
គណបក្សភ្លើងទៀនគ្រោងដាក់លិខិតទៅកាន់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដោះស្រាយការយាយីមកលើសកម្មជនរបស់ខ្លួន
គណបក្សភ្លើងទៀនកំពុងរង់ចាំភ្លើងខៀវពីក្រសួងយុត្តិធម៌តាមរយៈសំណើរសុំជួបលោករដ្ឋមន្ត្រី កើត រិទ្ធ។ សំណើសុំជួបនេះធ្វើឡើងក្នុងគោលបំណងដើម្បីឲ្យរដ្ឋមន្ត្រីយុត្តិធម៌លោកកើតរិទ្ធអន្តរាគមន៍ទៅស្ថាប័នតុលាការផ្អាកការកោះហៅសកម្មជនគណបក្សភ្លើងទៀនដែលជាប់រឿងរ៉ាវក្ដីក្ដាំកន្លងមកជាបណ្ដោះអាសន្នសិន។ក្នុងពេលជាមួយគ្នានេះគណបក្សភ្លើងទៀនក៏គ្រោងដាក់លិខិតដោយឡែកទៅកាន់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដោះស្រាយការយាយីជាទូទៅមកលើសកម្មជនរបស់ខ្លួន។លោកសុនឆ័យអនុប្រធានគណបក្សភ្លើងទៀនបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី២៦មេសានេះថាគណបក្សរបស់លោកបានដាក់លិខិតស្នើសុំជួបលោក កើត រិទ្ធ ជាងមួយសប្ដាហ៍មកហើយ តែមិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេ។ អំឡុងពេលទន្ទឹងរង់ចាំលោកសុនឆ័យសង្ឃឹមថារដ្ឋមន្ត្រីវ័យក្មេងរូបនេះនឹងផ្ដល់ការអនុញ្ញាត្តទទួលជួបថ្នាក់ដឹកនាំគណបក្សភ្លើងទៀន។ប្រសិនបើជំនួបកើតឡើងមែនអ្នកនយោបាយចាស់វស្សារូបនេះចង់ស្នើទៅកាន់លោកកើតរិទ្ធអន្តរាគមនទៅស្ថាប័នតុលាការឲ្យផ្អាកជាបណ្ដោះអាសន្នក្នុងការកោះហៅសកម្មជនគណបក្សភ្លើងទានដែលជាប់ទាក់ទងរឿងរ៉ាវក្ដីក្ដាំកន្លងមកសិន។ បើតាមលោក សុន ឆ័យ ការស្នើសុំរបស់លោកមិនមែនបង្អាក់ដំណើររបស់តុលាការទេតែលោកចង់ឃើញសកម្មជនរបស់លោកចូលរួមធ្វើការងារទាក់ទងដំណើរការបោះឆ្នោតឲ្យបានពេញលេញសិន។ ហើយគិតមកដល់ខែមេសានេះ មន្រ្តី និងសកម្មជនគណបក្សភ្លើងទៀន១៥នាក់កំពុងរងការធ្វើទុក្ខបុកម្នេញនិងកំពុងឃុំនៅពន្ធនាគារផងដែរ។
ដំណាលគ្នានឹងការដាក់លិខិតសុំជួបរដ្ឋមន្ត្រីក្រសួងយុត្តិធម៌គណបក្សភ្លើងទៀនក៏គ្រោងដាក់លិខិតមួយផ្សេងទៀតទៅកាន់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅរសៀលថ្ងៃទី២៦មេសានេះ។ ទោះជាលិខិតថ្មីមែនពិត តែរក្សាខ្លឹមសារចាស់សុំឲ្យលោកឧបនាយករដ្ឋមន្ត្រីសខេងអន្តរាគមន៍ដោះស្រាយលើការបំភិតបំភ័យជាទូទៅមកលើសកម្មជននិងអ្នកគាំទ្រគណបក្សភ្លើងទៀននៅថ្នាក់មូលដ្ឋានដូចជាៈ ករណីព្រមានដកបណ្ណក្រីក្រ ការវាយបំផ្លាញលើស្លាកគណបក្សដែលបានកើតឡើងជាង២០ករណីគិតមកដល់ពេលនេះ។ នេះបើតាមលោកសុនឆ័យ។លោកបានបង្ហាញក្ដីព្រួយបារម្ភបន្ថែមទៀតចំពោះរូបភាពឧបទេវហេតុបង្ករឡើងដោយថ្នាក់ចរាចរណ៍កើតលើសកម្មជនគណបក្សភ្លើងទៀនដែលកើតឡើងនាពេលថ្មីៗនេះ។ ករណីនេះលោកមិនបានចោទថា ជាការរៀបចំទុកឬឧបទេវហេតុទេ តែលោកចង់ឲ្យក្រសួងធ្វើការស៊ើបអង្កេត។ ការយាយីនិងការធ្វើទុកបុកម្នេញនេះបានបង្ខំឲ្យសកម្មជនគណបក្សភ្លើងទៀនលាឈប់ពីការងាររបស់បក្សនៅថ្នាក់មូលដ្ឋាន។គួររម្លឹកថា ក្នុងពេលថ្មីៗនេះ លោក ហ៊ុនសែន ប្រមុខរដ្ឋាភិបាលកម្ពុជាបាន ស្នើឱ្យគណបក្សនយោបាយទាំងអស់មិនត្រូវបង្កើតរូបភាពហឹង្សាដោយចេតនា រឺអចេតនាណាមួយនោះទេ នាអំឡុងថ្ងៃធ្វើយុទ្ធនាការឃោសនាស្វែងរកសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ឆ្នាំ២០២២។ក្នុងនោះលោកហ៊ុនសែនអំពាវនាវឱ្យអាជ្ញាធរតាមមូលដ្ឋានត្រូវបង្កលក្ខណៈសម្បត្តិងាយស្រួលដល់គណបក្សនយោបាយទាំងអស់ក៏ព្រោះថាបរិយាកាសនយោបាយអព្យាក្រឹត្យត្រូវតែប្រកាន់ខ្ជាប់ឱ្យបានម៉ឺងម៉ាត់នៅក្នុងប្រទេសកម្ពុជា៕RFI
លោកសុនឆ័យអនុប្រធានគណបក្សភ្លើងទៀន។រូបភាពគណបក្សភ្លើងទៀន