សម្ដេចក្រឡាហោ​មសខេងអញ្ជើញជាអធិបតីដ៏​ខ្ពង់ខ្ពស់ក្នុងពិ​ធីសម្ពោធ​សមិទ្ធផ​លនានា​នៅវត្តពោ​ធិគុម្ព

នាព្រឹកថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធសមិទ្ធផលនានានៅវត្តពោធិគុម្ព ហៅវត្តជ្រៃមាន់ ស្ថិតក្នុងភូមិជ្រៃមាន់ ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង។ជាកិច្ចចាប់ផ្ដើម លោក សេង ធា អភិបាល នៃគណៈអភិបាលស្រុកពាមជរ ខេត្តព្រៃវែង បានធ្វើសេចក្តីរាយការណ៍គោរពជូនសម្ដេចក្រឡាហោម ព្រមទាំងអង្គពិធីថា ពាក់ព័ន្ធនឹងវិស័យសាសនា ស្រុកពាមជរ មានវត្តចំនួន៣០វត្ត មានព្រះសង្ឃសរុប៣១០អង្គ និងសាលាពុទ្ធិកបឋមសិក្សាមាន៣កន្លែង។ដោយឡែកនៅ វត្តពោធិគុម្ព ហៅវត្តព្រៃមាន់ បានសាងសង់សមិទ្ធិផលនានា មានដូចជា កុដិ១ខ្នង ក្លោងទ្វារវត្តចំនួន៤ របងវត្តចំនួន៩៦ប្លង់ ចាក់សាបទីធ្លាវត្ត១,២១០ម៉ែត្រការ៉េ រៀបឥដ្ឋកន្សែង ២៦៥ម៉ែត្រការ៉េ ដាក់បង្គោលភ្លើង៦០ដើម ទេព្យប្រណមចំនួន៣០រូប ប្រកនាគ១អង្គ ព្រះអង្គចេញសាងផ្នួស១ព្រះអង្គ សត្វតំណាងឆ្នាំទាំង១២ រោងបាយ១ខ្នង សាលាឆទាន១ ខ្នង បន្ទប់អនាម័យ៦បន្ទប់ ចាក់ដីបំពេញទីធ្លាចំនួន៤១៥ឡាន។នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរព្រះគុណ និងអរគុណ ព្រមទាំងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ព្រះតេជគុណចៅអធិការវត្ត អាចា្យគណៈកម្មការវត្ត ពុទ្ធបរិស័ទចំណុះជើងវត្ត ថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំរដ្ឋបាលស្រុក ឃុំ ដែលបានរួមគ្នាកសាងសមិទ្ធផលនានាក្នុងស្រុកពាមជរ និយាយជារួម និងដោយឡែកក្នុងវត្តពោធិគុម្ពនាថ្ងៃនេះ។សម្ដេចក្រឡាហោម បានមានប្រសាសន៍បន្តថា សមិទ្ធផលនេះ កើតចេញពីសាមគ្គីភាព និងជាសមិទ្ធផលសម្រាប់បំរើផលប្រយោជន៍សាធារណៈ មិនមែនសម្រាប់បុគ្គល បក្ស ឬក្រុមណានោះទេ។ សម្ដេចក្រឡាហោម ក៏បានប្រគេននិងជម្រាបជូនអង្គពីធីថា វត្តមានសម្ដេចនាពេលនេះ ជាការរួមចំណែកលើកទឹកចិត្ត ផ្សារភ្ជាប់ទំនាក់ទំនង និងចូលរួមស្វែងយល់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយមិនចាំបាច់ទាល់តែសមិទ្ធផលធំ ឬតូចនោះទេ។
សម្ដេចក្រឡាហោម ក៏បានគូសបញ្ជាក់អំពីការរីកចំរើនក្នុងស្រុកពាមជរដែលពីអតីតកាលក៏មិនខុសពីបច្ចុប្បន្នដែរ ពោលគឺពាមជរមានចម្ងាយមិនឆ្ងាយពីរាជធានីភ្នំពេញនោះទេ ប៉ុន្តែដោយសារកត្តាភូមិសាស្រ្តមានទន្លេតូច មានជំនន់ញឹកញាក់ និងមិនមានផ្លូវល្អ ក៏ធ្វើឱ្យស្រុកពាមជរហាក់នៅឆ្ងាយ។
សម្ដេចក្រឡាហោម មានប្រសាសន៍បន្តទៀតថា បច្ចុប្បន្ន រាជរដ្ឋាភិបាលក៏កំពុងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធស្ពាន និងផ្លូវជាច្រើនក្នុងស្រុកពាមជរនេះដែរ។ សម្ដេចន្ថែមថាសមិទ្ធផលដែលកើតមានឡើងជាបន្តបន្ទាប់ដូចដែលប្រជាពលរដ្ឋឃើញសព្វថ្ងៃ គឺដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី និងក៏អាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព និងស្ថិរភាព ដែលធ្វើឱ្យសេដ្ឋកិច្ច និងសង្គមរីកចំរើន។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម ក៏បានសង្កត់ធ្ងន់ថាឱកាសដែលកម្ពុជាមានសព្វថ្ងៃនេះ មិនមែនបានមកដោយងាយៗនោះទេដ្បិតកម្ពុជាឆ្លងកាត់ការលំបាកច្រើនណាស់ទម្រាំអាចកសាងបានសុខសន្តិភាពដូចពេលនេះ និងបានចំណាយពេលវេលារាប់សិបឆ្នាំ ចំណាយសាច់ស្រស់ឈាមស្រស់ ព្រមទាំងអាយុជីវិតមនុស្សជាច្រើននាក់ ទម្រាំងអាចឈានមកដល់ដំណាក់កាលដូចបច្ចុប្បន្ន។ សម្ដេចបានអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាការពារសុខសន្តិភាពជាបន្តទៀត។
សម្ដេចក្រឡាហោមបានមានប្រសាសន៍ថាការខិតខំស្ថាបនាផ្លូវស្ពានគ្រប់មូលដ្ឋានប្រជាពលរដ្ឋនេះក៏ជាផ្នែកមួយនៃការការពារសុខសន្តិភាពដែរ។ សម្ដេចបន្តថាគោលដៅរាជរដ្ឋាភិបាល ធ្វើយ៉ាងណាត្រូវធ្វើផ្លូវបេតុង ឬផ្លូវកៅស៊ូឱ្យដល់ភូមិ ដល់ផ្ទះប្រជាពលរដ្ឋគ្រប់មូលដ្ឋាន។ សម្ដេចបន្ថែមថាមដល់បច្ចុប្បន្ន កម្ពុជាកំពុងធ្វើដំណើរជិតដល់គោលដៅនេះហើយ ដ្បិតបើធៀបនឹងស្ថានភាពពីមុន គោលដៅនេះនៅមិនទាន់មើលឃើញកោះត្រើយនោះទេ។
លើសពីនេះទៀត សម្ដេចក្រឡាហោម ក៏បានគូសបញ្ជាក់អំពីលទ្ធផលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកម្ពុជាសម្រេចបានប្រកបដោយវឌ្ឍនភាព បើធៀបនឹងបណ្ដាប្រទេសជាច្រើនលើពិភពលោក។ សម្ដេចបន្ថែមថាជោគជ័យនៃការគ្រប់គ្រងជំងឺកូវីដ-១៩នេះ បានធ្វើឱ្យកម្ពុជាអាចបើកដំណើរការសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញ ដែលជាបច្ច័យល្អដល់ការរីកចំរើន រួមទាំងជីវភាពប្រជាពលរដ្ឋ។
ភ្ជាប់ទៅនឹងរដូវកាលចូលឆ្នាំថ្មីនេះដែរ សម្ដេចក្រឡាហោមបានអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់គោរពច្បាប់ចរាចរណ៍ ពីព្រោះជាមធ្យមមានមនុស្សស្លាប់ចំនួន៥នាក់រាល់ថ្ងៃ ហើយអាចមានកំណើនថែមទៀតផងដែរនៅក្នុងឱកាសនៃការធ្វើចរាចរណ៍ក្នុងពិធីបុណ្យធំៗដូចជាបុណ្យចូលឆ្នាំថ្មីនេះជាដើម។ សម្ដេចក៏អំពាវនាវឱ្យចៀសវាងការបង្កហិង្សាដាក់គ្នាក្នុងពេលជួបជុំ ដូចជាការរាំងលេងកំសាន្ត ទទួលទានគ្រឿងស្រវឹងជាដើម។
ទទ្ទឹមនេះដែរ សម្ដេចក្រឡាហោម ក៏បានអំពាវនាវដល់អាជ្ញាធរ សមត្ថកិច្ច និងប្រជាពលរដ្ឋ ឱ្យចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងបន្តចូលរួមបង្កាទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩បន្តទៀត ទោះបីស្ថានភាពជំងឺមានភាពធូរស្រាលខ្លះក៏ដោយ។ សម្ដេច ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទទួលការចាក់វ៉ាក់សាំងឱ្យបានទៀងទាត់តាមការណាត់របស់ក្រុមគ្រូពេទ្យ ដ្បិតវ៉ាក់សាំងនេះជាបង្អែកដ៏រឹងមាំក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះ៕
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា