
ភ្លើងបានបំផ្លាញផ្ទះចំនួន៨០ខ្នងនៅក្នុងប្រទេសហ្វីលីពីន
មន្ត្រីហ្វីលីពីនបាននិយាយថាអគ្គីភ័យនៅក្នុងសហគមន៍ក្រីក្រមួយក្នុងទីក្រុងម៉ានីលថ្ងៃនេះបានបំផ្លាញផ្ទះចំនួន៨០ខ្នងនិងបានសម្លាប់មនុស្ស៨នាក់ ។អគ្គីភ័យបានចាប់ផ្តើមនៅម៉ោងប្រហែល៥ព្រឹកនេះនៅជាន់ទី២នៃផ្ទះមួយនៅក្នុងតំបន់អនាធិបតេយ្យដែលមានមនុស្សច្រើននៅខាងក្នុងបរិវេណសាកលវិទ្យាល័យហ្វីលីពីនទំហំ២៦,០០០ហិកតាក្នុងទីក្រុងម៉ានីល។មន្ត្រីពន្លត់អគ្គិភ័យបាននិយាយថាជនរងគ្រោះបានជាប់ក្នុងផ្ទះពេលភ្លើងឆាបឆេះ។ ក្នុងចំណោមអ្នកស្លាប់ទាំង៨នាក់នោះមានកុមារ៦នាក់ ។ ក្រៅពីនេះមនុស្ស៣នាក់ផ្សេងទៀតបានរងរបួស។ អគ្គីភ័យបានបំផ្លាញផ្ទះប្រជាពលរដ្ឋប្រមាណ៨០ខ្នង ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ២៥០គ្រួសារ។កម្លាំងពន្លត់អគ្គីភ័យបានប្រើពេលជិត២ម៉ោងទើបអាចបាញ់ពន្លត់បាន ។លោក Greg Bichayda មន្ត្រីផ្នែកពន្លត់អគ្គីភ័យបាននិយាយថា៖«នៅពេលភ្លើងកំពុងតែឆាបឆេះហើយការិយាល័យរបស់យើងនៅជិតទីនោះ។ប៉ុន្តែពួកគេមិនអាចទូរស័ព្ទមកយើងភ្លាមៗបានទេ”។ការស៊ើបអង្កេតមូលហេតុកំពុងដំណើរការ។មនុស្សជាង១៣លាននាក់រស់នៅក្នុងទីក្រុងម៉ានីលដែលក្នុងនោះរាប់ម៉ឺននាក់រស់នៅក្នុងតំបន់អនាធិបតេយ្យ ជាកន្លែងដែលភ្លើងឆេះញឹកញាប់។ប្រជាជនហ្វីលីពីនជាច្រើនបានចាកចេញពីតំបន់ជនបទក្រីក្រទៅកាន់រដ្ឋធានីដែលជាកន្លែងមានការងារច្រើន ដោយសង្ឃឹមថានឹងផ្លាស់ប្តូរជីវិតរបស់ពួកគេ៕យោងតាមAFP
អគ្គីភ័យនៅតំបន់លំនៅឋានមួយក្នុងក្រុងម៉ានីល ប្រទេសហ្វីលីពីនថ្ងៃនេះ។ រូបថត៖ Star។