
ចិនរិះគន់ការសម្រេចចិត្តដករុស្ស៊ីចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ
ប្រទេសចិននិយាយថាការព្យួររុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិគឺជា”នយោបាយ” ដែលនឹងបង្កើត”គំរូថ្មីដ៏គ្រោះថ្នាក់”។អ្នកនាំពាក្យក្រសួងការបរទេសចិនលោកZhao Lijian បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃទី០៨ខែមេសាថា”ការសម្រេចចិត្តព្យួរប្រទេសរុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនឹងធ្វើឱ្យកាន់តែធ្ងន់ធ្ងរដល់ការបែកបាក់ក្នុងចំណោមរដ្ឋសមាជិកនិងបង្កើតគំរូថ្មីមួយដ៏គ្រោះថ្នាក់”។លោកZhaoក៏បានបញ្ជាក់ដែរថា ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការធ្វើនយោបាយលើបញ្ហាសិទ្ធិមនុស្សនិងការប្រើប្រាស់បញ្ហាសិទ្ធិមនុស្សដើម្បីដាក់សម្ពាធលើប្រទេសដទៃទៀត។មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី០៧ខែមេសាបានបោះឆ្នោតព្យួររុស្ស៊ីចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សដោយសារយុទ្ធនាការយោធារបស់ខ្លួននៅអ៊ុយក្រែន។ បន្ទាប់ពីមហាសន្និបាតបានអនុម័តសេចក្តីសម្រេចនេះតំណាងរុស្ស៊ីបានប្រកាសដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស។នៅមុនការបោះឆ្នោតឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិលោក Zhang Jun បានរំលឹកឡើងវិញនូវជំហររបស់ប្រទេសរបស់លោកចំពោះយុទ្ធនាការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន ដែលបានបដិសេធមិនថ្កោលទោសទីក្រុងម៉ូស្គូនិងបានរិះគន់ទណ្ឌកម្មរបស់លោកខាងលិចជាបន្តបន្ទាប់ថា “បង្កើតតែបញ្ហាថ្មីនិងស្មុគស្មាញ”។ ប្រទេសចិនគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន២៤ដែលបានបោះឆ្នោតប្រឆាំងនឹងការព្យួររុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ការបោះឆ្នោតនេះបានកើតឡើងបន្ទាប់ពីប្រទេសអ៊ុយក្រែននិងប្រទេសលោកខាងលិចបានចោទប្រកាន់កងកម្លាំងរុស្ស៊ីថាបានសម្លាប់ជនស៊ីវិលរាប់រយនាក់ក្នុងក្រុង Bucha ជាក្រុងមួយភាគពា័យព្យនៃរដ្ឋធានីគៀវ។វិមានក្រឹមឡាំងបានបដិសេធការចោទប្រកាន់នេះ ដោយនិយាយថានេះជាព័ត៌មានដែលរៀបចំដោយអ៊ុយក្រែនដើម្បី”បង្ខូចកិត្តិយសរុស្ស៊ី” រំខានដល់ដំណើរការចរចាសន្តិភាពក៏ដូចជាធ្វើឱ្យមានភាពស្របច្បាប់ចំពោះការដាក់ទណ្ឌកម្មដ៏តឹងរ៉ឹងជាមួយទីក្រុងម៉ូស្គូ។ចាប់តាំងពីប្រធានាធិបតីរុស្ស៊ីលោកVladimirPutinបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនកាលពីថ្ងៃទី២៤ខែកុម្ភៈមកប្រទេសចិនបានរក្សាការឆ្លើយតបអព្យាក្រិតដោយអំពាវនាវឱ្យភាគីទាំងអស់អនុវត្តការអត់ធ្មត់និងដោះស្រាយជម្លោះដោយសន្តិវិធី។ទីក្រុងប៉េកាំងមិនរិះគន់ទីក្រុងម៉ូស្គូជាចំហ និងមិនចូលរួមក្នុងការដាក់ទណ្ឌកម្មរបស់លោកខាងលិចជាបន្តបន្ទាប់ប្រឆាំងនឹងរុស្ស៊ីបានបដិសេធពីឯកសារ៣មុនរបស់អង្គការសហប្រជាជាតិស្តីពីសង្រ្គាមនៅអ៊ុយក្រែនរួមទាំងសេចក្តីព្រាងមួយនៅក្នុងក្រុមប្រឹក្សាសន្តិសុខនិងដំណោះស្រាយ២នៅក្នុងមហាសន្និបាត៕យោងតាម SCMP
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកZhao Lijian។រូបភាពAP