កិច្ចប្រជុំកំពូលពិសេសដើម្បីជំរុញ​កិច្ចសហប្រតិ​បត្តិការអាស៊ា​ន-អាមេរិកប​ន្ថែមទៀត

កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ដែលគ្រោងនឹងធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី នៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ នឹងជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។
ការលើកឡើងនេះ ត្រូវបានធ្វើឡើងដោយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ ក្នុងសារលិខិតចុះថ្ងៃទី ២៨ ខែមេសា ខណៈទទួលការអញ្ជើញរបស់ លោក Joseph R. Biden, Jr ប្រធានាធិបតីសហរដ្ឋអាមេរិកដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេស។
លោកបានសរសេរថា “ក្នុងនាមកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ ខ្ញុំសូមបញ្ជាក់សាជាថ្មីអំពីបំណងប្រាថ្នា ដ៏មុតមាំរបស់កម្ពុជាក្នុងការខិតខំស្វែងរកកាលានុវត្តភាពបន្ថែមទៀត ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការអាស៊ាន-សហរដ្ឋអាមេរិកលើគ្រប់វិស័យ”។ «ខ្ញុំជឿជាក់ថា កិច្ចប្រជុំកំពូលពិសេសនេះ ជាឱកាសដ៏ប្រសើរសម្រាប់យើង ពិភាក្សាពីការជម្រុញកិច្ចសហប្រតិបតិ្តការ ព្រមទាំងផ្លាស់ប្តូរ យោបល់គ្នាលើបញ្ហានានា ដែលជាក្តីបារម្ភ និងជាប្រយោជន៍រួមរបស់អាស៊ាន និងសហរដ្ឋអាមេរិក »។«ខ្ញុំជឿជាក់ថា ការបញ្ជាក់ជាថ្មីនូវប្ដេជ្ញាចិត្តរបស់ឯកឧត្ដម ដើម្បីពង្រឹងថែមទៀតនូវ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអាស៊ាន ជាពិសេសក្នុងឱកាសរំឭកខួបអនុស្សាវរីយ៍ លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ា-សហរដ្ឋអាមេរិកនឹងជាជំហានឆ្ពោះទៅមុខឈានទៅរកការតម្លើងភាពជាដៃគូរបស់យើងឲ្យឡើងដល់កម្រិតខ្ពស់មួយថ្មីទៀត។ក្នុងន័យនេះកម្ពុជាគាំទ្រយ៉ាងពេញទំហឹងលើការកម្ពស់ទំនាក់ទំនងអាស៊ានសហរដ្ឋអាមេរិកពីដៃគូរយុទ្ធសាស្រ្តទៅជាដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ៕KhmerTime, C. Nika – AKP

រូបភាពKhmerTime