូវដែលរងការខូចខាត មិនមែនមានតែកំណាត់ផ្លូវជាច្រើនខ្សែនៅក្នុងក្រុងច្បារមនប៉ុណ្ណោះទេ បើយោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថាកំណត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ច្បារមន សង្កាត់កណ្តោលដុំ និងកំណាត់ផ្លូវជាតិលេខ៤១ ស្ថិតនៅក្នុងភូមិទួលតាសុខ ឃុំសែនដី ស្រុកសំរោងទង រហូតដល់ ឃុំព្រៃញាតិ ស្រុកគងពិសី ចំណុចផ្សារវត្តគ្រួស ក៏បានរងការខូចខាតជាច្រើនខែមកហើយដែរ ប៉ុន្តែនៅតែមិនទាន់ឃើញមន្ត្រីខាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺជាពិសេសលោក ស៊ូ សុន្ធរ៉ា ដឹកនាំមន្ត្រីជំនាញ ចុះទៅជួសជុល ឬស្ថាបនាឡើងវិញនោះទេ ។គួររំលឹកផងដែរថា ពាក់ព័ន្ធនឹងផ្លូវថ្នល់រងការខូចខាត កន្លងមករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកស៊ុន ចាន់ថុល ធ្លាប់បានក្រើនរំលឹកដល់អាជ្ញាធរនិងមន្ត្រីសាធារណការនិងដឹកជញ្ជូននៅតាមមូលដ្ឋានស្រុក -ខេត្តត្រូវយកចិត្តទុកដាក់លើការមើលថែទាំជួសជុលផ្លូវឲ្យបានជាប្រចាំដើម្បីកុំឲ្យផ្លូវខូចតិចតួចទុកចោលរហូតធ្វើឲ្យផ្លូវកាន់តែខូចច្រើនទៅៗឬផ្លូវខូចមានថ្លុកតូចៗបែរទុកចោលបណ្តាលឲ្យផ្លូវកាន់តែខូចរីករាលធំទៅៗ៕KhmerTime

ផ្លូវរងការខូចខាតក្នុងខេត្តកំពង់ស្ពឺ។រូបភាពKhmerTime