
គ.ជ.បនៅតែបន្តរក្សាជំហរលុបខណៈដែលគណបក្សភ្លើងទៀននឹងតស៊ូមតិតវ៉ា
បន្ទាប់ពីគណបក្សភ្លើងទៀនបានដាក់លិខិតស្នើសុំជួបពិភាក្សាជាមួយគ.ជ.ប កាលពីពេលថ្មីៗនេះ។គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានជួបជជែកជាមួយគណបក្សភ្លើងទៀននៅព្រឹកថ្ងៃចន្ទនេះដើម្បីតតាំងពីការលុបបញ្ជីឈ្មោះបេក្ខជនរបស់គណបក្សភ្លើងទៀនចំនួន១១ឃុំ-សង្កាត់។ជាលទ្ធផលខាងតំណាង គ.ជ.ប នៅតែបន្តរក្សាជំហរលុបបញ្ជីឈ្មោះបេក្ខជនទាំង១១ឃុំ-សង្កាត់ ខណៈដែលគណបក្សភ្លើងទៀនអះអាងថានឹងបន្តតស៊ូមតិតវ៉ា។ចំណុចដែលបន្តប្រទាំងប្រទិសនិងលើកមកជជែកពេលនេះគឺការលុបបញ្ជីឈ្មោះបេក្ខជនរបស់គណបក្សភ្លើងទៀនចំនួន១១ឃុំ-សង្កាត់។លោកសុនឆ័យអនុប្រធានគណបក្សភ្លើងទៀនចាត់ទុកសកម្មភាពនេះថាជាទង្វើអយុត្តិធម៌។ អយុត្តិធម៌ត្រង់ថាមានបេក្ខជនដែលមិនគ្រប់លក្ខ័ន្តិកៈតែ២ឬប៣នាក់ បែរជាលុបបញ្ជីឈ្មោះទាំងស្រុង ដែលមានបេក្ខជនជាង១៥នាក់។ នេះបើតាមការអះអាងរបស់ លោក សុន ឆ័យ ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្រោយជំនួបជាមួយ គ.ជ.ប នៅថ្ងៃនេះ។បើតាមអនុប្រធានគណបក្សភ្លើងទៀនរូបនេះ គ.ជ.ប គួរតែអនុញ្ញាតឲ្យបក្សភ្លើងទៀនបានរៀបចំបញ្ជីបេក្ខជនថ្មីសម្រាប់ឈរឈ្មោះនៅឃុំ-សង្កាត់ ដែលមានបញ្ហានោះ។ ហើយប្រសិនបើបញ្ហានេះនៅតាមមិនមានដំណោះស្រាយ លោក សុន ឆ័យ ថានឹងបន្តជួបជជែកតតាំងជាមួយ គ.ជ.ប ជាបន្តទៀត។ការសម្រេចលុបបញ្ជីបេក្ខជនឈរឈ្មោះគណបក្សភ្លើងទៀន ចំនួន១១ឃុំ-សង្កាត់ ដោយមានរាជធានីភ្នំពេញចំនួន៨កំពង់ចាមចំនួន២និងពោធិ៍សាត់ចំនួន១ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លើកឡើងថា ខុសពីលក្ខន្តិកៈដែលចែងក្នុងច្បាប់ស្តីពីការបោះឆ្នោត។ ភាគីគ.ជ.ប បានបញ្ជាក់ថា បេក្ខជនទាំងនោះ ភាគច្រើនត្រូវបានគេបំពេញប្រវត្តិរូបជំនួស ខណៈដែលបេក្ខជនខ្លះទៀតអះអាងថា គណបក្សភ្លើងទៀនបានដាក់បញ្ជីឈ្មោះរបស់ខ្លួន ដោយមិនប្រាប់សាមីខ្លួន។យ៉ាងណាមិញ អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ បានលើកឡើងដែរថា ជំនួបជាមួយគ.ជ.ប ទទួលបានលទ្ធផលផ្លែការមួយចំនួន ដោយតំណាងគ.ជ.ប បានស្តាប់ពីបញ្ហាដែលគណបក្សភ្លើងទៀនបានជួបប្រទះ ហើយក៏ទទួលយកសំណើរមួយចំនួនទៅពិចារណាគិតគូរបន្តទៀតដែរ។ ក្នុងជំនួបអស់ពេលជាងមួយព្រឹកជាមួយ គ.ជ.ប គណបក្សភ្លើងទៀនបញ្ជាក់ពីការជជែកលើការលុបបញ្ជីឈ្មោះបេក្ខជនរបស់គណបក្សភ្លើងទៀន បញ្ហាបំភិតបំភ័យបេក្ខជនបញ្ហារាប់សន្លឹកឆ្នោតនៅតាមការិយាល័យ និងបញ្ហាមួយចំនួននៅតាមឃុំ-សង្កាត់។ នេះបើតាមការអះអាងរបស់ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន។ដោយឡែកគណបក្សប្រជាជនកម្ពុជា (CPP) ដែលកំពុងកាន់អំណាចបានបង្ហាញការជឿជាក់ថាឧបាយកល៍ដែលគណបក្សប្រឆាំងនឹងប្រើប្រាស់ដើម្បីបំផ្លាញដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នឹងត្រូវបរាជ័យ ដោយថាប្រជាជនកម្ពុជាដឹងច្បាស់ពីមហិច្ឆតារបស់ពួកគេ។ទោះយ៉ាងណា មេដឹកនាំបក្សប្រឆាំងមួយចំនួនកាលពីសប្តាហ៍មុនបានពណ៌នាការអះអាងរបស់ CPP ថា គ្មានមូលដ្ឋាន និងជា«វោហាសាស្ត្រនយោបាយ»ក្នុងគោលបំណងលាបពណ៌គណបក្សប្រឆាំង។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។រូបភាពKhmerTime
ក្នុងបទសម្ភាសន៍ជាមួយខ្មែរថាមស៍ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានចោទប្រកាន់គណបក្សប្រឆាំងថាបានបង្កើតបរិយាកាសមិនល្អមុនការបោះឆ្នោត និងទម្លាក់កំហុសមកលើគណបក្សកាន់អំណាច។
គណបក្សប្រឆាំងបានចោទប្រកាន់មន្ត្រី និងអាជ្ញាធរមូលដ្ឋានរបស់ CPP ថាបានដាក់សម្ពាធលើបេក្ខជនសមាជិកក្រុមប្រឹក្សារបស់ខ្លួនឲ្យដកខ្លួនចេញពីការប្រជែង ហើយបន្តការចាប់ខ្លួនសកម្មជននៅតាមមូលដ្ឋានរបស់ខ្លួន ខណៈគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានដកបេក្ខភាពបក្សប្រឆាំងជាង១០០នាក់ពីបញ្ជី ធ្វើឲ្យគណបក្សប្រជាជនកម្ពុជាអាចចូលរួមការបោះឆ្នោតក្នុងឃុំសង្កាត់មួយចំនួនដោយមិនមានគូប្រជែង។
លោកនិយាយថា៖ «ប្រជាជននឹងមិនបោះឆ្នោតឲ្យគាត់ទេ ពួកគេគ្មានគុណសម្បត្តិ ហើយថែមទាំងអុកឡុកសភាពការណ៍ ដូចជាការចោទប្រកាន់មកគណបក្សកាន់អំណាចថាបានយាយីដៃគូប្រកួតប្រជែងធ្វើឲ្យបរិយាកាសនយោបាយឆ្ពោះទៅរកការបោះឆ្នោតអាប់អ៊ួរ។ ល្បិចកល៍ទាំងអស់ប្រជាជនបានដឹងអស់ហើយ»។
CPP បានចោទគណបក្សប្រឆាំងថាត្រៀមលក្ខណៈដើម្បីឡាំប៉ាលើលទ្ធផលបោះឆ្នោត ប្រសិនបើពួកគេចាញ់ការបោះឆ្នោតបន្ទាប់ពីការលើកឡើងពីបរិយាកាសនយោបាយមិនល្អមុនការបោះឆ្នោត។
លោក ឥសាន និយាយថា៖ «ប្រជាជនដឹងពីក្រយ៉ៅរបស់ពួកគាត់អស់ហើយដូច្នេះផែនការរបស់ពួកគាត់នឹងមិនជោគជ័យទេ»។លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជូនដំណឹងដល់អាជ្ញាធរទូទាំងប្រទេស ដើម្បីធានាថា គណបក្សនយោបាយដែលបានចុះបញ្ជីទាំងអស់មិនត្រូវបានរារាំងក្នុងសកម្មភាពរបស់ខ្លួនដែលឈានទៅដល់ការបោះឆ្នោតដែលបានគ្រោងធ្វើនៅឆ្នាំនេះ និងឆ្នាំក្រោយផងដែរ។លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងសុន្ទរកថាជាសាធារណៈកាលពីពេលថ្មីៗនេះ ក៏បានអំពាវនាវដល់អាជ្ញាធររាជធានី-ខេត្តទាំងអស់ ផ្តល់បរិយាកាសអំណោយផល សម្រាប់គ្រប់ភាគីគណបក្សក្នុងការជួបសមាជិក និងលើកបដាដូចគណបក្សកាន់អំណាចដែរ។
ជាថ្មីម្តងទៀតលោក ឥសាន បានគាំទ្រការសម្រេចរបស់ គ.ជ.ប ក្នុងការបដិសេធ និងដកបេក្ខភាពក្រុមប្រឹក្សាជាង ១០០ នាក់មកពីបីគណបក្សប្រឆាំង។គ.ជ.ប បានការពារសេចក្តីសម្រេចរបស់ខ្លួនក្នុងការបដិសេធ និងដកឈ្មោះបេក្ខជនចេញពីគណបក្សប្រឆាំងចំនួនបី ដែលបានចុះឈ្មោះចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតថ្នាក់ក្រោមជាតិ ដោយថាចំណាត់ការនេះគឺត្រឹមត្រូវ យុត្តិធម៌ និងអព្យាក្រឹត។លោក ឥសាន លើកឡើងថា៖ «ការដកបេក្ខភាពក្រុមប្រឹក្សារបស់ពួកគាត់គឺធ្វើឡើងស្របទៅតាមច្បាប់ ដោយមិនមានការគៀបសង្កត់ ឬរំលោភបំពាន ឬរឹតត្បិតគណបក្សគូប្រជែងនោះទេ។ ក៏ប៉ុន្តែពួកគេខិលខូច ហើយធ្វើសម្មភាពបន្លំ ហើយនៅពេលដែលគេរកឃើញការពិត គេចាត់វិធានការតាមផ្លូវច្បាប់ហើយ»។លោក ថាច់ សេដ្ឋា អនុប្រធាន និងជាអ្នកនាំពាក្យគណបក្សភ្លើងទៀន បាននិយាយថា លោកចាត់ទុកការលើកឡើងរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថាជា«វោហាសាស្ត្រយោបាយ»។លោកបន្តថា៖ «ខ្ញុំមិនចង់ឆ្លើយនឹងវោហាសាស្ត្រនយោបាយអវិជ្ជមានបែបនេះទេ ពីព្រោះគណបក្សកាន់អំណាចកន្លងមក គ្រាន់តែគេធ្វើសកម្មភាពត្រឹមត្រូវក៏ចោទប្រកាន់គេយ៉ាងនេះ យ៉ាងនោះ ចាប់គេដាក់គុកចោទគេថាក្បត់»។
លោកបន្ថែមថា៖ «រឿងពិតនៅតែពិត វាមិនអាចបិទបាំងបានទេ។ អ្វីដែលគាត់លើកឡើងគឺជារឿងរបស់គាត់ អ្វីដែលជាការពិតយើងនឹងរកដំណោះស្រាយជាមួយក្រសួងមហាផ្ទៃ។»លោកនិយាយថាគណបក្សកាន់អំណាចគួរចៀសវាងការចោទប្រកាន់ដោយគ្មានមូលដ្ឋានលើគណបក្សប្រឆាំង។លោកថា៖ «បើគាត់ជាគណបក្សស្នេហាជាតិ គិតពីរឿងជាតិដែរ គាត់មិនគួរប្រើភាសាបែបនេះទេ ត្រូវជជែកគ្នារកដំណោះស្រាយ»។តាមលោក សេដ្ឋា រហូតមកដល់ពេលនេះ សកម្មជនគណបក្សភ្លើងទៀនចំនួន ៤នាក់ត្រូវបានអាជ្ញាធរមូលដ្ឋានចាប់ខ្លួន។លោក ឥសាន បាននិយាយថាគណបក្សប្រឆាំងគួរតែដោះស្រាយកង្វល់របស់ពួកគេជាមួយ គ.ជ.ប ដើម្បីស្វែងរកដំណោះស្រាយជាជាងការត្អូញត្អែរ។លោកបន្តថា៖«ពួកគេពឹងពាក់ប្រព័ន្ធផ្សព្វផ្សាយនៅក្រៅប្រទេសដើម្បីជួយស្រែក។ វាជាឧបាយកល៍ដើម្បីបង្កើតបរិយាកាសសប្បនិមិត្តឲ្យអាប់អ៊ួរឆ្ពោះទៅរកការបោះឆ្នោត ក្នុងគោលដៅបន្លំប្រជាជន បន្លំមតិ និងអន្តរជាតិ ហើយនឹងគ្មាននរណាគេជឿទេ»។គ.ជ.ប បានលុបឈ្មោះបេក្ខជនជាង ១០០ នាក់ដែលមកពីគណបក្សភ្លើងទៀន (CP) គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ (BSDP) និងគណបក្សឆន្ទៈខ្មែរ (KWP) ដោយកត់សម្គាល់ថា បេក្ខជនទាំងនោះមិនចេះអក្សរ និងមិនអាចបំពេញទម្រង់បែបបទចុះឈ្មោះដោយខ្លួនឯងបាន។
លោក ហង្ស ពុទ្ធា ធ្លាប់បាននិយាយនៅដើមសប្តាហ៍មុនថា៖ «សេចក្ដីសម្រេចទាំងអស់សុទ្ធតែមានការពិភាក្សាគ្នាច្បាស់លាស់ ដោយផ្អែកលើអង្គហេតុ និងអង្គច្បាប់ ត្រឹមត្រូវ ដូច្នេះការចោទប្រកាន់ណាមួយនោះ គ.ជ.ប សូមបដិសេដ។ សូមឲ្យសាម៉ីគណបក្សពិនិត្យខ្លួនឯង ថាតើគណបក្សមានបញ្ហាអ្វីខ្លះក្នុងការចុះបញ្ជីបេក្ខជន។ ការសម្រេចរបស់គ.ជ.ប គឺធ្វើឡើងដោយត្រឹមត្រូវ និងយុត្តិធម៌ និងគ្មានលំអៀងទៅគណបក្សនយោបាយណាមួយឡើយ»៕RFI,KhmerTime
លោកសុនឆ័យអនុប្រធានគណបក្សភ្លើងទៀន។រូបភាព៖គណបក្សភ្លើងទៀន