នាយក​រដ្ឋមន្ត្រីអង់​គ្លេសសុំ​ទោសសភា

នាយករដ្ឋមន្ត្រីJohnsonបានសុំទោសសភាបន្ទាប់ពីក្លាយជាមេដឹកនាំអង់គ្លេសដំបូងគេដែលត្រូវបានផាកពិន័យចំពោះការបំពានច្បាប់ពាក់ព័ន្ធនឹងបទបញ្ជាបិទផ្លូវដើម្បីការពារCovid-19។នាយករដ្ឋមន្ត្រីអង់គ្លេសBoris Johnsonបានប្រាប់សភាជាលើកដំបូងចាប់តាំងពីត្រូវបានពិន័យកាលពីថ្ងៃទី ១២ខែមេសាថា”វាជាកំហុសរបស់ខ្ញុំហើយខ្ញុំសុំទោសចំពោះរឿងនោះ” ។លោកJohnsonបានបន្ថែមថា ប្រជាជនអង់គ្លេស”មានសិទ្ធិរំពឹងពីអ្វីដែលប្រសើរជាងមុនពីនាយករដ្ឋមន្ត្រីរបស់ពួកគេ”ប៉ុន្តែបានទទូចថាលោកនឹងបន្តធ្វើការរួមទាំងការងារដើម្បីការពារអ៊ុយក្រែនក្នុងជម្លោះជាមួយរុស្ស៊ី។
ការសម្រេចចិត្តដាក់ទណ្ឌកម្មនាយករដ្ឋមន្ត្រី Johnsonត្រូវបានធ្វើឡើងដោយប៉ូលីសទីក្រុងឡុងដ៍ ពាក់ព័ន្ធនឹងរឿងអាស្រូវនៃការជប់លៀងនៅកណ្តាលនៃបទបញ្ជាបិទទ្វារនៅការិយាល័យនាយករដ្ឋមន្ត្រីនៅផ្លូវលេខ១០Downingក្នុងខែឧសភាឆ្នាំ២០២០នៅពេលដែលចក្រភពអង់គ្លេសបានដាក់ការទប់ស្កាត់យ៉ាងតឹងរ៉ឹងចំពោះការពារ Covid-19។លោក Johnson អាចប្រឈមនឹងការផាកពិន័យបន្ថែមទៀតសម្រាប់ពិធីជប់លៀងDowningStreetមួយចំនួនទៀតក្នុងអំឡុងពេលនៃការរាំងខ្ទប់របស់ចក្រភពអង់គ្លេស។កន្លងមកប៉ូលីសបានស៊ើបអង្កេតការប្រមូលផ្តុំចំនួន ១២នៅ Downing Street និងការិយាល័យគណៈរដ្ឋមន្ត្រី បន្ទាប់ពីការស៊ើបអង្កេតផ្ទៃក្នុងបានរកឃើញថាលោក Johnson និងបុគ្គលិកបានចូលរួមពិធីជប់លៀងដែលពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងស្រវឹង។សមាជិកសភាអង់គ្លេសនឹងធ្វើការជជែកដេញដោលពិសេសមួយនៅថ្ងៃទី២១ខែមេសាថាតើនាយករដ្ឋមន្ត្រី Johnson បានបោកបញ្ឆោតសភាដែរឬទេ នៅពេលដែលកាលពីខែធ្នូឆ្នាំមុន លោកបានបដិសេធមិនបំពានច្បាប់ការពារការរាតត្បាត។ទោះ​ជា​យ៉ាង​ណាការ​សុំ​ទោស​របស់​លោក Johnson មិន​បាន​រំងាប់​រលក​នៃ​កំហឹងជាពិសេស​ពី​ក្រុម​ប្រឆាំង។ មេដឹកនាំបក្សប្រឆាំងលោក Keir Starmerបានរិះគន់លោកJohnsonថាមិនចេះ«អៀនខ្មាស់»ហើយបានជំរុញឱ្យសមាជិកសភាអភិរក្សនិយមទាមទារឱ្យនាយករដ្ឋមន្ត្រីលាលែងពីតំណែង។លោកStarmerចែករំលែកថាលោកតែងតែអនុវត្តតាមវិធាននៃការបង្ការជំងឺរាតត្បាតសូម្បីតែពេលដែលលោកបាត់បង់ឱកាសបានកាន់ដៃភរិយាដែលបានស្លាប់នៅក្នុងមន្ទីរពេទ្យក៏ដោយ។ លោក Starmer បាននិយាយថា “ពួកគេគួរតែនាំមកនូវភាពទៀងត្រង់និងភាពស្មោះត្រង់ ត្រឡប់មកនយោបាយរបស់យើងវិញ ហើយបញ្ឈប់ការបរិហារកេរ្តិ៍នៅក្នុងប្រទេសនេះ”៕យោងតាមAFP

នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson ថ្លែង​ក្នុង​សភា​នៅ​ថ្ងៃ​ទី ១៩ ខែ​មេសា។ រូបថត៖ AFP។