
រុស្ស៊ីបានបញ្ជាក់ពីគោលដៅរំដោះអ៊ុយក្រែនភាគខាងកើត
រុស្ស៊ីបានប្រកាសពីការចាប់ផ្តើមនៃប្រតិបត្តិការដំណាក់កាលទី២ដើម្បី”រំដោះ”ភាគខាងកើតអ៊ុយក្រែន និងស្ដារជីវិតដោយសន្តិភាព។ប៉ុន្តែមិនបានស្វែងរកការផ្លាស់ប្តូររបបនៅក្នុងប្រទេសនោះទេ។រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោកSergeiShoiguបាននិយាយនៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃនេះថា”យើងកំពុងអនុវត្តផែនការជាបណ្តើរៗដើម្បីរំដោះសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk” ។ «យើងកំពុងចាត់វិធានការដើម្បីស្ដារជីវិតដោយសន្តិភាព»។លោកShoiguបានចោទប្រកាន់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនថាបានព្យាយាមអូសបន្លាយអរិភាពនៅក្នុងប្រទេសអ៊ុយក្រែន។លោកបាននិយាយថា”ការកើនឡើងនៃការផ្គត់ផ្គង់សព្វាវុធពីបរទេសបង្ហាញយ៉ាងច្បាស់ថាចេតនារបស់ពួកគេគឺចង់ញុះញង់ទីក្រុងគៀវឱ្យប្រយុទ្ធជាមួយអ៊ុយក្រែនចុងក្រោយ”។រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov នៅថ្ងៃនេះបានបញ្ជាក់ថា រុស្ស៊ីបានចាប់ផ្តើមដំណាក់កាលថ្មីនៃប្រតិបត្តិការយោធារបស់ខ្លួននៅភាគខាងកើតអ៊ុយក្រែន។ យោងតាមលោកLavrovប្រទេសរុស្ស៊ីគ្មានជម្រើសអ្វីក្រៅពីធ្វើប្រតិបត្តិការនោះទេដោយសារតែកងកម្លាំងអ៊ុយក្រែនបានបង្កើនការវាយលុករបស់ពួកគេនៅក្នុងតំបន់ Donbass ដោយបង្ខំឱ្យតំបន់ដាច់ចេញពីគ្នា២គឺ Donetsk និង Lugansk សុំជំនួយពីទីក្រុងម៉ូស្គូ។លោក Lavrov បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ IndiaTodayថា”ដំណាក់កាលថ្មីនៃប្រតិបត្តិការបានចាប់ផ្តើមហើយ។ប៉ុន្តែកងកម្លាំងរុស្ស៊ីគឺផ្តោតតែទៅលើហេដ្ឋារចនាសម្ព័ន្ធយោធារបស់អ៊ុយក្រែនប៉ុណ្ណោះ” ។«យើងគ្មានផែនការសម្រាប់ការផ្លាស់ប្តូររបបនៅអ៊ុយក្រែនទេ»។ តាមលោកមានតែជនជាតិអ៊ុយក្រែនទេដែលអាចសម្រេចជោគវាសនាខ្លួនឯង។ក្រសួងការពារជាតិរុស្ស៊ីអះអាងថាបានធ្វើការវាយប្រហារតាមអាកាសរាប់សិបលើកនៅភាគខាងកើតអ៊ុយក្រែន។ ទីភ្នាក់ងារនេះបានបន្ថែមថា “កាំជ្រួចជាក់លាក់”បានវាយប្រហារទីតាំងអ៊ុយក្រែនចំនួន១៣នៅ Donbass ខណៈដែលការវាយប្រហារតាមអាកាសផ្សេងទៀត “បានវាយប្រហារទីតាំងយោធាចំនួន៦០” ។អភិបាលតំបន់ Lugansk លោក Serhiy Gaidai បាននិយាយថា កងកម្លាំងរុស្ស៊ីបានកាន់កាប់ទីក្រុង Kreminna ភាគខាងកើត។ Kreminnaដែលជាទីក្រុងដែលមានប្រជាជនច្រើនជាង១៨,០០០ស្ថិតនៅចម្ងាយប្រហែល១០០គីឡូម៉ែត្រភាគអាគ្នេយ៍នៃរដ្ឋធានីគៀវហាក់ដូចជាគោលដៅដំបូងដែលធ្លាក់ក្នុងដំណាក់កាលថ្មីនៃយុទ្ធនាការរបស់រុស្ស៊ី។រុស្ស៊ីបានបើកប្រតិបត្តិការយោធាពិសេសពីថ្ងៃទី២៤ ខែកុម្ភៈ ដើម្បី«ផ្ដាច់ហ្វាស៊ីស» «គ្មានយោធា» អ៊ុយក្រែន។នៅចុងខែមីនារុស្ស៊ីបានប្រកាសពីការបញ្ចប់នៃប្រតិបត្តិការដំណាក់កាលទី១ហើយបានដកកងកម្លាំងរបស់ខ្លួនចេញពីភាគខាងជើងអ៊ុយក្រែនដោយផ្លាស់ទីកងទ័ពរបស់ខ្លួនទៅកាន់ភាគខាងកើតនៃប្រទេស។ដំណាក់កាលថ្មីនៃយុទ្ធនាការរបស់រុស្ស៊ីផ្តោតលើតំបន់ Donbass នៅភាគខាងកើតអ៊ុយក្រែន ដែលក្រុមបំបែកខ្លួនគាំទ្រទីក្រុងម៉ូស្គូបានគ្រប់គ្រងមួយផ្នែកចាប់តាំងពីឆ្នាំ២០១៤។ ការគ្រប់គ្រង Donbass នឹងអនុញ្ញាតឱ្យក្រុងម៉ូស្គូបង្កើតច្រករបៀងនៅភាគខាងកើតទៅភាគខាងត្បូងទៅឧបទ្វីប Crimean ដែលរុស្ស៊ីបានបញ្ចូល ក្នុងឆ្នាំ២០១៤៕យោងតាម AFP, Reuters