បេក្ខជនក្រុ​ម​ប្រឹក្សាឃុំ​​គណបក្សភ្លើ​ង​ទៀ​នត្រូវ​បាន​ចា​ប់ខ្លួន​

យោងតាមការចេញផ្សាយរបស់វិទ្យុបារាំ​ងបានឲ្យដឹងថា​បេក្ខជនក្រុម​ប្រឹក្សាឃុំ​ម្នាក់ទៀតមកពីគណបក្សភ្លើងទៀនត្រូវបាន​ចាប់ខ្លួនក្រោម​ការចោទប្រកាន់ថាប្រើឧបករណ៍ឆក់ត្រីខុសច្បាប់ ខណៈដែលសកម្មជនរូបនេះបូមស្រះត្រីរបស់ខ្លួន។ប៉ុន្តែសម្រាប់គណបក្សភ្លើងទៀនចាត់ទុកការចាប់​ខ្លួននេះថាជាការគំរាមកំហែងផ្នែកនយោបាយច្រើនជាងការអនុវត្តច្បាប់​។លោក ហែម ឆិលគឺជាបេក្ខជនឈរឈ្មោះលេខរៀងទី២របស់គណបក្សភ្លើងទៀន នៅឃុំស្យា ស្រុកកណ្ដៀង ខេត្តពៅធិ៍សាត់និងកូនប្រុសម្នាក់អាយុ១៥ឆ្នាំ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ ខណៈបូមស្រះចាប់ត្រីនៅទីតាំងដីរបស់ខ្លួន។ការចាប់ខ្លួននេះត្រូវបានសមត្ថកិច្ចចោទថា«ប្រើឧបករណ៍ឆក់ត្រីខុសច្បាប់»។ប៉ុន្តែលោកសំសុគង់ជាមេធាវីការពារឲ្យគណបក្សភ្លើងទៀនចាត់ទុកករណីនេះថាជាការគំរាមកំហែងផ្នែកនយោបាយច្រើនជាងការអនុវត្តច្បាប់ដោយសារតែសកម្មជនរូបនោះគឺជាបេក្ខជនដែលត្រូវចូលរួម​ប្រកួតប្រជែងដណ្តើមអាសនៈក្រុមប្រឹក្សាឃុំស្យា​ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។បើតាមលោក សំ សុគង់ ការប្រើប្រាស់ឧបករណ៍ ក៏ដូចជាការនេសាទត្រីនៅក្នុងត្រពាំងដែលជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ មិនមែនជាអំពើល្មើសនោះទេ។ ការនេសាទខុសច្បាប់ លុះត្រាតែវាស្ថិតនៅក្នុងតំបន់ហាមឃាត់ ឬនៅតំបន់ដែលគេអភិរក្ស។កាលពីដើមខែមេសានេះ ក៏មានសមាជិក​ម្នាក់​របស់​អតីត​គណបក្ស​សង្គ្រោះជាតិដែលចូលរួម​ជាមួយគណបក្សភ្លើងទៀន លោកស្រី យក់ នាង ​ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ ​នៅ​ក្រោម​បទ​ចោទ«​រួម​គំនិត​ក្បត់​»​និង​«​ញុះ​ញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។​ គឺជាបទចោទ​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ការ​ប្រកាស​វិល​ចូល​ស្រុក​វិញ​របស់​លោក សម រង្ស៊ី កាល​ពី​ចុង​ឆ្នាំ​២០១៩។
មកទល់ពេលនេះគឺមាន​សកម្មជន​គណបក្ស​ភ្លើងទៀនយ៉ាងហោចណាស់៥​នាក់​ហើយ ត្រូវ​បានចាប់​ឃុំ​ខ្លួន​ ខណៈបេក្ខជន​ឈរឈ្មោះ​របស់​គណបក្សនេះ​ជាង​១០០​នាក់​ទៀត ត្រូវ​បានគ.ជ.ប​សម្រេច​លុបឈ្មោះ​ចេញពី​បញ្ជី​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់​។ការណ៍នេះបានញាំងឲ្យអ្នករាយការណ៍ពិសេសសិទ្ធិមនុស្សប្រចាំកម្ពុជាបារម្ភថា លំហពលរដ្ឋ និងសិទ្ធិនយោបាយនៅកម្ពុជាកាន់តែរួមតូច ខណៈដែល​ការបោះឆ្នោតឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅខែមិថុនាខាងមុខនេះ៕RFI

រូបភាពគណបក្សភ្លើងទៀន