
សម្តេចហ៊ុនសែនប្រកាសមិនចូលរួមធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ឆ្នាំ២០២២នេះទេ
ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចហ៊ុនសែននៅព្រឹកថ្ងៃទី២០មេសានេះបានបញ្ជាក់ថាសម្តេចនឹងមិនចូលរួមធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ឆ្នាំ២០២២នេះទេ។ មិនបានចូលរួមដោយសារសម្តេចហ៊ុន សែនត្រូវទៅបំពេញទស្សនកិច្ចផ្ទួនៗគ្នានៅឯក្រៅប្រទេសនាអំឡុងខែឧសភាខាងមុខនេះ។បើតាមសម្តេចហ៊ុន សែនសម្តេចចង់ទុកឱកាសនេះទៅឱ្យបេក្ខជនឬមេឃុំឈរឈ្មោះទាំងអស់ធ្វើការឃោសនាស្វែងរកសន្លឹកឆ្នោតដោយខ្លួនឯងផ្ទាល់។ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវគម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញជំហានទី៤ សម្តេចហ៊ុនសែនបានឱ្យដឹងថាយុទ្ធនាការឃោសនាស្វែងរកសម្លេងឆ្នោតដើម្បីជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់នាពេលមុខសម្តេចមិនចូលរួមធ្វើនោះទេក៏ព្រោះថាសម្តេចត្រូវទៅបំពេញទស្សនកិច្ចនិងចូលរួមកិច្ចប្រជុំកំពូលផ្ទួនៗគ្នានៅឯក្រៅប្រទេសនាខែឧសភាខាងមុខ។កិច្ចប្រជុំសំខាន់ៗដែលធ្វើឱ្យប្រមុខដឹកនាំកម្ពុជារូបនេះមិនអាចចេញមកឃោសនាបានរួមមាន៖ កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកដែលត្រូវបានឡើងនៅថ្ងៃទី១២-១៣ខែមេសាក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិកកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum)នៅទីក្រុងដាវូស ប្រទេសស្វីសនាថ្ងៃទី២១និងកិច្ចប្រជុំស្តីពីអនាគតអាស៊ីនៅទីក្រុងតូក្យូដែលនឹងត្រូវធ្វើឡើងតាមប្រព័ន្ធអនឡាញ។បើតាមសម្តេចហ៊ុនសែនហេតុផលសំខាន់មួយផ្សេងទៀតដែលលោកមិនអាចចូលរួមឃោសនាបោះឆ្នោតសម្រាប់ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ឆ្នាំ២០២២នេះដោយសារលោកចង់ផ្តល់ឱកាសឱ្យបេជ្ខជនឈរឈ្មោះបោះឆ្នោតមកពីគណបក្សនានាមានសមត្ថភាពនិងលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងគ្នាប្រកបដោយតម្លាភាពនិងសេរីភាព។សម្តេចហ៊ុនសែនក៏អំពាវនាវឱ្យអាជ្ញាមូលដ្ឋានទាំងអស់បង្កលក្ខណៈសម្បត្តិងាយស្រួលដល់ដំណើការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាខែឧសភាខាងមុខពិសេសផ្តល់សិទ្ធិពេញលេញដល់ប្រជាពលរដ្ឋក្នុងការសម្រេចចិត្តជ្រើសរើសគណបក្សដែលពួកគេពេញចិត្ត ព្រមទាំងមិនមានការគំរាមកំហែង ឬបង្ខិតបង្ខំអ្វីឡើយ។បន្ថែមពីនេះសម្តេចហ៊ុន សែន ក៏បានស្នើឱ្យគណបក្សនយោបាយទាំងអស់មិនគួរបង្កើតហិង្សាណាមួយក្នុងអំឡុងយុទ្ធនាកាឃោសនា និងការបោះឆ្នោតនាពេលខាងមុខនោះទេ។ សម្តេចតេជោលើកឡើងថាប្រជាពលរដ្ឋដឹងហើយអ្វីដឹងដែលត្រូវធ្វើនិងអ្វីមិនត្រូវធ្វើពីព្រោះនៅពេលគណបក្សប្រជាជនកម្ពុជាគ្រប់គ្រងអំណាចបងប្អូនប្រជាពលរដ្ឋ យល់ឃើញយ៉ាងម៉េច រស់នៅយ៉ាងម៉េចនិងនិយាយតាមមួយបែបថ្មីបើសិនគណបក្សប្រជាជនឈ្នះដឹកនាំប្រទេស អ្នកណា គណបក្សណាក៏រស់នៅបានដែរ។ សម្តេចតេជោបានបន្តថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅពេល ខាងមុខនេះមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន១៧។ប៉ុន្តែក៏មានគណបក្សនយោបាយមួយចំនួនមិនបានចូលរួមប្រកួតប្រជែងបោះឆ្នោតឃុំតែគាត់ត្រៀមចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រវិញ។សម្តេចតេជោបានមានប្រសាសន៍ថា “អីចឹងខ្ញុំមិនធ្វើការឃោសនានោះទេ ប៉ុន្តែសូមកុំឱ្យមានហិង្សាឱ្យសោះ នៅក្នុងដំណើរការបោះឆ្នោតនៅកម្ពុជា មិនថាហិង្សាទៅវ៉ៃតប់គ្នា ឬហិង្សាពាក្យសំដីនោះទេ”។សម្តេចតេជោបានអះអាងថាបរិយាកាសនយោបាយអព្យាក្រឹត្យពិតជាចាំបាច់ធ្វើសកម្មភាពនូវការឃោសនាបោះឆ្នោត ដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបង្កលក្ខខណៈសម្បត្តិដល់គណបក្សនយោបាយទាំងអស់ឱ្យមានគ្រប់ៗគ្នា។ ទន្ទឹមនេះ សម្ដេចតេជោបានលើកជាឧទាហរណ៍ថា បើគណបក្សប្រជាជនធ្វើការជួបជុំនៅកន្លែងណាមួយ គណបក្សផ្សេងក៏មានសិទ្ធិធ្វើការជួបគ្នានៅកន្លែងនោះដែរពោលគឺទាំងគណបក្សកាន់អំណាចនិងគណបក្សមិនកាន់អំណាចអាចធ្វើបានដូចគ្នា។សម្តេចតេជោបន្ដថាការធ្វើបែបនេះគឺបរិយាកាសនយោបាយស្ងប់ស្ងាត់នៅក្នុងពេលបោះឆ្នោតហើយជាការប្រកួតប្រជែងមួយសម្រាប់ការគ្រប់គ្រងបន្តនៅមូលដ្ឋាន។ជាមួយគ្នានោះដែរសម្តេចតេជោក៏បានបន្ថែមថាសម្រាប់ថ្ងៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ គឺនៅថ្ងៃទី២១ ខែឧសភា ដែលសម្តេចនឹងចេញដំណើរទៅក្រៅប្រទេស ហើយថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ សម្តេចនឹងត្រឡប់មកវិញ។
សូមជម្រាបថាដំណើរការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ឆ្នាំ២០២២ នឹងប្រព្រឹត្តិនៅថ្ងៃទី២១ឧសភាឆ្នាំ២០២២និងដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នឹងប្រព្រឹត្តទៅនឹងថ្ងៃទី០៥មិថុនាឆ្នាំ២០២២ ។បើតាមទិន្ន័យពីគណកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថាគជប គណបក្សចំនួន១៧ខណៈគណបក្សប្រជាជនកម្ពុជានិងគណបក្សភ្លើងទៀនបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតស្ទើតែគ្រប់ចំនួន១៦៥២ឃុំសង្កាត់៕RFI,AKP