
CPស្នើក្រសួងយុត្តិធម៌អន្តរាគមន៍សកម្មជនខ្លួនដែលរងការយាយីនៅមូលដ្ឋាន
គណបក្សភ្លើងទៀន (CP) បានដាក់ញត្តិមួយទៀតដែលអះអាងលើយាយីមន្ត្រីរបស់បក្សខ្លួន ទៅក្រសួងយុត្តិធម៌ដើម្បីស្វែងរកអន្តរាគមន៍ពីលោកកើត រិទ្ធរដ្ឋមន្រ្តីក្រសួងយុត្តិធម៌។
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀននិយាយថា ក្រុមការងាររបស់គណបក្សបានដាក់លិខិតនេះទៅលោក កើត រិទ្ធ កាលពីថ្ងៃអង្គារ។លោកថាលោកសប្បាយចិត្តដែលក្រុមការងារក្រសួងយុត្តិធម៌បានទទួលញត្តិរបស់មន្ត្រីគណបក្សភ្លើងទៀន ប៉ុន្តែមានការខកចិត្តដែលមន្ត្រីក្រសួងមិនធានាថានឹងមានដំណោះស្រាយសម្រាប់គណបក្ស។គណបក្សបានអះអាងថាអាជ្ញាធរមូលដ្ឋានដែលបានយាយី ឬឃុំខ្លួនដោយអយុត្តិធម៌ទៅលើមន្ត្រីគណបក្សភ្លើងទៀន រួមទាំងការកោះហៅចេញដោយតុលាការ និងការសាកសួរដោយប៉ូលីសមូលដ្ឋាន។លោកបន្តថាការកោះហៅសកម្មជន និងមន្ត្រីគណបក្សភ្លើងទៀននៅមូលដ្ឋានស្ថិតក្នុងដែនសមត្ថកិច្ចរបស់តុលាការខេត្ត និងរាជធានី ប៉ុន្តែ «ក្រសួងយុត្តិធម៌មានសិទ្ធិធ្វើអន្តរាគមន៍ក្នុងការធ្វើទុក្ខបុកម្នេញនេះ»។
លោកបន្ថែមថា៖ «ខ្ញុំសង្ឃឹមថា ក្រសួងនឹងរកឃើញដំណោះស្រាយសមស្រប ដូចជាការអនុញ្ញាតឲ្យសកម្មជន CP ត្រូវបានដោះលែងពីការឃុំឃាំងវិញ»។
លោកនិយាយថាការយាយីនេះបានកើតឡើងក្នុងអំឡុងពេលរៀបចំបញ្ជីបេក្ខជន និងការចុះឈ្មោះបេក្ខជនសម្រាប់ការបោះឆ្នោតឃុំសង្កាត់ និងពេលដែល CP កំពុងរៀបចំភ្នាក់ងាររបស់ខ្លួនឲ្យធ្វើជាអ្នកសង្កេតការណ៍។លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ដែលបានជួបលោក សុន ឆ័យ មិនអាចទាក់ទងសុំការបំភ្លឺបានទេកាលពីម្សិលមិញ។លោក សុន ឆ័យ ធ្លាប់បាននិយាយថា លោក សន្តិភាព «គ្រាន់តែទទួលយកញត្តិដោយមិនមានការស្វាគមន៍ ឬនិយាយអ្វីច្រើនទេ»។លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និយាយថាយោងតាមគោលការណ៍ច្បាប់នៃការទម្លាក់ការចោទប្រកាន់ ឬដាក់ឲ្យនៅក្រៅឃុំ គឺជាការទទួលខុសត្រូវរបស់តុលាការ ដែលជាស្ថាប័នឯករាជ្យក្នុងការសម្រេចចិត្តដោយផ្អែកលើអង្គហេតុ និងច្បាប់ ហើយក្រសួងយុត្តិធម៌មិនមានយុត្តាធិការ និងសិទ្ធិអំណាចក្នុងការជ្រៀតជ្រែកក្នុងរឿងក្តីរបស់តុលាការឡើយ។យោងតាមញត្តិស្វែងរកយុត្តិធម៌ស្តីពីការយាយីនេះលោក ខឹម មុនីកុសល ប្រធានក្រុមការងារបណ្ណោះអាសន្នគណបក្សភ្លើងទៀនប្រចាំខេត្តប៉ៃលិន ត្រូវបានចោទប្រកាន់ពីបទបរិហារកេរ្តិ៍ និងញុះញង់។
លោកត្រូវបានតុលាការកោះហៅឲ្យចូលបំភ្លឺនៅសាលាដំបូងខេត្តប៉ៃលិន នៅថ្ងៃទី២០ និងថ្ងៃទី២១ ខែមេសា ដោយការកោះហៅនេះត្រូវបានសុំឲ្យពន្យារពេល។លោក ស៊ឹម សុខឿន ប្រធានក្រុមការងារបណ្ដោះអាសន្ន គណបក្សភ្លើងទៀននៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានកោះហៅមកកាន់អធិការនគរបាលស្រុកនៅថ្ងៃទី២៨ ខែមីនា ដើម្បីសាកសួរ។
លោក វ៉ាន់ ម៉ាច បេក្ខជនក្រុមប្រឹក្សាឃុំឲ្យគណបក្សភ្លើងទៀន នៅឃុំផ្ទះកណ្តាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ត្រូវបានចៅក្រមស៊ើបសួរកោះហៅឲ្យចូលខ្លួនទៅបំភ្លឺនៅតុលាការ ដោយចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ។លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការនិកហ្វិច (NICFEC) បាននិយាយកាលពីថ្ងៃអង្គារថាក្រសួងយុត្តិធម៌នឹងមិនអាចធ្វើអន្តរាគមន៍បានច្រើនទេ ខណៈការធ្វើទុក្ខបុកម្នេញត្រូវបានធ្វើឡើងដោយអាជ្ញាធរមូលដ្ឋាន។លោកបន្តថា៖ «មានតែក្រសួងមហាផ្ទៃទេដែលអាចអន្តរាគមន៍លើបញ្ហានេះ។ យ៉ាងណាក៏ដោយ ក្រសួងយុត្តិធម៌អាចធ្វើអន្តរាគមន៍បានប្រសិនបើករណីនេះពាក់ព័ន្ធនឹងតុលាការខេត្ត»។លោកថា៖«បញ្ហាទាំងអស់ត្រូវតែដោះស្រាយឲ្យបានត្រឹមត្រូវ ដើម្បីធានាថាការបោះឆ្នោតនាពេលខាងមុខប្រព្រឹត្តទៅដោយរលូន និងមានរបៀបរៀបរយ»៕KhmerTime
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន។រូបភាព៖គណបក្សភ្លើងទៀន